9. ភ្លាមនោះ គាត់ក៏ជាសះស្បើយ ហើយយកកន្ទេលរបស់គាត់ចេញទៅ។ ថ្ងៃនោះជាថ្ងៃសប្ប័ទ
10. ដូច្នេះពួកជនជាតិយូដានិយាយទៅអ្នកដែលបានជានោះថា៖ «ថ្ងៃនេះជាថ្ងៃសប្ប័ទ វិន័យមិនអនុញ្ញាតឲ្យអ្នកលីកន្ទេលរបស់អ្នកទេ»
11. ប៉ុន្ដែគាត់ឆ្លើយទៅពួកគេថា៖ «អ្នកប្រោសខ្ញុំឲ្យជាបានបង្គាប់ខ្ញុំថា ចូរយកកន្ទេលរបស់អ្នក ហើយទៅចុះ»។
12. ពួកគេក៏សួរគាត់ថា៖ «តើអ្នកដែលប្រាប់អ្នកថា ចូរយកកន្ទេល ហើយទៅចុះនោះជានរណា?»
13. ប៉ុន្ដែបុរសដែលបានជានោះក៏មិនដឹងថានោះជានរណាដែរ ព្រោះព្រះយេស៊ូបានយាងចេញទៅបាត់ក្នុងចំណោមបណ្ដាជនដែលនៅកន្លែងនោះ។
14. បន្ទាប់ពីហេតុការណ៍ទាំងនេះ ព្រះយេស៊ូបានឃើញគាត់ក្នុងព្រះវិហារ ក៏មានបន្ទូលទៅគាត់ថា៖ «មើល៍ អ្នកបានជាហើយ ចូរកុំប្រព្រឹត្ដបាបទៀត បើមិនដូច្នោះទេ អ្នកមុខជាកើតសេចក្តីវេទនាជាងមុនទៅទៀត»
15. បុរសនោះក៏ចេញទៅប្រាប់ពួកជនជាតិយូដាថា អ្នកដែលបានប្រោសគាត់ឲ្យជា គឺព្រះយេស៊ូ។
16. ហេតុនេះហើយ ពួកជនជាតិយូដាបានបៀតបៀនព្រះយេស៊ូ ដោយសារតែព្រះអង្គធ្វើការនោះនៅថ្ងៃសប្ប័ទ។
17. ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ព្រះវរបិតារបស់ខ្ញុំធ្វើការរហូតដល់សព្វថ្ងៃនេះ ដូច្នេះខ្ញុំក៏ធ្វើការដែរ»។
18. ហេតុនេះហើយ ពួកជនជាតិយូដាចង់សម្លាប់ព្រះអង្គកាន់តែខ្លាំងឡើង ព្រោះព្រះអង្គមិនគ្រាន់តែល្មើសវិន័យថ្ងៃសប្ប័ទប៉ុណ្ណោះទេ ថែមទាំងហៅព្រះជាម្ចាស់ថាជាព្រះវរបិតារបស់ព្រះអង្គទៀត គឺព្រះអង្គលើកខ្លួនឯងស្មើនឹងព្រះជាម្ចាស់។
19. ព្រះយេស៊ូក៏មានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា ព្រះរាជបុត្រាមិនអាចធ្វើការអ្វីមួយដោយខ្លួនឯងបានទេ លុះត្រាតែព្រះអង្គឃើញព្រះវរបិតាធ្វើការនោះ ដ្បិតការអ្វីដែលព្រះវរបិតាធ្វើ នោះព្រះរាជបុត្រាក៏ធ្វើការដូច្នោះដែរ
20. ព្រោះព្រះវរបិតាស្រឡាញ់ព្រះរាជបុត្រា ហើយបានបង្ហាញព្រះរាជបុត្រាពីកិច្ចការទាំងអស់ដែលព្រះអង្គធ្វើ រួចព្រះអង្គនឹងបង្ហាញព្រះរាជបុត្រាពីកិច្ចការដែលធំជាងនេះទៅទៀត ដើម្បីឲ្យអ្នករាល់គ្នាស្ងើចសរសើរ
21. ដ្បិតព្រះវរបិតាប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយប្រទានជីវិតដល់គេជាយ៉ាងណា នោះព្រះរាជបុត្រាក៏ប្រទានជីវិតដល់អស់អ្នកដែលព្រះអង្គសព្វព្រះហឫទ័យជាយ៉ាងនោះដែរ