6. ពួកគេនិយាយដូច្នេះដោយល្បងលព្រះអង្គ ដើម្បីឲ្យបានរឿងចោទប្រកាន់ព្រះអង្គ ប៉ុន្ដែព្រះយេស៊ូបានឱនសរសេរនៅលើដីដោយម្រាមដៃ
7. នៅពេលពួកគេចេះតែទទូចសួរព្រះអង្គ នោះព្រះអង្គក៏ងើបឡើង មានបន្ទូលទៅពួកគេថា៖ «នៅក្នុងចំណោមអ្នករាល់គ្នា អ្នកណាគ្មានបាបសោះ ចូរឲ្យអ្នកនោះគប់នាងនឹងដុំថ្មមុនគេចុះ!»
8. បន្ទាប់មក ព្រះអង្គក៏ឱនសរសេរនៅលើដីម្តងទៀត។
9. ពេលពួកគេឮដូច្នេះក៏ថយចេញម្នាក់ម្តងៗ ចាប់ពីមនុស្សចាស់ជាងគេរហូតនៅសល់តែព្រះយេស៊ូ និងស្ត្រីម្នាក់នោះ។
10. ព្រះយេស៊ូក៏ងើបឡើង ហើយមានបន្ទូលទៅនាងថា៖ «នាងអើយ! តើពួកគេនៅឯណា? តើគ្មានអ្នកណាដាក់ទោសអ្នកទេឬ?»
11. នាងទូលថា៖ «គ្មានទេ លោកម្ចាស់!» ព្រះយេស៊ូក៏មានបន្ទូលទៅនាងថា៖ «ខ្ញុំក៏មិនដាក់ទោសអ្នកដែរ ចូរទៅចុះ ប៉ុន្ដែចាប់ពីពេលនេះតទៅ ចូរកុំប្រព្រឹត្ដបាបទៀត»។
12. ព្រះយេស៊ូមានបន្ទូលទៅបណ្ដាជនជាថ្មីទៀតថា៖ «ខ្ញុំជាពន្លឺនៃលោកិយ អ្នកណាមកតាមខ្ញុំ អ្នកនោះមិនដើរក្នុងសេចក្ដីងងឹតឡើយ គឺមានពន្លឺនៃជីវិតវិញ»។
13. ពួកអ្នកខាងគណៈផារិស៊ី ទូលទៅព្រះអង្គថា៖ «អ្នកកំពុងធ្វើបន្ទាល់អំពីខ្លួនឯងហើយ សេចក្ដីបន្ទាល់របស់អ្នកមិនពិតទេ»។
14. ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ទោះបីខ្ញុំកំពុងធ្វើបន្ទាល់អំពីខ្លួនខ្ញុំក៏ដោយ ក៏សេចក្ដីបន្ទាល់របស់ខ្ញុំជាការពិត ព្រោះខ្ញុំដឹងថា ខ្ញុំមកពីណា ហើយទៅណាផង ប៉ុន្ដែអ្នករាល់គ្នាវិញ មិនដឹងថា ខ្ញុំមកពីណា ឬទៅណាទេ
15. អ្នករាល់គ្នាវិនិច្ឆ័យតាមបែបសាច់ឈាម ឯខ្ញុំមិនវិនិច្ឆ័យអ្នកណាម្នាក់ឡើយ
16. ផ្ទុយទៅវិញ ទោះបីខ្ញុំវិនិច្ឆ័យក៏ដោយ ក៏ការវិនិច្ឆ័យរបស់ខ្ញុំពិតដែរ ព្រោះខ្ញុំមិនបាននៅតែម្នាក់ឯងទេ គឺមានខ្ញុំ និងព្រះវរបិតាដែលបានចាត់ខ្ញុំឲ្យមក។
17. សូម្បីតែនៅក្នុងគម្ពីរវិន័យរបស់អ្នករាល់គ្នាក៏មានសេចក្ដីចែងទុកមកដែរថា សេចក្ដីបន្ទាល់របស់មនុស្សពីរនាក់គឺជាសេចក្ដីពិត
18. ដូច្នេះខ្ញុំជាអ្នកធ្វើបន្ទាល់អំពីខ្លួនខ្ញុំ រីឯព្រះវរបិតាដែលបានចាត់ខ្ញុំឲ្យមកក៏ធ្វើបន្ទាល់អំពីខ្ញុំដែរ»។
19. ពួកគេក៏ទូលសួរព្រះអង្គថា៖ «តើព្រះវរបិតារបស់អ្នកនៅឯណា?» ព្រះយេស៊ូឆ្លើយថា៖ «អ្នករាល់គ្នាមិនស្គាល់ខ្ញុំទេ ហើយក៏មិនស្គាល់ព្រះវរបិតារបស់ខ្ញុំដែរ បើអ្នករាល់គ្នាស្គាល់ខ្ញុំ នោះអ្នករាល់គ្នាក៏បានស្គាល់ព្រះវរបិតារបស់ខ្ញុំដែរ»។
20. ព្រះយេស៊ូមានបន្ទូលពាក្យទាំងនេះ នៅពេលកំពុងបង្រៀននៅក្បែរហិបតង្វាយនៅក្នុងព្រះវិហារ ប៉ុន្ដែគ្មានអ្នកណាម្នាក់ចាប់ព្រះអង្គទេ ព្រោះមិនទាន់ដល់ពេលវេលារបស់ព្រះអង្គនៅឡើយ។
21. ព្រះអង្គមានបន្ទូលទៅពួកគេម្តងទៀតថា៖ «ខ្ញុំត្រូវចាកចេញទៅហើយ អ្នករាល់គ្នានឹងតាមរកខ្ញុំ ប៉ុន្ដែអ្នករាល់គ្នានឹងស្លាប់នៅក្នុងបាបរបស់ខ្លួន។ កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាមិនអាចទៅបានទេ»។