គម្ពីរសញ្ញាថ្មី

យ៉ូហាន 6:38-44 Khmer Christian Bible (KCB)

38. ព្រោះ​ខ្ញុំ​ចុះ​ពី​ស្ថានសួគ៌​មក​ មិន​មែន​ធ្វើ​តាម​បំណង​របស់​ខ្លួន​ឯង​ទេ​ គឺ​ធ្វើ​តាម​បំណង​របស់​ព្រះជាម្ចាស់​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​

39. ហើយ​នេះ​ជា​បំណង​របស់​ព្រះជាម្ចាស់​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ គឺ​មិន​ឲ្យ​ខ្ញុំ​បាត់បង់​នរណា​ម្នាក់​ក្នុង​ចំណោម​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ទេ​ ប៉ុន្ដែ​ខ្ញុំ​នឹង​ប្រោស​ពួកគេ​ឲ្យរ​ស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុង​ក្រោយ​

40. ដ្បិត​នេះ​ហើយ​ជា​បំណង​របស់​ព្រះ​វរ​បិតា​ខ្ញុំ​ គឺ​ឲ្យ​អស់​អ្នកណា​ដែល​ឃើញ​ព្រះរាជ​បុត្រា​ហើយ​ជឿ​លើ​ព្រះអង្គ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​ រីឯ​ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុង​ក្រោយ»។​

41. ពួក​ជនជាតិ​យូដា​ក៏​រអ៊ូ​រទាំ​ដាក់​គ្នា​អំពី​ព្រះយេស៊ូ​ ព្រោះ​ព្រះអង្គ​មាន​បន្ទូល​ថា​ ខ្ញុំ​ជា​នំប៉័ង​ដែល​ចុះ​ពី​ស្ថានសួគ៌។​

42. ពួកគេ​និយាយ​ថា៖​ «តើ​អ្នក​នេះ​មិន​មែន​ជា​យេស៊ូ​ កូន​ប្រុស​របស់​លោក​យ៉ូសែប​ ដែល​យើង​បាន​ស្គាល់​ទាំង​ឪពុក​ទាំង​ម្តាយ​ទេ​ឬ?​ ហេតុ​ដូចម្ដេច​ក៏​គាត់​និយាយ​ថា​ ខ្ញុំ​ចុះ​មកពី​ស្ថានសួគ៌​ដូច្នេះ?»​

43. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ឈប់​រអ៊ូ​រទាំ​ដាក់​គ្នា​ទៀត​ទៅ!​

44. គ្មាន​អ្នកណា​អាច​មក​ឯ​ខ្ញុំ​បាន​ទេ​ លុះត្រា​តែ​ព្រះ​វរ​បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ នាំ​ពួកគេ​មក​ប៉ុណ្ណោះ​ ហើយ​ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុងក្រោយ។​

សូមអានជំពូកពេញលេញ យ៉ូហាន 6