គម្ពីរសញ្ញាថ្មី

យ៉ូហាន 9:24-39 Khmer Christian Bible (KCB)

24. ដូច្នេះ​ ពួកគេ​ក៏​ហៅ​បុរស​ខ្វាក់​ភ្នែក​ពីមុន​នោះ​មក​ជា​លើក​ទី​ពីរ​ ប្រាប់​ថា៖​ «ចូរ​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះជាម្ចាស់​ដោយ​និយាយ​ការ​ពិត​ចុះ​ ដ្បិត​យើង​ដឹង​ថា​ អ្នក​នោះ​ជា​មនុស្ស​បាប​»​

25. គាត់​ឆ្លើយ​ថា៖​ «ខ្ញុំ​មិន​ដឹង​ថា​ តើ​អ្នក​នោះ​ជា​មនុស្ស​បាប​ ឬ​យ៉ាង​ណា​ទេ​ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​ ពីមុន​ខ្ញុំ​ខ្វាក់​ភ្នែក​ ប៉ុន្ដែ​ឥឡូវ​នេះ ​ខ្ញុំ​មើល​ឃើញ»​

26. ពួកគេ​ក៏​សួរ​គាត់​ទៀត​ថា៖​ «តើ​អ្នក​នោះ​បាន​ធ្វើ​អ្វី​ឲ្យ​អ្នក?​ តើ​គាត់​ធ្វើ​ឲ្យ​ភ្នែក​របស់​អ្នក​ភ្លឺ​ដោយ​របៀប​ណា?»​

27. គាត់​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​បាន​ប្រាប់​អស់​លោក​រួច​ហើយ​ ប៉ុន្ដែ​អស់​លោក​ពុំ​ស្តាប់​ខ្ញុំ​ទេ​ ហេតុអ្វី​បាន​ជា​អស់​លោក​ចង់​ស្តាប់​ម្តង​ទៀត​ តើ​អស់​លោក​ចង់​ធ្វើ​ជា​សិស្ស​របស់​គាត់​ដែរ​ឬ?»​

28. ពួកគេ​ក៏​ប្រមាថ​គាត់​ថា៖​ «ឯង​ទេ​ ជា​សិស្ស​របស់​អ្នក​នោះ​ រីឯ​យើង​វិញ​ ជា​សិស្ស​របស់​លោក​ម៉ូសេ​

29. ព្រោះ​យើង​ដឹង​ថា​ ព្រះជាម្ចាស់​បាន​មាន​បន្ទូល​មក​លោក​ម៉ូសេ​ពិត​មែន​ ប៉ុន្ដែ​អ្នក​នោះ​វិញ​ យើង​មិន​ដឹង​ថា​មកពី​ណា​ទេ!»​

30. បុរស​នោះ​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «រឿង​នេះ​ចម្លែក​ណាស់​ ដែល​អស់​លោក​មិន​ដឹង​ថា​គាត់​មកពី​ណា​ ប៉ុន្ដែ​គាត់​បាន​ធ្វើ​ឲ្យ​ភ្នែក​ខ្ញុំ​ភ្លឺ។​

31. យើង​ដឹង​ស្រាប់​ហើយ​ថា​ ព្រះជាម្ចាស់​មិន​ស្តាប់​មនុស្ស​បាប​ទេ​ ប៉ុន្ដែ​បើ​មាន​អ្នកណា​ម្នាក់​កោតខ្លាច​ព្រះជាម្ចាស់​ ហើយ​ធ្វើ​តាម​បំណង​របស់​ព្រះអង្គ​ ទើប​ព្រះអង្គ​ស្តាប់​អ្នក​នោះ​

32. តាំងពី​ដើម​មក​មិន​ដែល​ឮ​ថា​ មាន​អ្នកណា​ម្នាក់​ធ្វើ​ឲ្យ​ភ្នែក​របស់​មនុស្ស​ខ្វាក់​ពី​កំណើត​ភ្លឺ​ឡើយ​

33. ដូច្នេះ​បើ​គាត់​មិន​មែន​មកពី​ព្រះជាម្ចាស់​ទេ​ គាត់​ពុំ​អាច​ធ្វើ​អ្វី​បាន​ឡើយ»​

34. ពួកគេ​ឆ្លើយ​តប​ទៅ​គាត់​ថា៖​ «ឯង​កើត​មក​មាន​បាប​ទាំង​ស្រុង​ តើ​ឯង​កំពុង​បង្រៀន​យើង​ឬ?»​ រួច​ពួកគេ​ក៏​បណ្តេញ​គាត់​ចេញ។​

35. កាល​ព្រះ​យេស៊ូ​ឮ​ថា ពួកគេ​បណ្តេញ​គាត់​ចេញ នោះ​ពេល​ព្រះអង្គ​ជួប​គាត់ ព្រះអង្គ​ក៏​មានបន្ទូល​សួរ​ថា​៖ «​តើ​អ្នកជឿលើ​កូនមនុស្សដែរឬទេ?»​

36. គាត់​ទូល​ឆ្លើយ​ថា៖​ «លោក​ម្ចាស់​អើយ!​ តើ​កូន​មនុស្ស​ជា​នរណា​ ដែល​អាច​ឲ្យ​ខ្ញុំ​ជឿ​គាត់​បាន?»​

37. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​បាន​ឃើញ​គាត់​ហើយ​ គឺ​អ្នក​ដែល​កំពុង​និយាយ​ជាមួយ​អ្នក​នេះ​ហើយ​ ជា​កូន​មនុស្ស»​

38. គាត់​ក៏​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ ខ្ញុំ​ជឿ​ហើយ!»​ រួច​គាត់​ក៏​ថ្វាយបង្គំ​ព្រះអង្គ។​

39. ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​បាន​មក​ក្នុង​ពិភពលោក​នេះ​ដើម្បី​ជំនុំជម្រះ​ គឺ​ដើម្បី​ឲ្យ​ពួកអ្នក​ដែល​មើល​មិន​ឃើញ​បាន​ភ្លឺ​ឡើង​ ហើយ​ឲ្យ​ពួកអ្នក​ដែល​មើល​ឃើញ​ត្រលប់​ជា​ខ្វាក់​វិញ»​

សូមអានជំពូកពេញលេញ យ៉ូហាន 9