គម្ពីរសញ្ញាថ្មី

យ៉ូហាន 5:26-39 Khmer Christian Bible (KCB)

26. ​ព្រះ​វរ​បិតា​មាន​ជីវិត​នៅ​ក្នុង​ព្រះអង្គ​ផ្ទាល់​យ៉ាង​ណា​ នោះ​ព្រះអង្គ​ក៏​ប្រទាន​ឲ្យ​ព្រះរាជ​បុត្រា​មាន​ជីវិត​នៅ​ក្នុង​ព្រះអង្គ​ផ្ទាល់​យ៉ាង​នោះ​ដែរ​

27. ហើយ​ព្រះអង្គ​បាន​ប្រទាន​សិទ្ធិ​អំណាច​ឲ្យ​ព្រះរាជ​បុត្រា​ជំនុំជម្រះ​ ព្រោះ​ព្រះរាជ​បុត្រា​ជា​កូន​មនុស្ស​

28. ចូរ​កុំ​ឆ្ងល់​ពី​សេចក្តី​នេះ​ឡើយ​ ដ្បិត​នឹង​មាន​ពេល​មួយ​មក​ដល់​ គឺ​ពួក​មនុស្ស​ស្លាប់​ទាំង​អស់​ដែល​នៅ​ក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​របស់​ព្រះរាជ​បុត្រា​

29. ហើយ​ចេញ​មក​ ​អស់​អ្នក​ប្រព្រឹត្ត​ល្អ​នឹង​រស់​ឡើង​វិញ​ដើម្បី​មាន​ជីវិត​ រីឯ​អស់​អ្នក​ប្រព្រឹត្ត​អាក្រក់​នឹង​រស់​ឡើង​វិញ​ដើម្បី​ទទួល​ការ​ជំនុំជម្រះ​

30. ដូច្នេះខ្ញុំ​មិន​អាច​ធ្វើ​ការ​អ្វី​មួយ​ដោយ​ខ្លួន​ឯង​បាន​ទេ​ ខ្ញុំ​ជំនុំជម្រះ​តាម​តែ​ខ្ញុំ​ឮ​ ហើយ​ការ​ជំនុំជម្រះ​របស់​ខ្ញុំ​ក៏​សុចរិត​ ព្រោះ​ខ្ញុំ​មិន​ធ្វើ​តាម​បំណង​របស់​ខ្លួន​ឯង​ទេ​ គឺ​តាម​បំណង​របស់​ព្រះជាម្ចាស់​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​វិញ។​

31. បើ​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ​ នោះ​សេចក្តី​បន្ទាល់​របស់​ខ្ញុំ​មិន​ពិត​ទេ​

32. ផ្ទុយ​ទៅ​វិញ​មាន​ម្នាក់​ទៀត​ដែល​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ​ ហើយ​ខ្ញុំ​ដឹង​ថា​ សេចក្តី​បន្ទាល់​ដែល​អ្នក​នោះ​បាន​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ​ គឺ​ពិត​ប្រាកដ។​

33. អ្នក​រាល់គ្នា​បាន​ចាត់​មនុស្ស​ឲ្យ​ទៅ​ឯ​លោក​យ៉ូហាន​ ហើយ​គាត់​បាន​ធ្វើ​បន្ទាល់​អំពី​សេចក្តី​ពិត​

34. ប៉ុន្ដែ​សេចក្ដី​បន្ទាល់​ដែល​ខ្ញុំ​បាន​ទទួល​នោះ​មិន​មែន​មកពី​មនុស្ស​ទេ​ ព្រោះ​ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ​ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទទួល​សេចក្ដី​សង្គ្រោះ​

35. រីឯ​លោក​យ៉ូហាន​វិញ​ គាត់​ជា​ចង្កៀង​កំពុង​ឆេះ​ និង​កំពុង​បញ្ចេញ​ពន្លឺ​ ហើយ​អ្នក​រាល់គ្នា​ចង់​រីករាយ​ជាមួយ​ពន្លឺ​របស់​គាត់​មួយ​រយៈ​ពេល​

36. ប៉ុន្ដែ​សេចក្ដី​បន្ទាល់​ដែល​ខ្ញុំ​មាន​នោះ​វិសេស​ជាង​សេចក្ដី​បន្ទាល់​របស់​លោក​យ៉ូហាន រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​កំពុង​ធ្វើ​នេះ​ បាន​ធ្វើបន្ទាល់​ថា ព្រះ​វរ​បិតា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន​ ដ្បិត​ព្រះ​វរ​បិតា​បាន​ប្រគល់​កិច្ចការ​ទាំង​ប៉ុន្មាន​ឲ្យ​ខ្ញុំ​ធ្វើ​បង្ហើយ​

37. ហើយ​ព្រះ​វរ​បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ ព្រះអង្គ​ក៏​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ​ដែរ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​មិន​ធ្លាប់​ឮ​សំឡេង​របស់​ព្រះអង្គ​ឡើយ​ ហើយ​ក៏​មិន​ធ្លាប់​ឃើញ​រូបរាង​របស់​ព្រះអង្គ​ដែរ។​

38. អ្នក​រាល់គ្នា​គ្មាន​ព្រះបន្ទូល​របស់​ព្រះអង្គ​នៅ​ក្នុង​ខ្លួន​ទាល់​តែ​សោះ​ ព្រោះ​អ្នក​រាល់គ្នា​មិន​ជឿ​ព្រះ​មួយ​អង្គ​នេះ​ដែល​ព្រះ​វរ​បិតា​បាន​ចាត់​ឲ្យ​មក​

39. រួច​អ្នក​រាល់​គ្នា​ខំ​ស្រាវជ្រាវ​បទគម្ពីរ​ ព្រោះ​អ្នក​រាល់គ្នា​ស្មាន​ថា​ អាច​មាន​ជីវិត​អស់កល្ប​ជានិច្ច​ដោយសារ​បទគម្ពីរ​ទាំង​នោះ​ ប៉ុន្ដែ​បទគម្ពីរ​ទាំង​នោះ​បាន​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ។​

សូមអានជំពូកពេញលេញ យ៉ូហាន 5