គម្ពីរសញ្ញាថ្មី

យ៉ូហាន 7:32-44 Khmer Christian Bible (KCB)

32. ពួកអ្នក​ខាង​គណៈ​ផារិស៊ី​បាន​ឮ​សេចក្ដី​ទាំង​អស់​ដែល​បណ្តាជន​បាន​ខ្សឹបខ្សៀវ​គ្នា​អំពី​ព្រះអង្គ។​ ដូច្នេះ​ពួក​សម្តេច​សង្ឃ​ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ក៏​ចាត់​ពួក​ឆ្មាំ​ព្រះវិហារ​ឲ្យ​ទៅ​ចាប់​ព្រះអង្គ។​

33. ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​តែ​បន្តិច​ទៀត​ប៉ុណ្ណោះ​ បន្ទាប់​មក​ ខ្ញុំ​នឹង​ទៅ​ជួប​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​

34. អ្នក​រាល់គ្នា​នឹង​រក​ខ្ញុំ​ ប៉ុន្ដែ​រក​មិន​ឃើញ​ទេ​ ហើយ​កន្លែង​ដែល​ខ្ញុំ​ទៅ​នោះ​ អ្នក​រាល់គ្នា​ក៏​ពុំ​អាច​ទៅ​បាន​ដែរ»។​

35. ពួក​ជនជាតិ​យូដា​ក៏​និយាយ​គ្នា​ថា៖​ «តើ​អ្នក​នេះ​បម្រុង​ទៅ​ណា​ បាន​ជា​យើង​រក​គាត់​មិន​ឃើញ?​ តើ​គាត់​បម្រុង​ទៅ​ឯ​ពួកអ្នក​ខ្ចាត់ខ្ចាយ​នៅ​ក្នុង​ចំណោម​ជនជាតិ​ក្រេក​ ហើយ​បង្រៀន​ជនជាតិ​ក្រេក​ឬ?​

36. ពាក្យ​ដែល​គាត់​និយាយ​ថា​ អ្នក​រាល់គ្នា​នឹង​រក​ខ្ញុំ​ ប៉ុន្ដែ​រក​មិន​ឃើញ​ទេ​ កន្លែង​ដែល​ខ្ញុំ​ទៅ​ អ្នក​រាល់គ្នា​ពុំ​អាច​ទៅ​បាន​ដែរ​ តើ​នេះ​មាន​ន័យ​ដូចម្តេច?»

37. នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ពិធី​បុណ្យ​ ជា​ថ្ងៃ​ដ៏​សំខាន់​ ព្រះយេស៊ូ​ក៏​ក្រោក​ឈរ​ឡើង​ ហើយ​បន្លឺ​សំឡេង​ថា៖​ «បើ​អ្នកណា​ស្រេក​ ចូរ​មក​ឯ​ខ្ញុំ​ ហើយ​ផឹក​ចុះ​

38. អស់​អ្នក​ដែល​ជឿ​លើ​ខ្ញុំ​ អ្នក​នោះ​នឹង​មាន​ទន្លេ​ដែល​មាន​ទឹក​ផ្ដល់​ជីវិត ​ហូរ​ចេញ​ពី​ក្នុង​ចិត្ដ​មក​ ដូច​បាន​ចែង​នៅ​ក្នុង​បទគម្ពីរ​ស្រាប់»​

39. ប៉ុន្ដែ ​សេចក្ដី​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​នេះ​ គឺ​អំពី​ព្រះវិញ្ញាណ​ដែល​អស់​អ្នក​ជឿ​លើ​ព្រះអង្គ​នឹង​ទទួល​បាន​ ដ្បិត​ព្រះវិញ្ញាណ​បរិសុទ្ធ​មិន​ទាន់​យាង​មក​ទេ​ ព្រោះ​ព្រះយេស៊ូ​មិន​ទាន់​បាន​ទទួល​ការ​លើក​តម្កើង​ឡើង​នៅ​ឡើយ។​

40. ពេល​បាន​ឮ​ពាក្យ​ទាំង​នេះ​ អ្នក​ខ្លះ​ក្នុង​ចំណោម​បណ្តាជន​ក៏​និយាយ​ថា៖​ «អ្នក​នេះ​ពិត​ជា​អ្នក​នាំ​ព្រះបន្ទូល​ហើយ»​

41. អ្នក​ខ្លះ​ទៀត​ថា៖​ «អ្នក​នេះ​ជា​ព្រះគ្រិស្ដ»​ ប៉ុន្ដែ​អ្នក​ខ្លះ​ទៀត​ថា៖​ «តើ​ព្រះគ្រិស្ដ​អាច​យាង​មកពី​ស្រុក​កាលីឡេ​ដែរ​ឬ​ទេ?​

42. តើ​គម្ពីរ​មិន​ចែង​ទេ​ឬ​ថា​ ព្រះគ្រិស្ដ​នឹង​យាង​មកពី​ពូជពង្ស​របស់​ស្ដេច​ដាវីឌ​ និង​ពី​ភូមិ​បេថ្លេហិម​ជា​ភូមិ​ដែល​ស្តេច​ដាវីឌ​បាន​រស់នៅ?»​

43. ដូច្នេះ​ ក៏​កើត​មាន​ការ​បែកបាក់​គ្នា​នៅ​ក្នុង​បណ្ដាជន​ដោយ​ព្រោះ​ព្រះយេស៊ូ​

44. ហើយ​មាន​អ្នក​ខ្លះ​នៅ​ក្នុង​ចំណោម​ពួកគេ​ចង់​ចាប់​ព្រះអង្គ​ ប៉ុន្ដែ​គ្មាន​អ្នកណា​លូក​ដៃ​ចាប់​ព្រះអង្គ​ឡើយ។​

សូមអានជំពូកពេញលេញ យ៉ូហាន 7