គម្ពីរសញ្ញាថ្មី

យ៉ូហាន 8:2-14 Khmer Christian Bible (KCB)

2. លុះ​ព្រលឹម​ឡើង​ ព្រះអង្គ​យាង​ចូល​ក្នុង​ព្រះវិហារ​ម្តង​ទៀត​ ហើយ​បណ្តាជន​ទាំង​អស់​ក៏​មក​ឯ​ព្រះអង្គ​ ដូច្នេះ​ ព្រះអង្គ​ក៏​អង្គុយ​ចុះ​ ហើយ​បង្រៀន​ពួកគេ។​

3. ពេល​នោះ​ ពួក​គ្រូ​វិន័យ​ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​នាំ​ស្រ្តី​ម្នាក់​ដែល​គេ​ទាន់​កំពុង​ផិត​ក្បត់​មក​ ពេល​ឲ្យ​នាង​ឈរ​នៅ​កណ្តាល​ជំនុំ​ហើយ​

4. ក៏​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោកគ្រូ​ ពួកគេ​ចាប់​បាន​ស្រ្តី​ម្នាក់​នេះ​ នៅ​ពេល​នាង​កំពុង​ផិត​ក្បត់​

5. ហើយ​លោក​ម៉ូសេ​បាន​បង្គាប់​យើង​នៅ​ក្នុង​គម្ពីរ​វិន័យ​ ឲ្យ​គប់​ស្ត្រី​បែប​នេះ​នឹង​ដុំ​ថ្ម​ ដូច្នេះ​ តើ​លោក​ថា​យ៉ាង​ដូចម្ដេច​ដែរ?»

6. ពួកគេ​និយាយ​ដូច្នេះ​ដោយ​ល្បងល​ព្រះអង្គ​ ដើម្បី​ឲ្យ​បាន​រឿង​ចោទ​ប្រកាន់​ព្រះអង្គ​ ប៉ុន្ដែ​ព្រះយេស៊ូ​បាន​ឱន​សរសេរ​នៅ​លើ​ដី​ដោយ​ម្រាម​ដៃ​

7. នៅ​ពេល​ពួកគេ​ចេះ​តែ​ទទូច​សួរ​ព្រះអង្គ​ នោះ​ព្រះអង្គ​ក៏​ងើប​ឡើង ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ អ្នកណា​គ្មាន​បាប​សោះ​ ចូរ​ឲ្យ​អ្នក​នោះ​គប់​នាង​នឹង​ដុំ​ថ្ម​មុន​គេ​ចុះ!»​

8. បន្ទាប់​មក​ ព្រះអង្គ​ក៏​ឱន​សរសេរ​នៅ​លើ​ដី​ម្តង​ទៀត។​

9. ពេល​ពួកគេ​ឮ​ដូច្នេះ​ក៏​ថយ​ចេញ​ម្នាក់​ម្តងៗ​ ចាប់​ពី​មនុស្ស​ចាស់​ជាង​គេ​រហូត​នៅ​សល់​តែ​ព្រះយេស៊ូ​ និង​ស្ត្រី​ម្នាក់​នោះ។​

10. ព្រះយេស៊ូ​ក៏​ងើប​ឡើង​ ហើយ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «នាង​អើយ!​ តើ​ពួកគេ​នៅ‍​ឯណា?​ តើ​គ្មាន​អ្នកណា​ដាក់​ទោស​អ្នក​ទេ​ឬ?»​

11. នាង​ទូល​ថា៖​ «គ្មាន​ទេ​ លោក​ម្ចាស់!»​ ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ខ្ញុំ​ក៏​មិន​ដាក់​ទោស​អ្នក​ដែរ​ ចូរ​ទៅ​ចុះ​ ប៉ុន្ដែ​ចាប់ពី​ពេល​នេះ​ត​ទៅ​ ចូរ​កុំ​ប្រព្រឹត្ដ​បាប​ទៀត»។​

12. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​បណ្ដាជន​ជា​ថ្មី​ទៀត​ថា៖​ «ខ្ញុំ​ជា​ពន្លឺ​នៃ​លោកិយ​ អ្នកណា​មក​តាម​ខ្ញុំ​ អ្នក​នោះ​មិន​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ​ គឺ​មាន​ពន្លឺ​នៃ​ជីវិត​វិញ»។​

13. ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ ទូល​ទៅ​ព្រះអង្គ​ថា៖​ «អ្នក​កំពុង​ធ្វើ​បន្ទាល់​អំពី​ខ្លួន​ឯង​ហើយ​ សេចក្ដី​បន្ទាល់​របស់​អ្នក​មិន​ពិត​ទេ»។​

14. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ទោះបី​ខ្ញុំ​កំពុង​ធ្វើ​បន្ទាល់​អំពី​ខ្លួន​ខ្ញុំ​ក៏​ដោយ​ ក៏​សេចក្ដី​បន្ទាល់​របស់​ខ្ញុំ​ជា​ការ​ពិត​ ព្រោះ​ខ្ញុំ​ដឹង​ថា​ ខ្ញុំ​មកពី​ណា​ ហើយ​ទៅ​ណា​ផង​ ប៉ុន្ដែ​អ្នក​រាល់គ្នា​វិញ​ មិន​ដឹង​ថា​ ខ្ញុំ​មកពី​ណា​ ឬ​ទៅ​ណា​ទេ​

សូមអានជំពូកពេញលេញ យ៉ូហាន 8