1. កាលព្រះអង្គកំពុងយាងទៅ ព្រះអង្គក៏ទតឃើញបុរសម្នាក់ខ្វាក់ភ្នែកតាំងពីកំណើត
2. ពួកសិស្សទូលសួរព្រះអង្គថា៖ «លោកគ្រូ តើបុរសនេះជាអ្នកមានបាប ឬមួយឪពុកម្តាយរបស់គាត់ជាអ្នកមានបាប បានជាគាត់កើតមកខ្វាក់ភ្នែកដូច្នេះ»
3. ព្រះយេស៊ូមានបន្ទូលតបថា៖ «មិនមែនដោយសារបុរសនេះ ឬឪពុកម្តាយរបស់គាត់បានធ្វើបាបទេ ប៉ុន្ដែដើម្បីឲ្យកិច្ចការរបស់ព្រះជាម្ចាស់បានសំដែងមកតាមរយៈគាត់វិញ
4. ដ្បិតយើងត្រូវបំពេញកិច្ចការរបស់ព្រះមួយអង្គដែលបានចាត់ខ្ញុំឲ្យមក ទាន់នៅថ្ងៃនៅឡើយ ដល់ពេលយប់គ្មាននរណាអាចធ្វើការបានទៀតទេ។
5. កាលណាខ្ញុំនៅក្នុងពិភពលោកនេះ ខ្ញុំជាពន្លឺនៃពិភពលោកនេះ»។
6. ពេលមានបន្ទូលអំពីសេចក្ដីទាំងនោះរួចហើយ ព្រះអង្គក៏ស្តោះទឹកមាត់ទៅលើដី ហើយយកទឹកមាត់ធ្វើជាភក់លាបលើភ្នែករបស់បុរសនោះ
7. រួចព្រះអង្គមានបន្ទូលទៅគាត់ថា៖ «ចូរទៅលាងក្នុងស្រះស៊ីឡោមចុះ» (ពាក្យស៊ីឡោម មានន័យថា ចាត់ឲ្យទៅ) ដូច្នេះ គាត់ក៏ទៅលាងហើយត្រលប់មកវិញ ទាំងមើលឃើញ។
8. នោះពួកអ្នកជិតខាង និងពួកអ្នកដែលធ្លាប់ឃើញគាត់ជាអ្នកសុំទានពីដើមមកបាននិយាយថា៖ «តើបុរសនេះមិនមែនជាអ្នកដែលធ្លាប់តែអង្គុយសុំទានទេឬ?»
9. អ្នកខ្លះថា៖ «គឺគាត់ហ្នឹងហើយ!» អ្នកខ្លះទៀតថា៖ «ទេ! គាត់គ្រាន់តែស្រដៀងនឹងអ្នកនោះ!» ប៉ុន្ដែគាត់ឆ្លើយថា៖ «ខ្ញុំហ្នឹងហើយ!»