គម្ពីរសញ្ញាថ្មី

យ៉ូហាន 9:20-31 Khmer Christian Bible (KCB)

20. ឪពុក​ម្តាយ​របស់​គាត់​ឆ្លើយ​ថា៖​ «យើង​ព្រម​ទទួល​ថា​ នេះ​ជា​កូន​ប្រុស​របស់​យើង​ ហើយ​វា​ពិត​ជា​ខ្វាក់​ពី​កំណើត​មែន!​

21. ប៉ុន្ដែ​យើង​មិន​ដឹង​ថា​ ឥឡូវ​នេះ​ វា​មើល​ឃើញ​បាន​យ៉ាង​ដូចម្ដេច​ទេ​ ហើយ​ក៏​មិន​ដឹង​ថា​ នរណា​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​វា​ភ្លឺ​ដែរ ​វា​ដឹង​ក្ដី​ហើយ​ សូម​សួរ​វា​ចុះ​ វា​អាច​ឆ្លើយ​ដោយ​ខ្លួន​ឯង​បាន»។​

22. ឪពុក​ម្តាយ​របស់​គាត់​និយាយ​ដូច្នេះ​ ព្រោះ​ខ្លាច​ពួក​ជនជាតិ​យូដា​ ដ្បិត​ពួក​ជនជាតិ​យូដា​បាន​ព្រមព្រៀង​គ្នា​ហើយ​ថា​ បើ​អ្នកណា​ទទួល​ស្គាល់​ព្រះអង្គ​ថា​ជា​ព្រះគ្រិស្ដ​ ត្រូវ​កាត់​អ្នក​នោះ​ចេញ​ពី​សាលា​ប្រជុំ។​

23. ហេតុនេះ​បាន​ជា​ឪពុក​ម្តាយ​របស់​គាត់​និយាយ​ថា​ វា​ដឹងក្ដី​ហើយ​ សូម​សួរ​វា​ចុះ។​

24. ដូច្នេះ​ ពួកគេ​ក៏​ហៅ​បុរស​ខ្វាក់​ភ្នែក​ពីមុន​នោះ​មក​ជា​លើក​ទី​ពីរ​ ប្រាប់​ថា៖​ «ចូរ​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះជាម្ចាស់​ដោយ​និយាយ​ការ​ពិត​ចុះ​ ដ្បិត​យើង​ដឹង​ថា​ អ្នក​នោះ​ជា​មនុស្ស​បាប​»​

25. គាត់​ឆ្លើយ​ថា៖​ «ខ្ញុំ​មិន​ដឹង​ថា​ តើ​អ្នក​នោះ​ជា​មនុស្ស​បាប​ ឬ​យ៉ាង​ណា​ទេ​ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​ ពីមុន​ខ្ញុំ​ខ្វាក់​ភ្នែក​ ប៉ុន្ដែ​ឥឡូវ​នេះ ​ខ្ញុំ​មើល​ឃើញ»​

26. ពួកគេ​ក៏​សួរ​គាត់​ទៀត​ថា៖​ «តើ​អ្នក​នោះ​បាន​ធ្វើ​អ្វី​ឲ្យ​អ្នក?​ តើ​គាត់​ធ្វើ​ឲ្យ​ភ្នែក​របស់​អ្នក​ភ្លឺ​ដោយ​របៀប​ណា?»​

27. គាត់​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​បាន​ប្រាប់​អស់​លោក​រួច​ហើយ​ ប៉ុន្ដែ​អស់​លោក​ពុំ​ស្តាប់​ខ្ញុំ​ទេ​ ហេតុអ្វី​បាន​ជា​អស់​លោក​ចង់​ស្តាប់​ម្តង​ទៀត​ តើ​អស់​លោក​ចង់​ធ្វើ​ជា​សិស្ស​របស់​គាត់​ដែរ​ឬ?»​

28. ពួកគេ​ក៏​ប្រមាថ​គាត់​ថា៖​ «ឯង​ទេ​ ជា​សិស្ស​របស់​អ្នក​នោះ​ រីឯ​យើង​វិញ​ ជា​សិស្ស​របស់​លោក​ម៉ូសេ​

29. ព្រោះ​យើង​ដឹង​ថា​ ព្រះជាម្ចាស់​បាន​មាន​បន្ទូល​មក​លោក​ម៉ូសេ​ពិត​មែន​ ប៉ុន្ដែ​អ្នក​នោះ​វិញ​ យើង​មិន​ដឹង​ថា​មកពី​ណា​ទេ!»​

30. បុរស​នោះ​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «រឿង​នេះ​ចម្លែក​ណាស់​ ដែល​អស់​លោក​មិន​ដឹង​ថា​គាត់​មកពី​ណា​ ប៉ុន្ដែ​គាត់​បាន​ធ្វើ​ឲ្យ​ភ្នែក​ខ្ញុំ​ភ្លឺ។​

31. យើង​ដឹង​ស្រាប់​ហើយ​ថា​ ព្រះជាម្ចាស់​មិន​ស្តាប់​មនុស្ស​បាប​ទេ​ ប៉ុន្ដែ​បើ​មាន​អ្នកណា​ម្នាក់​កោតខ្លាច​ព្រះជាម្ចាស់​ ហើយ​ធ្វើ​តាម​បំណង​របស់​ព្រះអង្គ​ ទើប​ព្រះអង្គ​ស្តាប់​អ្នក​នោះ​

សូមអានជំពូកពេញលេញ យ៉ូហាន 9