គម្ពីរសញ្ញាថ្មី

យ៉ូហាន 7:12-22 Khmer Christian Bible (KCB)

12. នោះ​ក៏​កើត​មាន​ការ​ខ្សឹបខ្សៀវ​ជាច្រើន​ក្នុង​ចំណោម​បណ្តាជន​អំពី​ព្រះអង្គ​ មាន​អ្នក​ខ្លះ​ថា៖​ «គាត់​ជា​មនុស្ស​ល្អ»​ ប៉ុន្ដែ​ខ្លះ​ទៀត​ថា​ «ទេ​ គឺ​គាត់​កំពុង​បោក​បញ្ឆោត​បណ្តាជន»។​

13. ទោះ​យ៉ាងណា​ក្ដី​ ក៏​គ្មាន​អ្នកណា​និយាយ​អំពី​ព្រះអង្គ​ដោយ​បើក​ចំហ​ដែរ​ ព្រោះ​ខ្លាច​ពួក​ជនជាតិ​យូដា។​

14. ពេល​ពិធី​បុណ្យ​ឈាន​ដល់​ពាក់​កណ្តាល​ ព្រះយេស៊ូ​ក៏​យាងទៅ​បង្រៀន​នៅ​ក្នុង​ព្រះវិហារ​

15. ពេល​នោះពួក​ជនជាតិ​យូដា​ឆ្ងល់​ថា៖​ «អ្នក​នេះ​មិន​ដែល​រៀន​អ្វី​ឡើយ​ ចុះ​ហេតុអ្វី​បាន​ជា​គាត់​ចេះ​បទគម្ពីរ​ច្រើន​ម៉្លេះ?»​

16. ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​មិន​បង្រៀន​អំពី​សេចក្ដី​បង្រៀន​របស់​ខ្ញុំ​ទេ​ ប៉ុន្ដែ​ជា​សេចក្ដី​បង្រៀន​របស់​ព្រះជាម្ចាស់​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​

17. បើ​អ្នកណា​ចង់​ធ្វើ​តាម​បំណង​របស់​ព្រះអង្គ​ អ្នក​នោះ​មុខ​ជា​ដឹង​អំពី​សេចក្ដី​បង្រៀន​នេះ​ ថា​តើ​ជា​សេចក្ដី​បង្រៀន​មកពី​ព្រះជាម្ចាស់​ ឬ​ខ្ញុំ​និយាយ​តែ​ពី​ខ្លួន​ខ្ញុំ។​

18. អ្នកណា​និយាយ​តែ​ពី​ខ្លួន​ឯង​ អ្នក​នោះ​រក​កិត្តិយស​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ ប៉ុន្តែ​អ្នកណា​ស្វែងរក​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ដែល​ចាត់​ខ្លួន​ឲ្យ​មក​ អ្នក​នោះ​ជា​អ្នក​ពិត​ត្រង់​ ហើយ​គ្មាន​សេចក្ដី​ទុច្ចរិត​នៅ​ក្នុង​ខ្លួន​សោះ។​

19. តើ​លោក​ម៉ូសេ​មិន​បាន​ប្រគល់​គម្ពីរ​វិន័យ​ឲ្យ​អ្នក​រាល់គ្នា​ទេ​ឬ?​ ប៉ុន្ដែ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ គ្មាន​អ្នកណា​ម្នាក់​ប្រពឹ្រត្ត​តាម​ក្រឹត្យវិន័យ​នោះ​ឡើយ​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​រក​សម្លាប់​ខ្ញុំ?»​

20. បណ្តាជន​ក៏​ឆ្លើយ​ថា៖​ «អ្នក​ត្រូវ​អារក្ស​ចូល​ហើយ!​ តើ​អ្នកណា​រក​សម្លាប់​អ្នក?»​

21. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​បាន​ធ្វើ​ការ​មួយ​ ហើយ​អ្នក​ទាំង​អស់​គ្នា​បែរ​ជា​ងឿង​ឆ្ងល់​ទៅ​វិញ​

22. លោក​ម៉ូសេ​បាន​ឲ្យ​ពិធី​កាត់​ស្បែក​ដល់​អ្នក​រាល់គ្នា​ (ពិធី​នោះ​មិន​បាន​មកពី​លោក​ម៉ូសេ​ទេ​ គឺ​បាន​មកពី​ដូនតា)​ ហើយ​នៅ​ថ្ងៃ​សប្ប័ទ​ អ្នក​រាល់គ្នា​ក៏​កាត់​ស្បែក​ឲ្យ​មនុស្ស​ដែរ។​

សូមអានជំពូកពេញលេញ យ៉ូហាន 7