គម្ពីរសញ្ញាថ្មី

យ៉ូហាន 7:37-51 Khmer Christian Bible (KCB)

37. នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ពិធី​បុណ្យ​ ជា​ថ្ងៃ​ដ៏​សំខាន់​ ព្រះយេស៊ូ​ក៏​ក្រោក​ឈរ​ឡើង​ ហើយ​បន្លឺ​សំឡេង​ថា៖​ «បើ​អ្នកណា​ស្រេក​ ចូរ​មក​ឯ​ខ្ញុំ​ ហើយ​ផឹក​ចុះ​

38. អស់​អ្នក​ដែល​ជឿ​លើ​ខ្ញុំ​ អ្នក​នោះ​នឹង​មាន​ទន្លេ​ដែល​មាន​ទឹក​ផ្ដល់​ជីវិត ​ហូរ​ចេញ​ពី​ក្នុង​ចិត្ដ​មក​ ដូច​បាន​ចែង​នៅ​ក្នុង​បទគម្ពីរ​ស្រាប់»​

39. ប៉ុន្ដែ ​សេចក្ដី​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​នេះ​ គឺ​អំពី​ព្រះវិញ្ញាណ​ដែល​អស់​អ្នក​ជឿ​លើ​ព្រះអង្គ​នឹង​ទទួល​បាន​ ដ្បិត​ព្រះវិញ្ញាណ​បរិសុទ្ធ​មិន​ទាន់​យាង​មក​ទេ​ ព្រោះ​ព្រះយេស៊ូ​មិន​ទាន់​បាន​ទទួល​ការ​លើក​តម្កើង​ឡើង​នៅ​ឡើយ។​

40. ពេល​បាន​ឮ​ពាក្យ​ទាំង​នេះ​ អ្នក​ខ្លះ​ក្នុង​ចំណោម​បណ្តាជន​ក៏​និយាយ​ថា៖​ «អ្នក​នេះ​ពិត​ជា​អ្នក​នាំ​ព្រះបន្ទូល​ហើយ»​

41. អ្នក​ខ្លះ​ទៀត​ថា៖​ «អ្នក​នេះ​ជា​ព្រះគ្រិស្ដ»​ ប៉ុន្ដែ​អ្នក​ខ្លះ​ទៀត​ថា៖​ «តើ​ព្រះគ្រិស្ដ​អាច​យាង​មកពី​ស្រុក​កាលីឡេ​ដែរ​ឬ​ទេ?​

42. តើ​គម្ពីរ​មិន​ចែង​ទេ​ឬ​ថា​ ព្រះគ្រិស្ដ​នឹង​យាង​មកពី​ពូជពង្ស​របស់​ស្ដេច​ដាវីឌ​ និង​ពី​ភូមិ​បេថ្លេហិម​ជា​ភូមិ​ដែល​ស្តេច​ដាវីឌ​បាន​រស់នៅ?»​

43. ដូច្នេះ​ ក៏​កើត​មាន​ការ​បែកបាក់​គ្នា​នៅ​ក្នុង​បណ្ដាជន​ដោយ​ព្រោះ​ព្រះយេស៊ូ​

44. ហើយ​មាន​អ្នក​ខ្លះ​នៅ​ក្នុង​ចំណោម​ពួកគេ​ចង់​ចាប់​ព្រះអង្គ​ ប៉ុន្ដែ​គ្មាន​អ្នកណា​លូក​ដៃ​ចាប់​ព្រះអង្គ​ឡើយ។​

45. នៅ​ពេល​នោះ​ ពួក​ឆ្មាំ​ព្រះវិហារ​ក៏​វិល​ត្រលប់​មក​ឯ​ពួក​សម្តេច​សង្ឃ​ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ ហើយ​អ្នក​ទាំង​នោះ​ក៏​សួរ​ពួក​ឆ្មាំ​ថា៖​ «តើ​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​មិន​ចាប់​អ្នក​នោះ​មក?»​

46. ពួក​ឆ្មាំ​ព្រះវិហារ​ឆ្លើយ​ថា៖​ «មិន​ដែល​មាន​អ្នកណា​និយាយ​ដូច​អ្នក​នោះ​ទេ»។​

47. ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ក៏​តប​ទៅ​ពួក​ឆ្មាំ​ថា៖​ «តើ​អ្នក​រាល់គ្នា​ចាញ់​បោក​អ្នក​នោះ​ដែរ​ឬ?​

48. តើ​មាន​នរណា​នៅ​ក្នុង​ចំណោម​ពួក​មេ​ដឹកនាំ​ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ជឿ​អ្នក​នោះ​ដែរ​ឬ​ទេ?​

49. ប៉ុន្ដែ​បណ្ដាជន​ដែល​មិន​ស្គាល់​គម្ពីរ​វិន័យ​នេះ​ ពួកគេ​ត្រូវ​បណ្ដាសារ​ហើយ!»​

50. លោក​នីកូដេម​ ជា​អ្នក​ដែល​មក​ជួប​ព្រះអង្គ​ពី​លើក​មុន​ ហើយ​ក៏​ជា​ម្នាក់​ក្នុង​ចំណោម​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ដែរ​ គាត់​បាន​និយាយ​ទៅ​ពួកគេ​ថា៖​

51. «គម្ពីរ​វិន័យ​របស់​យើង​មិន​ដាក់​ទោស​អ្នកណា​ម្នាក់​ឡើយ​ លុះត្រា​តែ​បាន​ស្ដាប់​ ហើយ​ដឹង​អំពី​អ្វី​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត​ជា​មុន​សិន»​

សូមអានជំពូកពេញលេញ យ៉ូហាន 7