26. មើល៍ គាត់និយាយដោយបើកចំហ ប៉ុន្ដែគ្មានអ្នកណាថាអ្វីឲ្យគាត់សោះ ប្រហែលជាពួកមេដឹកនាំបានដឹងថា អ្នកនេះជាព្រះគ្រិស្ដពិតប្រាកដមែនទេដឹង?
27. យើងដឹងថា អ្នកនេះគាត់មកពីណា ប៉ុន្ដែពេលព្រះគ្រិស្ដយាងមក នោះគ្មានអ្នកណាម្នាក់ដឹងថា ព្រះអង្គមកពីណាទេ»
28. ពេលនោះព្រះយេស៊ូកំពុងបង្រៀននៅក្នុងព្រះវិហារ ព្រះអង្គក៏បន្លឺសំឡេងឡើងថា៖ «អ្នករាល់គ្នាស្គាល់ខ្ញុំ ហើយដឹងថា ខ្ញុំមកពីណា ប៉ុន្ដែខ្ញុំមិនបានមកដោយខ្លួនខ្ញុំទេ គឺព្រះជាម្ចាស់ចាត់ខ្ញុំឲ្យមក ព្រះអង្គពិតត្រង់ ហើយអ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ
29. ប៉ុន្ដែខ្ញុំស្គាល់ព្រះអង្គ ព្រោះខ្ញុំមកពីព្រះអង្គ គឺព្រះអង្គហើយដែលចាត់ខ្ញុំឲ្យមក»
30. ពេលនោះពួកគេក៏រកចាប់ព្រះអង្គ ប៉ុន្ដែគ្មានអ្នកណាលូកដៃចាប់ព្រះអង្គសោះ ព្រោះមិនទាន់ដល់ពេលវេលារបស់ព្រះអង្គនៅឡើយ
31. មានមនុស្សជាច្រើនក្នុងចំណោមបណ្តាជនបានជឿលើព្រះអង្គ ហើយពួកគេនិយាយថា៖ «ពេលព្រះគ្រិស្ដយាងមក ព្រះអង្គនឹងធ្វើទីសំគាល់អស្ចារ្យច្រើនជាងម្នាក់នេះធ្វើដែរឬទេ?»
32. ពួកអ្នកខាងគណៈផារិស៊ីបានឮសេចក្ដីទាំងអស់ដែលបណ្តាជនបានខ្សឹបខ្សៀវគ្នាអំពីព្រះអង្គ។ ដូច្នេះពួកសម្តេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ីក៏ចាត់ពួកឆ្មាំព្រះវិហារឲ្យទៅចាប់ព្រះអង្គ។
33. ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំនៅជាមួយអ្នករាល់គ្នាតែបន្តិចទៀតប៉ុណ្ណោះ បន្ទាប់មក ខ្ញុំនឹងទៅជួបព្រះអង្គដែលបានចាត់ខ្ញុំឲ្យមក
34. អ្នករាល់គ្នានឹងរកខ្ញុំ ប៉ុន្ដែរកមិនឃើញទេ ហើយកន្លែងដែលខ្ញុំទៅនោះ អ្នករាល់គ្នាក៏ពុំអាចទៅបានដែរ»។
35. ពួកជនជាតិយូដាក៏និយាយគ្នាថា៖ «តើអ្នកនេះបម្រុងទៅណា បានជាយើងរកគាត់មិនឃើញ? តើគាត់បម្រុងទៅឯពួកអ្នកខ្ចាត់ខ្ចាយនៅក្នុងចំណោមជនជាតិក្រេក ហើយបង្រៀនជនជាតិក្រេកឬ?
36. ពាក្យដែលគាត់និយាយថា អ្នករាល់គ្នានឹងរកខ្ញុំ ប៉ុន្ដែរកមិនឃើញទេ កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាពុំអាចទៅបានដែរ តើនេះមានន័យដូចម្តេច?»
37. នៅថ្ងៃចុងក្រោយនៃពិធីបុណ្យ ជាថ្ងៃដ៏សំខាន់ ព្រះយេស៊ូក៏ក្រោកឈរឡើង ហើយបន្លឺសំឡេងថា៖ «បើអ្នកណាស្រេក ចូរមកឯខ្ញុំ ហើយផឹកចុះ
38. អស់អ្នកដែលជឿលើខ្ញុំ អ្នកនោះនឹងមានទន្លេដែលមានទឹកផ្ដល់ជីវិត ហូរចេញពីក្នុងចិត្ដមក ដូចបានចែងនៅក្នុងបទគម្ពីរស្រាប់»
39. ប៉ុន្ដែ សេចក្ដីដែលព្រះអង្គបានមានបន្ទូលនេះ គឺអំពីព្រះវិញ្ញាណដែលអស់អ្នកជឿលើព្រះអង្គនឹងទទួលបាន ដ្បិតព្រះវិញ្ញាណបរិសុទ្ធមិនទាន់យាងមកទេ ព្រោះព្រះយេស៊ូមិនទាន់បានទទួលការលើកតម្កើងឡើងនៅឡើយ។