13. ពួកគេក៏នាំបុរសខ្វាក់ភ្នែកកាលពីមុននោះទៅជួបពួកអ្នកខាងគណៈផារិស៊ី។
14. ថ្ងៃដែលព្រះយេស៊ូបានធ្វើភក់ ហើយប្រោសភ្នែករបស់គាត់ឲ្យភ្លឺ គឺចំថ្ងៃសប្ប័ទ។
15. ដូច្នេះពួកអ្នកខាងគណៈផារិស៊ីបានសួរគាត់ម្តងទៀត អំពីរបៀបដែលធ្វើឲ្យគាត់មើលឃើញ នោះគាត់ប្រាប់ពួកគេវិញថា៖ «គាត់បានយកភក់មកលាបលើភ្នែករបស់ខ្ញុំ រួចខ្ញុំបានទៅលាង ហើយក៏មើលឃើញ»។
16. ពេលនោះពួកអ្នកខាងគណៈផារិស៊ីខ្លះនិយាយថា៖ «អ្នកនោះមិនមែនមកពីព្រះជាម្ចាស់ទេ ពីព្រោះគាត់មិនគោរពថ្ងៃសប្ប័ទ» ប៉ុន្ដែមានអ្នកខ្លះទៀតថា៖ «តើមនុស្សបាបអាចធ្វើទីសំគាល់អស្ចារ្យបែបនេះបានយ៉ាងដូចម្ដេច?» នោះក៏មានការបែកបាក់គ្នាក្នុងចំណោមពួកគេ។
17. ពួកគេក៏សួរបុរសខ្វាក់ភ្នែកពីមុននោះម្តងទៀតថា៖ «តើអ្នកគិតថា អ្នកដែលធ្វើឲ្យភ្នែករបស់អ្នកភ្លឺនោះជានរណា?» គាត់ឆ្លើយថា៖ «គាត់ជាអ្នកនាំព្រះបន្ទូល»។
18. ប៉ុន្ដែពួកជនជាតិយូដាមិនជឿថាគាត់ជាមនុស្សខ្វាក់ ហើយបានមើលឃើញវិញទេ ដូច្នេះក៏ហៅឪពុកម្តាយរបស់គាត់ដែលមានភ្នែកភ្លឺនោះមក
19. សួរថា៖ «តើអ្នកនេះជាកូនប្រុសរបស់ពួកអ្នក ដែលពួកអ្នកបានប្រាប់ថា ខ្វាក់ភ្នែកពីកំណើតឬ ចុះឥឡូវនេះ ដូចម្ដេចបានជាគាត់មើលឃើញ?»
20. ឪពុកម្តាយរបស់គាត់ឆ្លើយថា៖ «យើងព្រមទទួលថា នេះជាកូនប្រុសរបស់យើង ហើយវាពិតជាខ្វាក់ពីកំណើតមែន!
21. ប៉ុន្ដែយើងមិនដឹងថា ឥឡូវនេះ វាមើលឃើញបានយ៉ាងដូចម្ដេចទេ ហើយក៏មិនដឹងថា នរណាបានធ្វើឲ្យភ្នែករបស់វាភ្លឺដែរ វាដឹងក្ដីហើយ សូមសួរវាចុះ វាអាចឆ្លើយដោយខ្លួនឯងបាន»។
22. ឪពុកម្តាយរបស់គាត់និយាយដូច្នេះ ព្រោះខ្លាចពួកជនជាតិយូដា ដ្បិតពួកជនជាតិយូដាបានព្រមព្រៀងគ្នាហើយថា បើអ្នកណាទទួលស្គាល់ព្រះអង្គថាជាព្រះគ្រិស្ដ ត្រូវកាត់អ្នកនោះចេញពីសាលាប្រជុំ។
23. ហេតុនេះបានជាឪពុកម្តាយរបស់គាត់និយាយថា វាដឹងក្ដីហើយ សូមសួរវាចុះ។
24. ដូច្នេះ ពួកគេក៏ហៅបុរសខ្វាក់ភ្នែកពីមុននោះមកជាលើកទីពីរ ប្រាប់ថា៖ «ចូរថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់ដោយនិយាយការពិតចុះ ដ្បិតយើងដឹងថា អ្នកនោះជាមនុស្សបាប»
25. គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងថា តើអ្នកនោះជាមនុស្សបាប ឬយ៉ាងណាទេ ខ្ញុំគ្រាន់តែដឹងថា ពីមុនខ្ញុំខ្វាក់ភ្នែក ប៉ុន្ដែឥឡូវនេះ ខ្ញុំមើលឃើញ»
26. ពួកគេក៏សួរគាត់ទៀតថា៖ «តើអ្នកនោះបានធ្វើអ្វីឲ្យអ្នក? តើគាត់ធ្វើឲ្យភ្នែករបស់អ្នកភ្លឺដោយរបៀបណា?»
27. គាត់ឆ្លើយទៅពួកគេថា៖ «ខ្ញុំបានប្រាប់អស់លោករួចហើយ ប៉ុន្ដែអស់លោកពុំស្តាប់ខ្ញុំទេ ហេតុអ្វីបានជាអស់លោកចង់ស្តាប់ម្តងទៀត តើអស់លោកចង់ធ្វើជាសិស្សរបស់គាត់ដែរឬ?»
28. ពួកគេក៏ប្រមាថគាត់ថា៖ «ឯងទេ ជាសិស្សរបស់អ្នកនោះ រីឯយើងវិញ ជាសិស្សរបស់លោកម៉ូសេ
29. ព្រោះយើងដឹងថា ព្រះជាម្ចាស់បានមានបន្ទូលមកលោកម៉ូសេពិតមែន ប៉ុន្ដែអ្នកនោះវិញ យើងមិនដឹងថាមកពីណាទេ!»
30. បុរសនោះឆ្លើយទៅពួកគេថា៖ «រឿងនេះចម្លែកណាស់ ដែលអស់លោកមិនដឹងថាគាត់មកពីណា ប៉ុន្ដែគាត់បានធ្វើឲ្យភ្នែកខ្ញុំភ្លឺ។
31. យើងដឹងស្រាប់ហើយថា ព្រះជាម្ចាស់មិនស្តាប់មនុស្សបាបទេ ប៉ុន្ដែបើមានអ្នកណាម្នាក់កោតខ្លាចព្រះជាម្ចាស់ ហើយធ្វើតាមបំណងរបស់ព្រះអង្គ ទើបព្រះអង្គស្តាប់អ្នកនោះ