18. ដូច្នេះខ្ញុំជាអ្នកធ្វើបន្ទាល់អំពីខ្លួនខ្ញុំ រីឯព្រះវរបិតាដែលបានចាត់ខ្ញុំឲ្យមកក៏ធ្វើបន្ទាល់អំពីខ្ញុំដែរ»។
19. ពួកគេក៏ទូលសួរព្រះអង្គថា៖ «តើព្រះវរបិតារបស់អ្នកនៅឯណា?» ព្រះយេស៊ូឆ្លើយថា៖ «អ្នករាល់គ្នាមិនស្គាល់ខ្ញុំទេ ហើយក៏មិនស្គាល់ព្រះវរបិតារបស់ខ្ញុំដែរ បើអ្នករាល់គ្នាស្គាល់ខ្ញុំ នោះអ្នករាល់គ្នាក៏បានស្គាល់ព្រះវរបិតារបស់ខ្ញុំដែរ»។
20. ព្រះយេស៊ូមានបន្ទូលពាក្យទាំងនេះ នៅពេលកំពុងបង្រៀននៅក្បែរហិបតង្វាយនៅក្នុងព្រះវិហារ ប៉ុន្ដែគ្មានអ្នកណាម្នាក់ចាប់ព្រះអង្គទេ ព្រោះមិនទាន់ដល់ពេលវេលារបស់ព្រះអង្គនៅឡើយ។
21. ព្រះអង្គមានបន្ទូលទៅពួកគេម្តងទៀតថា៖ «ខ្ញុំត្រូវចាកចេញទៅហើយ អ្នករាល់គ្នានឹងតាមរកខ្ញុំ ប៉ុន្ដែអ្នករាល់គ្នានឹងស្លាប់នៅក្នុងបាបរបស់ខ្លួន។ កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាមិនអាចទៅបានទេ»។
22. ដូច្នេះពួកជនជាតិយូដាក៏និយាយគ្នាថា៖ «តើគាត់នឹងសម្លាប់ខ្លួនឬបានជាគាត់និយាយដូច្នេះថា កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាមិនអាចទៅបានទេ?»
23. ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «អ្នករាល់គ្នាមកពីស្ថានក្រោម ឯខ្ញុំវិញ ខ្ញុំមកពីស្ថានលើ អ្នករាល់គ្នាកើតពីលោកិយនេះ ឯខ្ញុំវិញ ខ្ញុំមិនកើតពីលោកិយនេះទេ
24. ដូច្នេះហើយខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងស្លាប់ក្នុងបាបរបស់ខ្លួន ព្រោះបើអ្នករាល់គ្នាមិនជឿថាខ្ញុំជាព្រះ អ្នករាល់គ្នានឹងស្លាប់ក្នុងបាបរបស់ខ្លួន»។
25. ពួកគេក៏ទូលសួរព្រះអង្គថា៖ «តើអ្នកជានរណា?» ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាតាំងពីដំបូងហើយថាខ្ញុំជានរណា
26. ខ្ញុំមានសេចក្ដីជាច្រើនត្រូវនិយាយ ហើយត្រូវដាក់ទោសអ្នករាល់គ្នា ប៉ុន្ដែព្រះជាម្ចាស់ដែលបានចាត់ខ្ញុំឲ្យមក ព្រះអង្គពិតត្រង់ ហើយខ្ញុំប្រាប់មនុស្សលោកអំពីសេចក្ដីដែលខ្ញុំបានឮពីព្រះអង្គ»។
27. ពួកគេមិនយល់ថា ព្រះអង្គកំពុងមានបន្ទូលប្រាប់ពួកគេអំពីព្រះវរបិតាទេ។
28. ដូច្នេះ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ពេលអ្នករាល់គ្នាលើកកូនមនុស្សឡើង នោះទើបអ្នករាល់គ្នាដឹងថាជាខ្ញុំនេះហើយ ខ្ញុំមិនធ្វើអ្វីដោយខ្លួនខ្ញុំទេ គឺខ្ញុំនិយាយសេចក្ដីទាំងនេះតាមតែព្រះវរបិតាបានបង្រៀនខ្ញុំ។