36. ប៉ុន្ដែខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយថា អ្នករាល់គ្នាបានឃើញខ្ញុំ ប៉ុន្ដែអ្នករាល់គ្នាមិនជឿទេ
37. អស់អ្នកដែលព្រះវរបិតាប្រទានឲ្យខ្ញុំ នឹងមកឯខ្ញុំ ហើយអស់អ្នកដែលមកឯខ្ញុំ ខ្ញុំនឹងមិនបោះបង់ចោលឡើយ
38. ព្រោះខ្ញុំចុះពីស្ថានសួគ៌មក មិនមែនធ្វើតាមបំណងរបស់ខ្លួនឯងទេ គឺធ្វើតាមបំណងរបស់ព្រះជាម្ចាស់ដែលបានចាត់ខ្ញុំឲ្យមក
39. ហើយនេះជាបំណងរបស់ព្រះជាម្ចាស់ដែលចាត់ខ្ញុំឲ្យមក គឺមិនឲ្យខ្ញុំបាត់បង់នរណាម្នាក់ក្នុងចំណោមអស់អ្នកដែលព្រះអង្គបានប្រទានឲ្យខ្ញុំទេ ប៉ុន្ដែខ្ញុំនឹងប្រោសពួកគេឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ
40. ដ្បិតនេះហើយជាបំណងរបស់ព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រាហើយជឿលើព្រះអង្គមានជីវិតអស់កល្បជានិច្ច រីឯខ្ញុំនឹងប្រោសអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ»។
41. ពួកជនជាតិយូដាក៏រអ៊ូរទាំដាក់គ្នាអំពីព្រះយេស៊ូ ព្រោះព្រះអង្គមានបន្ទូលថា ខ្ញុំជានំប៉័ងដែលចុះពីស្ថានសួគ៌។
42. ពួកគេនិយាយថា៖ «តើអ្នកនេះមិនមែនជាយេស៊ូ កូនប្រុសរបស់លោកយ៉ូសែប ដែលយើងបានស្គាល់ទាំងឪពុកទាំងម្តាយទេឬ? ហេតុដូចម្ដេចក៏គាត់និយាយថា ខ្ញុំចុះមកពីស្ថានសួគ៌ដូច្នេះ?»
43. ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ឈប់រអ៊ូរទាំដាក់គ្នាទៀតទៅ!
44. គ្មានអ្នកណាអាចមកឯខ្ញុំបានទេ លុះត្រាតែព្រះវរបិតាដែលចាត់ខ្ញុំឲ្យមក នាំពួកគេមកប៉ុណ្ណោះ ហើយខ្ញុំនឹងប្រោសអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ។
45. មានសេចក្តីចែងទុកនៅក្នុងបទគម្ពីររបស់ពួកអ្នកនាំព្រះបន្ទូលថា ព្រះជាម្ចាស់បង្រៀនគេទាំងអស់គ្នា។ អស់អ្នកដែលបានស្ដាប់ បានរៀនពីព្រះវរបិតា អ្នកនោះនឹងមកឯខ្ញុំ
46. ហើយគ្មានអ្នកណាធ្លាប់ឃើញព្រះវរបិតាឡើយ លើកលែងតែព្រះមួយអង្គ ដែលយាងមកពីព្រះជាម្ចាស់ប៉ុណ្ណោះ គឺព្រះអង្គនេះហើយបានឃើញព្រះវរបិតា។
47. ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាជឿ អ្នកនោះមានជីវិតអស់កល្បជានិច្ច។
48. ខ្ញុំនេះហើយជានំប៉័ងជីវិត