23. ដើម្បីឲ្យមនុស្សគ្រប់គ្នាគោរពព្រះរាជបុត្រា ដូចជាគោរពព្រះវរបិតាដែរ។ អ្នកណាដែលមិនគោរពព្រះរាជបុត្រា នោះក៏មិនគោរពព្រះវរបិតាដែលចាត់ព្រះរាជបុត្រាឲ្យមកដែរ។
24. ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាស្តាប់ពាក្យរបស់ខ្ញុំ ហើយជឿព្រះមួយអង្គដែលបានចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច មិនជាប់សេចក្ដីជំនុំជម្រះទេ គឺត្រូវបានចម្លងឲ្យផុតពីសេចក្តីស្លាប់ទៅឯជីវិតវិញ។
25. ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា នឹងមានពេលមួយមកដល់ គឺពេលនេះហើយដែលមនុស្សស្លាប់នឹងឮសំឡេងព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ហើយអស់អ្នកដែលឮនឹងមានជីវិត។
26. ព្រះវរបិតាមានជីវិតនៅក្នុងព្រះអង្គផ្ទាល់យ៉ាងណា នោះព្រះអង្គក៏ប្រទានឲ្យព្រះរាជបុត្រាមានជីវិតនៅក្នុងព្រះអង្គផ្ទាល់យ៉ាងនោះដែរ
27. ហើយព្រះអង្គបានប្រទានសិទ្ធិអំណាចឲ្យព្រះរាជបុត្រាជំនុំជម្រះ ព្រោះព្រះរាជបុត្រាជាកូនមនុស្ស
28. ចូរកុំឆ្ងល់ពីសេចក្តីនេះឡើយ ដ្បិតនឹងមានពេលមួយមកដល់ គឺពួកមនុស្សស្លាប់ទាំងអស់ដែលនៅក្នុងផ្នូរនឹងឮសំឡេងរបស់ព្រះរាជបុត្រា
29. ហើយចេញមក អស់អ្នកប្រព្រឹត្តល្អនឹងរស់ឡើងវិញដើម្បីមានជីវិត រីឯអស់អ្នកប្រព្រឹត្តអាក្រក់នឹងរស់ឡើងវិញដើម្បីទទួលការជំនុំជម្រះ
30. ដូច្នេះខ្ញុំមិនអាចធ្វើការអ្វីមួយដោយខ្លួនឯងបានទេ ខ្ញុំជំនុំជម្រះតាមតែខ្ញុំឮ ហើយការជំនុំជម្រះរបស់ខ្ញុំក៏សុចរិត ព្រោះខ្ញុំមិនធ្វើតាមបំណងរបស់ខ្លួនឯងទេ គឺតាមបំណងរបស់ព្រះជាម្ចាស់ដែលចាត់ខ្ញុំឲ្យមកនោះវិញ។
31. បើខ្ញុំធ្វើបន្ទាល់ពីខ្លួនខ្ញុំ នោះសេចក្តីបន្ទាល់របស់ខ្ញុំមិនពិតទេ
32. ផ្ទុយទៅវិញមានម្នាក់ទៀតដែលធ្វើបន្ទាល់អំពីខ្ញុំ ហើយខ្ញុំដឹងថា សេចក្តីបន្ទាល់ដែលអ្នកនោះបានធ្វើបន្ទាល់អំពីខ្ញុំ គឺពិតប្រាកដ។
33. អ្នករាល់គ្នាបានចាត់មនុស្សឲ្យទៅឯលោកយ៉ូហាន ហើយគាត់បានធ្វើបន្ទាល់អំពីសេចក្តីពិត
34. ប៉ុន្ដែសេចក្ដីបន្ទាល់ដែលខ្ញុំបានទទួលនោះមិនមែនមកពីមនុស្សទេ ព្រោះខ្ញុំនិយាយសេចក្ដីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នាបានទទួលសេចក្ដីសង្គ្រោះ
35. រីឯលោកយ៉ូហានវិញ គាត់ជាចង្កៀងកំពុងឆេះ និងកំពុងបញ្ចេញពន្លឺ ហើយអ្នករាល់គ្នាចង់រីករាយជាមួយពន្លឺរបស់គាត់មួយរយៈពេល
36. ប៉ុន្ដែសេចក្ដីបន្ទាល់ដែលខ្ញុំមាននោះវិសេសជាងសេចក្ដីបន្ទាល់របស់លោកយ៉ូហាន រីឯកិច្ចការទាំងប៉ុន្មានដែលខ្ញុំកំពុងធ្វើនេះ បានធ្វើបន្ទាល់ថា ព្រះវរបិតាបានចាត់ខ្ញុំឲ្យមកមែន ដ្បិតព្រះវរបិតាបានប្រគល់កិច្ចការទាំងប៉ុន្មានឲ្យខ្ញុំធ្វើបង្ហើយ
37. ហើយព្រះវរបិតាដែលចាត់ខ្ញុំឲ្យមកនោះ ព្រះអង្គក៏ធ្វើបន្ទាល់អំពីខ្ញុំដែរ ប៉ុន្ដែអ្នករាល់គ្នាមិនធ្លាប់ឮសំឡេងរបស់ព្រះអង្គឡើយ ហើយក៏មិនធ្លាប់ឃើញរូបរាងរបស់ព្រះអង្គដែរ។