គម្ពីរសញ្ញាថ្មី

យ៉ូហាន 6:25-37 Khmer Christian Bible (KCB)

25. ពេល​បាន​ជួប​ព្រះអង្គ​នៅ​ត្រើយ​ម្ខាង​ហើយ​ ពួកគេ​ទូល​សួរ​ព្រះអង្គ​ថា៖​ «លោកគ្រូ!​ លោក​មក​ដល់​ទី​នេះ​ពី​កាលណា?»​

26. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នក​រាល់គ្នា​រក​ខ្ញុំ​នេះ​មិន​មែន​ដោយសារ​បាន​ឃើញ​ទី​សំគាល់​អស្ចារ្យ​ទេ​ គឺ​ដោយសារ​អ្នក​រាល់គ្នា​បាន​បរិភោគ​នំប៉័ង​ ហើយ​បាន​ឆ្អែត​ប៉ុណ្ណោះ​

27. ចូរ​កុំ​ធ្វើ​ការ​ដើម្បី​តែ​អាហារ​ដែល​នឹង​ខូច​រលួយ​ ប៉ុន្ដែ​ចូរ​ធ្វើ​ការ​ដើម្បី​អាហារ​ដែល​នៅ​ស្ថិតស្ថេរ​ដរាប​ដល់​ជីវិត​អស់កល្ប​ជានិច្ច​ ដែល​កូន​មនុស្ស​នឹង​ឲ្យ​អ្នក​រាល់គ្នា​ ដ្បិត​ព្រះជាម្ចាស់​ដ៏​ជា​ព្រះ​វរ​បិតា​បាន​ដៅ​ព្រះអង្គ​ចំណាំ​ទុក»។​

28. ពួកគេ​ក៏​ទូល​សួរ​ព្រះអង្គ​ថា៖​ «ដើម្បី​ធ្វើ​កិច្ចការ​របស់​ព្រះជាម្ចាស់​បាន​ តើ​ឲ្យ​យើង​ធ្វើ​អ្វី​ខ្លះ?»​

29. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «នេះ​ជា​កិច្ចការ​របស់​ព្រះជាម្ចាស់​ គឺ​ឲ្យ​អ្នក​រាល់គ្នា​ជឿ​លើ​ព្រះ​មួយ​អង្គ​ដែល​ព្រះជាម្ចាស់​ចាត់​ឲ្យ​មក»។​

30. ពួកគេ​ក៏​ទូល​សួរ​ព្រះអង្គ​ទៀត​ថា៖​ «បើ​ដូច្នេះ​ តើ​លោក​នឹង​ធ្វើ​ទី​សំគាល់​អស្ចារ្យ​អ្វី​ដើម្បី​ឲ្យ​យើង​ឃើញ​ ហើយ​ជឿ​លោក?​ តើ​លោក​នឹង​ធ្វើ​អ្វី?​

31. កាល​នៅ​ទីរហោឋាន​ ដូនតា​របស់​យើង​បាន​បរិភោគ​នំ​ម៉ាណា​ ដូច​មាន​សេចក្តី​ចែង​ទុក​ថា​ ព្រះអង្គ​បាន​ប្រទាន​នំប៉័ង​ពី​ស្ថានសួគ៌​ ឲ្យ​ពួកគេ​បរិភោគ»។​

32. ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​វិញ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ មិន​មែន​លោក​ម៉ូសេ​ឲ្យ​នំប៉័ង​ពី​ស្ថានសួគ៌​ដល់​អ្នក​រាល់គ្នា​ទេ​ គឺ​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ទេ​តើ​ ដែល​បាន​ប្រទាន​នំប៉័ង​ដ៏​ពិត​ពី​ស្ថានសួគ៌​ដល់​អ្នក​រាល់គ្នា​

33. រីឯ​នំប៉័ង​របស់​ព្រះជាម្ចាស់​ គឺ​ជា​ព្រះ​មួយ​អង្គ​ដែល​យាង​ចុះ​ពី​ស្ថានសួគ៌​ ហើយ​ប្រទាន​ជីវិត​ឲ្យ​ មនុស្ស​លោក»​

34. ពួកគេ​ទូល​ព្រះអង្គ​ទៀត​ថា៖​ «លោក​ម្ចាស់​អើយ!​ សូម​ឲ្យ​នំប៉័ង​នោះ​មក​យើង​ជា​រៀង​រហូត​ផង»។​

35. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ជា​នំប៉័ង​ជីវិត​ អ្នកណា​ដែល​មក​ឯ​ខ្ញុំ​ មិន​ឃ្លាន​ទៀត​ឡើយ​ ហើយ​អ្នកណា​ដែល​ជឿ​លើ​ខ្ញុំ ក៏​មិន​ស្រេក​ទៀត​ដែរ​

36. ប៉ុន្ដែ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​រួច​ហើយ​ថា​ អ្នក​រាល់គ្នា​បាន​ឃើញ​ខ្ញុំ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​មិន​ជឿ​ទេ​

37. អស់​អ្នក​ដែល​ព្រះ​វរ​បិតា​ប្រទាន​ឲ្យ​ខ្ញុំ​ នឹង​មក​ឯ​ខ្ញុំ​ ហើយ​អស់​អ្នក​ដែល​មក​ឯ​ខ្ញុំ​ ខ្ញុំ​នឹង​មិន​បោះបង់​ចោល​ឡើយ​

សូមអានជំពូកពេញលេញ យ៉ូហាន 6