គម្ពីរសញ្ញាថ្មី

យ៉ូហាន 6:1-12 Khmer Christian Bible (KCB)

1. បន្ទាប់ពី​ហេតុការណ៍​ទាំង​នេះ​ ព្រះយេស៊ូ​ក៏​យាង​ទៅ​ត្រើយ​ម្ខាង​នៃ​បឹង​កាលីឡេ​ គឺ​បឹង​ទីបេរាស​

2. ហើយ​មាន​បណ្តាជន​ច្រើន​កុះករ​មក​តាម​ព្រះអង្គ​ ព្រោះ​ពួកគេ​បាន​ឃើញ​ទី​សំគាល់​អស្ចារ្យ​ទាំងឡាយ​ដែល​ព្រះអង្គ​បាន​​ប្រោស​ពួកអ្នក​ឈឺ។​

3. ដូច្នេះ​ព្រះយេស៊ូ​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ​ ហើយ​បាន​គង់​នៅ​ទី​នោះ​ជាមួយ​ពួក​សិស្ស​របស់​ព្រះអង្គ។​

4. រីឯ​បុណ្យ​រំលង​ ដែល​ជា​ពិធី​បុណ្យ​របស់​ជនជាតិ​យូដា​ក៏​កំពុង​ខិតជិត​មក​ដល់​ដែរ។​

5. នៅ​ពេល​ព្រះយេស៊ូ​ទត​ទៅ​ នោះ​ក៏​ឃើញ​បណ្តាជន​ច្រើន​កុះករ​កំពុង​មក​ឯ​ព្រះអង្គ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​លោក​ភីលីព​ថា៖​ «តើ​ឲ្យ​យើង​ទិញ​នំប៉័ង​ពី​ណា​មក​ ដើម្បី​ឲ្យ​អ្នក​ទាំង​នេះ​បរិភោគ​បាន?»​

6. ព្រះអង្គ​មាន​បន្ទូល​ដូច្នេះ​ដើម្បី​ល្បងល​គាត់​ប៉ុណ្ណោះ​ ព្រោះ​ព្រះអង្គ​ដឹង​អំពី​អ្វី​ដែល​ព្រះអង្គ​បម្រុង​ធ្វើ​ហើយ។​

7. លោក​ភីលីព​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ទោះបី​ទិញ​នំប៉័ង​អស់​កាក់​ពីរ​រយ​ឌេណារី​ ហើយ​ចែក​ម្នាក់​បន្ដិចៗ​ក៏​ដោយ​ ក៏​នៅ​តែ​មិន​គ្រាន់​សម្រាប់​គ្រប់​គ្នា​ដែរ»​

8. សិស្ស​របស់​ព្រះអង្គ​ម្នាក់​ឈ្មោះ​ អនទ្រេ​ ជា​ប្អូន​របស់​លោក​ស៊ីម៉ូនពេត្រុស​ បាន​ទូល​ទៅ​ព្រះអង្គ​ថា៖​

9. «នៅ​ទី​នេះ​មាន​ក្មេង​ប្រុស​ម្នាក់​មាន​នំប៉័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​ ប៉ុន្ដែ​តើ​ធ្វើ​ដូច​ម្ដេច​គ្រាន់​ បើ​មនុស្ស​ច្រើន​ម្ល៉េះ?»​

10. ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ចូរ​ឲ្យ​មនុស្ស​ទាំងឡាយ​អង្គុយ​ចុះ»។​ នៅ​ទី​នោះ​មាន​ស្មៅ​ច្រើន​ណាស់​ ដូច្នេះ​ ពួកគេ​ក៏​អង្គុយ​ចុះ​ គឺ​មាន​គ្នា​ប្រហែល​ប្រាំ​ពាន់​នាក់​

11. បន្ទាប់​មក​ ព្រះយេស៊ូ​ក៏​យក​នំប៉័ង​មក​ ហើយ​អរ​ព្រះគុណ​ រួច​ចែក​ទៅ​ឲ្យ​ពួកអ្នក​ដែល​អង្គុយ​តាម​ដែល​ពួកគេ​ត្រូវ​ការ​ រីឯ​ត្រី​វិញ​ ព្រះអង្គ​ក៏​ធ្វើ​ដូច្នោះ​ដែរ។​

12. ពេល​ពួកគេ​ឆ្អែត​ហើយ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​ «ចូរ​ប្រមូល​ចំណិត​នំប៉័ង​ដែល​នៅ​សល់​ កុំ​ខ្ជះខ្ជាយ​ឡើយ»។​

សូមអានជំពូកពេញលេញ យ៉ូហាន 6