គម្ពីរសញ្ញាថ្មី

យ៉ូហាន 8:18-27 Khmer Christian Bible (KCB)

18. ដូច្នេះ​ខ្ញុំ​ជា​អ្នក​ធ្វើ​បន្ទាល់​អំពី​ខ្លួន​ខ្ញុំ​ រីឯ​ព្រះ​វរ​បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ក៏​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ​ដែរ»។​

19. ពួកគេ​ក៏​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​ព្រះ​វរ​បិតា​របស់​អ្នក​នៅ​ឯ​ណា?»​ ព្រះយេស៊ូ​ឆ្លើយ​ថា៖​ «អ្នក​រាល់គ្នា​មិន​ស្គាល់​ខ្ញុំ​ទេ​ ហើយ​ក៏​មិន​ស្គាល់​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ដែរ​ បើ​អ្នក​រាល់គ្នា​ស្គាល់​ខ្ញុំ​ នោះ​អ្នក​រាល់គ្នា​ក៏​បាន​ស្គាល់​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ដែរ»។​

20. ព្រះយេស៊ូ​មាន​បន្ទូល​ពាក្យ​ទាំង​នេះ​ នៅ​ពេល​កំពុង​បង្រៀន​នៅ​ក្បែរ​ហិប​តង្វាយ​នៅ​ក្នុង​ព្រះវិហារ​ ប៉ុន្ដែ​គ្មាន​អ្នកណា​ម្នាក់​ចាប់​ព្រះអង្គ​ទេ​ ព្រោះ​មិន​ទាន់​ដល់​ពេល​វេលា​របស់​ព្រះអង្គ​នៅ​ឡើយ។​

21. ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ម្តង​ទៀត​ថា៖​ «ខ្ញុំ​ត្រូវ​ចាកចេញទៅ​ហើយ​ អ្នក​រាល់គ្នា​នឹង​តាម​រក​ខ្ញុំ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​នឹង​ស្លាប់​នៅ​ក្នុង​បាប​របស់​ខ្លួន។​ កន្លែង​ដែល​ខ្ញុំ​ទៅ​ អ្នក​រាល់គ្នា​មិន​អាច​ទៅ​បាន​ទេ»។​

22. ដូច្នេះ​ពួក​ជនជាតិ​យូដា​ក៏​និយាយ​គ្នា​ថា៖​ «តើ​គាត់​នឹង​សម្លាប់​ខ្លួន​ឬ​បាន​ជា​គាត់​និយាយ​ដូច្នេះ​ថា​ កន្លែង​ដែល​ខ្ញុំ​ទៅ​ អ្នក​រាល់គ្នា​មិន​អាច​ទៅ​បាន​ទេ?»

23. ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «អ្នក​រាល់គ្នា​មកពី​ស្ថាន​ក្រោម​ ឯ​ខ្ញុំ​វិញ​ ខ្ញុំ​មកពី​ស្ថាន​លើ​ អ្នក​រាល់គ្នា​កើត​ពី​លោកិយ​នេះ​ ឯ​ខ្ញុំ​វិញ ​ខ្ញុំ​មិន​កើត​ពី​លោកិយ​នេះ​ទេ​

24. ដូច្នេះ​ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អ្នក​រាល់គ្នា​នឹង​ស្លាប់​ក្នុង​បាប​របស់​ខ្លួន​ ព្រោះ​បើ​អ្នក​រាល់គ្នា​មិន​ជឿ​ថា​ខ្ញុំ​ជា​ព្រះ ​អ្នក​រាល់គ្នា​នឹង​ស្លាប់​ក្នុង​បាប​របស់​ខ្លួន»។​

25. ពួកគេ​ក៏​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​អ្នក​ជា​នរណា?»​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​តាំងពី​ដំបូង​ហើយ​ថា​ខ្ញុំ​ជា​នរណា​

26. ខ្ញុំ​មាន​សេចក្ដី​ជាច្រើន​ត្រូវ​និយាយ​ ហើយ​ត្រូវ​ដាក់​ទោស​អ្នក​រាល់គ្នា​ ប៉ុន្ដែ​ព្រះជាម្ចាស់​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ ព្រះអង្គ​ពិត​ត្រង់​ ហើយ​ខ្ញុំ​ប្រាប់​មនុស្ស​លោក​អំពី​សេចក្ដី​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះអង្គ»។​

27. ពួកគេ​មិន​យល់​ថា​ ព្រះអង្គ​កំពុង​មាន​បន្ទូល​ប្រាប់​ពួកគេ​អំពី​ព្រះ​វរ​បិតា​ទេ‍។​

សូមអានជំពូកពេញលេញ យ៉ូហាន 8