គម្ពីរសញ្ញាថ្មី

យ៉ូហាន 8:41-54 Khmer Christian Bible (KCB)

41. ដូច្នេះ​អ្នក​រាល់គ្នា​កំពុង​ធ្វើ​អ្វី​ដែល​ឪពុក​របស់​អ្នក​រាល់គ្នា​បាន​ធ្វើ»​ ពួកគេ​ក៏​ទូល​ទៅ​ព្រះអង្គ​ថា៖​ «យើង​មិន​បាន​កើត​មកពី​ការ​សាហាយស្មន់​ទេ​ យើង​មាន​ឪពុក​តែ​មួយ​ គឺ​ព្រះជាម្ចាស់»​

42. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «បើ​ព្រះជាម្ចាស់​ជា​ឪពុក​របស់​អ្នក​រាល់គ្នា​មែន​ អ្នក​រាល់គ្នា​មុខ​ជា​ស្រឡាញ់​ខ្ញុំ​មិន​ខាន​ ដ្បិត​ខ្ញុំ​នៅ​ទី​នោះ​ ខ្ញុំ​ចេញ​ពី​ព្រះជាម្ចាស់​មក​ ខ្ញុំ​មិន​បាន​មក​ដោយ​ខ្លួន​ខ្ញុំ​ទេ​ គឺ​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។​

43. ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​មិន​យល់​ពាក្យ​សំដី​របស់​ខ្ញុំ?​ នេះ​មកពី​អ្នក​រាល់គ្នា​មិន​អាច​ស្តាប់​ពាក្យ​របស់​ខ្ញុំ​បាន​

44. ហើយ​អ្នក​រាល់គ្នា​មាន​ឪពុក​ជា​អារក្ស​សាតាំង​ អ្នក​រាល់គ្នា​ចូលចិត្ត​ធ្វើ​តាម​បំណង​ឪពុក​របស់​ខ្លួន​ ដ្បិត​វា​ជា​អ្នក​សម្លាប់​មនុស្ស​តាំងពី​ដើម​មក​ ហើយ​មិន​ឈរ​នៅ​ក្នុង​សេចក្ដី​ពិត​ទេ​ ព្រោះ​វា​គ្មាន​សេចក្ដី​ពិត​ក្នុង​ខ្លួន​ឡើយ‍។​ ពេល​វា​និយាយ​កុហក​ វា​និយាយ​ចេញ​ពី​ចិត្ដ​របស់​វា​ ដ្បិត​វា​ជា​មេ​កុហក​ ហើយ​ជា​ឪពុក​នៃ​សេចក្ដី​កុហក​

45. ដូច្នេះ​ ដោយសារ​តែ​ខ្ញុំ​និយាយ​សេចក្ដី​ពិត​ អ្នក​រាល់គ្នា​មិន​ជឿ​ខ្ញុំ​

46. តើ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ នរណា​អាច​បង្ហាញ​បាន​ដែរ​ឬ​ទេ​ថា​ ខ្ញុំ​នេះ​មាន​បាប?​ បើ​ខ្ញុំ​និយាយ​សេចក្ដី​ពិត​ តើ​ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​មិន​ជឿ​ខ្ញុំ?​

47. អ្នកណា​ដែល​កើត​មកពី​ព្រះជាម្ចាស់​ អ្នក​នោះ​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ រីឯ​អ្នក​រាល់គ្នា ​មិន​បាន​កើត​មកពី​ព្រះជាម្ចាស់​ទេ​ បាន​ជា​អ្នក​រាល់គ្នា​មិន​ស្ដាប់​ដូច្នេះ»។​

48. ពួក​ជនជាតិ​យូដា​ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖​ «តើ​យើង​និយាយ​មិន​ត្រូវ​ទេ​ឬ​អី​ថា​ អ្នក​ជា​ជនជាតិ​សាម៉ារី​ ហើយ​មាន​អារក្ស​ចូល?»​

49. ព្រះយេស៊ូ​មាន​បន្ទូល​តប​ថា៖​ «ខ្ញុំ​គ្មាន​អារក្ស​ចូល​ទេ​ ផ្ទុយ​ទៅ​វិញ​ ខ្ញុំ​គោរព​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​បែរ​ជា​ប្រមាថ​ខ្ញុំ​ទៅ​វិញ។​

50. ខ្ញុំ​មិន​ស្វែងរក​សិរី​រុងរឿង​សម្រាប់​ខ្លួន​ខ្ញុំ​ទេ​ មាន​ព្រះ​មួយ​អង្គ​កំពុង​ស្វែងរក​ ហើយ​កំពុង​ជំនុំជម្រះ​

51. ដូច្នេះ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ បើ​អ្នកណា​កាន់​តាម​ពាក្យ​របស់​ខ្ញុំ​ អ្នក​នោះ​នឹង​មិន​ជួប​សេចក្ដី​ស្លាប់​ឡើយ»។​

52. ពួក​ជនជាតិ​យូដា​ក៏​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ឥឡូវ​នេះ​ យើង​ដឹង​ថា​ អ្នក​មាន​អារក្ស​ចូល​មែន​ហើយ។​ លោក​អ័ប្រាហាំ​ និង​ពួកអ្នកនាំ​ព្រះបន្ទូល​បាន​ស្លាប់​ទៅ​ហើយ​ ប៉ុន្ដែ​អ្នក​បែរ​ជា​និយាយ​ថា​ បើ​អ្នកណា​កាន់​តាម​ពាក្យ​សំដី​របស់​អ្នក​ អ្នក​នោះ​នឹង​មិន​ស្គាល់​សេចក្ដី​ស្លាប់​ទៀត​ឡើយ។​

53. តើ​អ្នក​ធំ​ជាង​លោក​អ័ប្រាហាំ​ ជា​ដូនតា​របស់​យើង​ និង​ពួកអ្នក​នាំ​ព្រះបន្ទូល​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ​ឬ?​ តើ​អ្នក​តាំង​ខ្លួន​ជា​នរណា?​»

54. ព្រះយេស៊ូ​ឆ្លើយ​ថា៖​ «បើ​ខ្ញុំ​តម្កើង​ខ្លួន​ខ្ញុំ​ សិរី​រុងរឿង​របស់​ខ្ញុំ​ឥត​ប្រយោជន៍​ទេ​ គឺ​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ទេ​ដែល​លើក​តម្កើង​ខ្ញុំ​ ព្រះអង្គ​នោះ​ហើយ​ដែល​អ្នក​រាល់គ្នា​និយាយ​ថា​ ជា​ព្រះ​របស់​យើង​

សូមអានជំពូកពេញលេញ យ៉ូហាន 8