គម្ពីរសញ្ញាថ្មី

យ៉ូហាន 9:6-20 Khmer Christian Bible (KCB)

6. ពេល​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នោះ​រួច​ហើយ​ ព្រះអង្គ​ក៏​ស្តោះ​ទឹក​មាត់​ទៅ​លើ​ដី​ ហើយ​យក​ទឹក​មាត់​ធ្វើ​ជា​ភក់​លាប​លើ​ភ្នែក​របស់​បុរស​នោះ​

7. រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ទៅ​លាង​ក្នុង​ស្រះ​ស៊ីឡោម​ចុះ» ​(ពាក្យ​ស៊ីឡោម​ មាន​ន័យ​ថា​ ចាត់​ឲ្យ​ទៅ)​ ដូច្នេះ​ គាត់​ក៏​ទៅ​លាង​ហើយ​ត្រលប់​មក​វិញ​ ទាំង​មើល​ឃើញ។​

8. នោះ​ពួកអ្នក​ជិត​ខាង​ និង​ពួកអ្នក​ដែល​ធ្លាប់​ឃើញ​គាត់​ជា​អ្នក​សុំទាន​ពី​ដើម​មក​បាន​និយាយ​ថា៖​ «តើ​បុរស​នេះ​មិន​មែន​ជា​អ្នក​ដែល​ធ្លាប់​តែ​អង្គុយ​សុំទាន​ទេ​ឬ?»​

9. អ្នក​ខ្លះ​ថា៖​ «គឺ​គាត់​ហ្នឹង​ហើយ!»​ អ្នក​ខ្លះ​ទៀត​ថា៖​ «ទេ!​ គាត់​គ្រាន់​តែ​ស្រដៀង​នឹង​អ្នក​នោះ!»​ ប៉ុន្ដែ​គាត់​ឆ្លើយ​ថា៖​ «ខ្ញុំ​ហ្នឹង​ហើយ!»

10. ដូច្នេះ​ពួកគេ​ក៏​សួរ​គាត់​ថា៖​ «តើ​ដូចម្តេច​បាន​ជា​ភ្នែក​របស់​អ្នក​ភ្លឺ?»​

11. បុរស​នោះ​ឆ្លើយ​ថា៖​ «មាន​ម្នាក់​ឈ្មោះ​យេស៊ូ​បាន​ធ្វើ​ភក់​លាប​ភ្នែក​របស់​ខ្ញុំ​ រួច​ប្រាប់​ខ្ញុំ​ឲ្យ​ទៅ​លាង​នៅ​ក្នុង​ស្រះ​ស៊ីឡោម​ ដូច្នេះ​ខ្ញុំ​បាន​ទៅ​លាង​ ហើយ​ក៏​មើល​ឃើញ»​

12. ពួកគេ​សួរ​គាត់​ទៀត​ថា៖​ «តើ​អ្នក​នោះ​នៅ​ឯណា?»​ គាត់​ឆ្លើយ​ថា៖​ «ខ្ញុំ​មិន​ដឹង​ទេ!»

13. ពួកគេ​ក៏​នាំ​បុរស​ខ្វាក់​ភ្នែក​កាល​ពីមុន​នោះ​ទៅ​ជួប​ពួកអ្នក​ខាង​គណៈ​ផារិស៊ី។​

14. ថ្ងៃ​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​ភក់​ ហើយ​ប្រោស​ភ្នែក​របស់​គាត់​ឲ្យ​ភ្លឺ​ គឺ​ចំ​ថ្ងៃ​សប្ប័ទ។​

15. ដូច្នេះ​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​បាន​សួរ​គាត់​ម្តង​ទៀត​ អំពី​របៀប​ដែល​ធ្វើ​ឲ្យ​គាត់​មើល​ឃើញ​ នោះ​គាត់​ប្រាប់​ពួកគេ​វិញ​ថា៖​ «គាត់​បាន​យក​ភក់​មក​លាប​លើ​ភ្នែក​របស់​ខ្ញុំ​ រួច​ខ្ញុំ​បាន​ទៅ​លាង​ ហើយ​ក៏​មើល​ឃើញ»។​

16. ពេល​នោះ​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ខ្លះ​និយាយ​ថា៖​ «អ្នក​នោះ​មិន​មែន​មកពី​ព្រះជាម្ចាស់​ទេ​ ពី​ព្រោះ​គាត់​មិន​គោរព​ថ្ងៃ​សប្ប័ទ»​ ប៉ុន្ដែ​មាន​អ្នក​ខ្លះ​ទៀត​ថា៖​ «តើ​មនុស្ស​បាប​អាច​ធ្វើ​ទី​សំគាល់​អស្ចារ្យ​បែប​នេះ​បាន​យ៉ាង​ដូចម្ដេច?»​ នោះ​ក៏​មាន​ការ​បែក​បាក់​គ្នា​ក្នុង​ចំណោម​ពួកគេ។​

17. ពួកគេ​ក៏​សួរ​បុរស​ខ្វាក់​ភ្នែក​ពីមុន​នោះម្តង​ទៀត​ថា៖​ «តើ​អ្នក​គិត​ថា​ អ្នក​ដែល​ធ្វើ​ឲ្យ​ភ្នែក​របស់​អ្នក​ភ្លឺ​នោះ​ជា​នរណា?» ​គាត់​ឆ្លើយ​ថា៖​ «គាត់​ជា​អ្នក​នាំ​ព្រះបន្ទូល»។​

18. ប៉ុន្ដែ​ពួក​ជនជាតិ​យូដា​មិន​ជឿ​ថា​គាត់​ជា​មនុស្ស​ខ្វាក់​ ហើយ​បាន​មើល​ឃើញ​វិញ​ទេ​ ដូច្នេះ​ក៏​ហៅ​ឪពុក​ម្តាយ​របស់​គាត់​ដែល​មាន​ភ្នែក​ភ្លឺ​នោះ​មក​

19. សួរ​ថា៖​ «តើ​អ្នក​នេះ​ជា​កូន​ប្រុស​របស់​ពួកអ្នក​ ដែល​ពួកអ្នក​បាន​ប្រាប់​ថា​ ខ្វាក់​ភ្នែក​ពី​កំណើត​ឬ​ ចុះ​ឥឡូវ​នេះ​ ដូចម្ដេច​បាន​ជា​គាត់​មើល​ឃើញ?»​

20. ឪពុក​ម្តាយ​របស់​គាត់​ឆ្លើយ​ថា៖​ «យើង​ព្រម​ទទួល​ថា​ នេះ​ជា​កូន​ប្រុស​របស់​យើង​ ហើយ​វា​ពិត​ជា​ខ្វាក់​ពី​កំណើត​មែន!​

សូមអានជំពូកពេញលេញ យ៉ូហាន 9