គម្ពីរសញ្ញាថ្មី

យ៉ូហាន 8:48-59 Khmer Christian Bible (KCB)

48. ពួក​ជនជាតិ​យូដា​ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖​ «តើ​យើង​និយាយ​មិន​ត្រូវ​ទេ​ឬ​អី​ថា​ អ្នក​ជា​ជនជាតិ​សាម៉ារី​ ហើយ​មាន​អារក្ស​ចូល?»​

49. ព្រះយេស៊ូ​មាន​បន្ទូល​តប​ថា៖​ «ខ្ញុំ​គ្មាន​អារក្ស​ចូល​ទេ​ ផ្ទុយ​ទៅ​វិញ​ ខ្ញុំ​គោរព​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​បែរ​ជា​ប្រមាថ​ខ្ញុំ​ទៅ​វិញ។​

50. ខ្ញុំ​មិន​ស្វែងរក​សិរី​រុងរឿង​សម្រាប់​ខ្លួន​ខ្ញុំ​ទេ​ មាន​ព្រះ​មួយ​អង្គ​កំពុង​ស្វែងរក​ ហើយ​កំពុង​ជំនុំជម្រះ​

51. ដូច្នេះ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ បើ​អ្នកណា​កាន់​តាម​ពាក្យ​របស់​ខ្ញុំ​ អ្នក​នោះ​នឹង​មិន​ជួប​សេចក្ដី​ស្លាប់​ឡើយ»។​

52. ពួក​ជនជាតិ​យូដា​ក៏​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ឥឡូវ​នេះ​ យើង​ដឹង​ថា​ អ្នក​មាន​អារក្ស​ចូល​មែន​ហើយ។​ លោក​អ័ប្រាហាំ​ និង​ពួកអ្នកនាំ​ព្រះបន្ទូល​បាន​ស្លាប់​ទៅ​ហើយ​ ប៉ុន្ដែ​អ្នក​បែរ​ជា​និយាយ​ថា​ បើ​អ្នកណា​កាន់​តាម​ពាក្យ​សំដី​របស់​អ្នក​ អ្នក​នោះ​នឹង​មិន​ស្គាល់​សេចក្ដី​ស្លាប់​ទៀត​ឡើយ។​

53. តើ​អ្នក​ធំ​ជាង​លោក​អ័ប្រាហាំ​ ជា​ដូនតា​របស់​យើង​ និង​ពួកអ្នក​នាំ​ព្រះបន្ទូល​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ​ឬ?​ តើ​អ្នក​តាំង​ខ្លួន​ជា​នរណា?​»

54. ព្រះយេស៊ូ​ឆ្លើយ​ថា៖​ «បើ​ខ្ញុំ​តម្កើង​ខ្លួន​ខ្ញុំ​ សិរី​រុងរឿង​របស់​ខ្ញុំ​ឥត​ប្រយោជន៍​ទេ​ គឺ​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ទេ​ដែល​លើក​តម្កើង​ខ្ញុំ​ ព្រះអង្គ​នោះ​ហើយ​ដែល​អ្នក​រាល់គ្នា​និយាយ​ថា​ ជា​ព្រះ​របស់​យើង​

55. ប៉ុន្ដែ​អ្នក​រាល់គ្នា​មិន​ស្គាល់​ព្រះអង្គ​ទេ​ រីឯ​ខ្ញុំ​ ខ្ញុំ​ស្គាល់​ព្រះអង្គ​ បើ​ខ្ញុំ​និយាយ​ថា​ ខ្ញុំ​មិន​ស្គាល់​ព្រះអង្គ​ នោះ​ខ្ញុំ​នឹង​ត្រលប់​ជា​អ្នក​កុហក​ដូច​អ្នក​រាល់គ្នា​ដែរ​ ប៉ុន្ដែ​ខ្ញុំ​ស្គាល់​ព្រះអង្គ​ពិត​មែន​ ហើយ​កាន់​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​ទៀត។​

56. រីឯ​លោក​អ័ប្រាហាំ​ដែល​ជា​ដូនតា​របស់​អ្នក​រាល់គ្នា​បាន​ត្រេកអរ​ដោយ​ឃើញ​គ្រា​របស់​ខ្ញុំ​ ឥឡូវ​នេះ​ គាត់​បាន​ឃើញ​មែន​ ហើយ​មាន​ចិត្ដ​រីករាយ​ណាស់»​

57. ពេល​នោះ ពួក​ជនជាតិ​យូដា​ទូល​ទៅ​ព្រះអង្គ​ថា៖​ «អ្នក​មាន​អាយុ​មិន​ដល់​ហាសិប​ឆ្នាំ​ផង​ តើ​អ្នក​បាន​ឃើញ​លោក​អ័ប្រាហាំ​ហើយ​ឬ?»​

58. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ មុន​លោក​អ័ប្រាហាំ​កើត​មក​ នោះ​មាន​ខ្ញុំ​រួច​ទៅ​ហើយ»។​

59. ដូច្នេះ​ពួកគេ​ក៏​រើស​ដុំ​ថ្ម​ដើម្បី​គប់​ព្រះយេស៊ូ​ ប៉ុន្ដែ​ព្រះអង្គ​បាន​បំបាំង​កាយ​យាង​ចេញ​ពី​ព្រះវិហារ។​

សូមអានជំពូកពេញលេញ យ៉ូហាន 8