គម្ពីរសញ្ញាថ្មី

យ៉ូហាន 8:11-17 Khmer Christian Bible (KCB)

11. នាង​ទូល​ថា៖​ «គ្មាន​ទេ​ លោក​ម្ចាស់!»​ ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ខ្ញុំ​ក៏​មិន​ដាក់​ទោស​អ្នក​ដែរ​ ចូរ​ទៅ​ចុះ​ ប៉ុន្ដែ​ចាប់ពី​ពេល​នេះ​ត​ទៅ​ ចូរ​កុំ​ប្រព្រឹត្ដ​បាប​ទៀត»។​

12. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​បណ្ដាជន​ជា​ថ្មី​ទៀត​ថា៖​ «ខ្ញុំ​ជា​ពន្លឺ​នៃ​លោកិយ​ អ្នកណា​មក​តាម​ខ្ញុំ​ អ្នក​នោះ​មិន​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ​ គឺ​មាន​ពន្លឺ​នៃ​ជីវិត​វិញ»។​

13. ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ ទូល​ទៅ​ព្រះអង្គ​ថា៖​ «អ្នក​កំពុង​ធ្វើ​បន្ទាល់​អំពី​ខ្លួន​ឯង​ហើយ​ សេចក្ដី​បន្ទាល់​របស់​អ្នក​មិន​ពិត​ទេ»។​

14. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ទោះបី​ខ្ញុំ​កំពុង​ធ្វើ​បន្ទាល់​អំពី​ខ្លួន​ខ្ញុំ​ក៏​ដោយ​ ក៏​សេចក្ដី​បន្ទាល់​របស់​ខ្ញុំ​ជា​ការ​ពិត​ ព្រោះ​ខ្ញុំ​ដឹង​ថា​ ខ្ញុំ​មកពី​ណា​ ហើយ​ទៅ​ណា​ផង​ ប៉ុន្ដែ​អ្នក​រាល់គ្នា​វិញ​ មិន​ដឹង​ថា​ ខ្ញុំ​មកពី​ណា​ ឬ​ទៅ​ណា​ទេ​

15. អ្នក​រាល់គ្នា​វិនិច្ឆ័យ​តាម​បែប​សាច់ឈាម​ ឯ​ខ្ញុំ​មិន​វិនិច្ឆ័យ​អ្នកណា​ម្នាក់​ឡើយ​

16. ផ្ទុយ​ទៅ​វិញ​ ទោះបី​ខ្ញុំ​វិនិច្ឆ័យ​ក៏​ដោយ​ ក៏​ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​ពិត​ដែរ​ ព្រោះ​ខ្ញុំ​មិន​បាន​នៅ​តែ​ម្នាក់​ឯង​ទេ​ គឺ​មាន​ខ្ញុំ​ និង​ព្រះ​វរ​បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។​

17. សូម្បី​តែ​នៅ​ក្នុង​គម្ពីរ​វិន័យ​របស់​អ្នក​រាល់គ្នា​ក៏​មាន​សេចក្ដី​ចែង​ទុក​មក​ដែរ​ថា​ សេចក្ដី​បន្ទាល់​របស់​មនុស្ស​ពីរ​នាក់​គឺ​ជា​សេចក្ដី​ពិត​

សូមអានជំពូកពេញលេញ យ៉ូហាន 8