គម្ពីរសញ្ញាថ្មី

យ៉ូហាន 6:43-55 Khmer Christian Bible (KCB)

43. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ឈប់​រអ៊ូ​រទាំ​ដាក់​គ្នា​ទៀត​ទៅ!​

44. គ្មាន​អ្នកណា​អាច​មក​ឯ​ខ្ញុំ​បាន​ទេ​ លុះត្រា​តែ​ព្រះ​វរ​បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ នាំ​ពួកគេ​មក​ប៉ុណ្ណោះ​ ហើយ​ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុងក្រោយ។​

45. មាន​សេចក្តី​ចែង​ទុក​នៅ​ក្នុង​បទគម្ពីរ​របស់​ពួកអ្នក​នាំ​ព្រះបន្ទូល​ថា​ ព្រះជាម្ចាស់​បង្រៀន​គេ​ទាំង​អស់​គ្នា។​ អស់​អ្នក​ដែល​បាន​ស្ដាប់​ បាន​រៀន​ពី​ព្រះ​វរ​បិតា​ អ្នក​នោះ​នឹង​មក​ឯ​ខ្ញុំ​

46. ហើយ​គ្មាន​អ្នកណា​ធ្លាប់​ឃើញ​ព្រះ​វរ​បិតា​ឡើយ​ លើកលែង​តែ​ព្រះ​មួយ​អង្គ​ ដែល​យាង​មកពី​ព្រះជាម្ចាស់​ប៉ុណ្ណោះ​ គឺ​ព្រះអង្គ​នេះ​ហើយ​បាន​ឃើញ​ព្រះ​វរ​បិតា។​

47. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នកណា​ជឿ​ អ្នក​នោះ​មាន​ជីវិត​អស់កល្ប​ជានិច្ច។​

48. ខ្ញុំ​នេះ​ហើយ​ជា​នំប៉័ង​ជីវិត​

49. កាល​នៅ​ទីរហោឋាន ​ដូនតា​របស់​អ្នក​រាល់គ្នា​បាន​បរិភោគ​នំ​ម៉ាណា​ ហើយ​បាន​ស្លាប់​អស់​ទៅ​

50. ប៉ុន្ដែ​ នេះ​ជា​នំប៉័ង​ដែល​ចុះ​មកពី​ស្ថានសួគ៌​ អ្នកណា​ដែល​បរិភោគ​ អ្នក​នោះ​មិន​ស្លាប់​ឡើយ។​

51. ខ្ញុំ​ជា​នំប៉័ង​ជីវិត​ដែល​ចុះ​មកពី​ស្ថានសួគ៌​ បើ​អ្នកណា​បរិភោគ​នំប៉័ង​នេះ​ អ្នក​នោះ​នឹង​មាន​ជីវិត​អស់កល្ប​ជានិច្ច​ ហើយ​នំប៉័ង​ដែល​ខ្ញុំ​នឹង​ឲ្យ​ ដើម្បី​ឲ្យ​មនុស្ស​លោក​មាន​ជីវិត​នោះ​ គឺ​ជា​រូប​សាច់​របស់​ខ្ញុំ»។​

52. ពេល​នោះ​ ពួក​ជនជាតិ​យូដា​ជជែក​គ្នា​ថា៖​ «តើ​អ្នក​នេះ​អាច​ឲ្យ​សាច់​របស់​គាត់​មក​យើង​បរិភោគ​បាន​យ៉ាង​ដូចម្តេច?»​

53. ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ បើ​អ្នក​រាល់គ្នា​មិន​បរិភោគ​សាច់​ និង​មិន​ផឹក​ឈាម​របស់​កូន​មនុស្ស​ទេ​ អ្នក​រាល់គ្នា​គ្មាន​ជីវិត​ក្នុង​ខ្លួន​ឡើយ។​

54. អ្នកណា​បរិភោគ​សាច់​ និង​ផឹក​ឈាម​របស់​ខ្ញុំ​ អ្នក​នោះ​មាន​ជីវិត​អស់កល្ប​ជានិច្ច​ ហើយ​ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុងក្រោយ​

55. ពីព្រោះ​សាច់​របស់​ខ្ញុំ​ជា​អាហារ​ដ៏​ពិត​ ហើយ​ឈាម​របស់​ខ្ញុំ​ជា​ភេសជ្ជៈ​ដ៏​ពិត។​

សូមអានជំពូកពេញលេញ យ៉ូហាន 6