13. ទោះយ៉ាងណាក្ដី ក៏គ្មានអ្នកណានិយាយអំពីព្រះអង្គដោយបើកចំហដែរ ព្រោះខ្លាចពួកជនជាតិយូដា។
14. ពេលពិធីបុណ្យឈានដល់ពាក់កណ្តាល ព្រះយេស៊ូក៏យាងទៅបង្រៀននៅក្នុងព្រះវិហារ
15. ពេលនោះពួកជនជាតិយូដាឆ្ងល់ថា៖ «អ្នកនេះមិនដែលរៀនអ្វីឡើយ ចុះហេតុអ្វីបានជាគាត់ចេះបទគម្ពីរច្រើនម៉្លេះ?»
16. ព្រះយេស៊ូក៏មានបន្ទូលឆ្លើយទៅពួកគេថា៖ «ខ្ញុំមិនបង្រៀនអំពីសេចក្ដីបង្រៀនរបស់ខ្ញុំទេ ប៉ុន្ដែជាសេចក្ដីបង្រៀនរបស់ព្រះជាម្ចាស់ដែលបានចាត់ខ្ញុំឲ្យមក
17. បើអ្នកណាចង់ធ្វើតាមបំណងរបស់ព្រះអង្គ អ្នកនោះមុខជាដឹងអំពីសេចក្ដីបង្រៀននេះ ថាតើជាសេចក្ដីបង្រៀនមកពីព្រះជាម្ចាស់ ឬខ្ញុំនិយាយតែពីខ្លួនខ្ញុំ។
18. អ្នកណានិយាយតែពីខ្លួនឯង អ្នកនោះរកកិត្តិយសផ្ទាល់ខ្លួនប៉ុណ្ណោះ ប៉ុន្តែអ្នកណាស្វែងរកសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែលចាត់ខ្លួនឲ្យមក អ្នកនោះជាអ្នកពិតត្រង់ ហើយគ្មានសេចក្ដីទុច្ចរិតនៅក្នុងខ្លួនសោះ។
19. តើលោកម៉ូសេមិនបានប្រគល់គម្ពីរវិន័យឲ្យអ្នករាល់គ្នាទេឬ? ប៉ុន្ដែក្នុងចំណោមអ្នករាល់គ្នា គ្មានអ្នកណាម្នាក់ប្រពឹ្រត្តតាមក្រឹត្យវិន័យនោះឡើយ ហេតុអ្វីបានជាអ្នករាល់គ្នារកសម្លាប់ខ្ញុំ?»
20. បណ្តាជនក៏ឆ្លើយថា៖ «អ្នកត្រូវអារក្សចូលហើយ! តើអ្នកណារកសម្លាប់អ្នក?»
21. ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ខ្ញុំបានធ្វើការមួយ ហើយអ្នកទាំងអស់គ្នាបែរជាងឿងឆ្ងល់ទៅវិញ
22. លោកម៉ូសេបានឲ្យពិធីកាត់ស្បែកដល់អ្នករាល់គ្នា (ពិធីនោះមិនបានមកពីលោកម៉ូសេទេ គឺបានមកពីដូនតា) ហើយនៅថ្ងៃសប្ប័ទ អ្នករាល់គ្នាក៏កាត់ស្បែកឲ្យមនុស្សដែរ។
23. បើធ្វើពិធីកាត់ស្បែកឲ្យមនុស្សម្នាក់នៅថ្ងៃសប្ប័ទ ដើម្បីកុំឲ្យល្មើសគម្ពីរវិន័យរបស់លោកម៉ូសេ ចុះដូចម្ដេចក៏អ្នករាល់គ្នាខឹងខ្ញុំ ដោយព្រោះតែខ្ញុំបានប្រោសរូបកាយទាំងមូលរបស់មនុស្សម្នាក់ឲ្យជានៅថ្ងៃសប្ប័ទ?
24. ចូរកុំវិនិច្ឆ័យតាមបែបខាងក្រៅឡើយ ប៉ុន្ដែចូរវិនិច្ឆ័យតាមសេចក្ដីយុត្ដិធម៌វិញ»។
25. ពួកអ្នកក្រុងយេរូសាឡិមខ្លះនិយាយថា៖ «តើអ្នកនេះមិនមែនជាមនុស្សដែលគេរកសម្លាប់ទេឬ?
26. មើល៍ គាត់និយាយដោយបើកចំហ ប៉ុន្ដែគ្មានអ្នកណាថាអ្វីឲ្យគាត់សោះ ប្រហែលជាពួកមេដឹកនាំបានដឹងថា អ្នកនេះជាព្រះគ្រិស្ដពិតប្រាកដមែនទេដឹង?
27. យើងដឹងថា អ្នកនេះគាត់មកពីណា ប៉ុន្ដែពេលព្រះគ្រិស្ដយាងមក នោះគ្មានអ្នកណាម្នាក់ដឹងថា ព្រះអង្គមកពីណាទេ»
28. ពេលនោះព្រះយេស៊ូកំពុងបង្រៀននៅក្នុងព្រះវិហារ ព្រះអង្គក៏បន្លឺសំឡេងឡើងថា៖ «អ្នករាល់គ្នាស្គាល់ខ្ញុំ ហើយដឹងថា ខ្ញុំមកពីណា ប៉ុន្ដែខ្ញុំមិនបានមកដោយខ្លួនខ្ញុំទេ គឺព្រះជាម្ចាស់ចាត់ខ្ញុំឲ្យមក ព្រះអង្គពិតត្រង់ ហើយអ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ