គម្ពីរសញ្ញាថ្មី

យ៉ូហាន 5:12-24 Khmer Christian Bible (KCB)

12. ពួកគេ​ក៏​សួរ​គាត់​ថា៖​ «តើ​អ្នក​ដែល​ប្រាប់​អ្នក​ថា​ ចូរ​យក​កន្ទេល​ ហើយ​ទៅ​ចុះ​នោះ​ជា​នរណា?»​

13. ប៉ុន្ដែ​បុរស​ដែល​បាន​ជា​នោះ​ក៏​មិន​ដឹង​ថា​នោះ​ជា​នរណា​ដែរ​ ព្រោះ​ព្រះយេស៊ូ​បាន​យាង​ចេញ​ទៅ​បាត់​ក្នុង​ចំណោម​បណ្ដាជន​ដែល​នៅ​កន្លែង​នោះ។​

14. បន្ទាប់ពី​ហេតុការណ៍​ទាំង​នេះ​ ព្រះយេស៊ូ​បាន​ឃើញ​គាត់​ក្នុង​ព្រះវិហារ​ ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «មើល៍​ អ្នក​បាន​ជា​ហើយ​ ចូរ​កុំ​ប្រព្រឹត្ដ​បាប​ទៀត​ បើ​មិន​ដូច្នោះ​ទេ​ អ្នក​មុខ​ជា​កើត​សេចក្តី​វេទនា​ជាង​មុន​ទៅ​ទៀត»​

15. បុរស​នោះ​ក៏​ចេញ​ទៅ​ប្រាប់​ពួក​ជនជាតិ​យូដា​ថា​ អ្នក​ដែល​បាន​ប្រោស​គាត់​ឲ្យ​ជា​ គឺ​ព្រះយេស៊ូ។​

16. ហេតុ​នេះ​ហើយ​ ពួក​ជនជាតិ​យូដា​បាន​បៀតបៀន​ព្រះយេស៊ូ​ ដោយសារ​តែ​ព្រះអង្គ​ធ្វើ​ការ​នោះ​នៅ​ថ្ងៃ​សប្ប័ទ។​

17. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ព្រះ​វរ​បិតា​របស់​ខ្ញុំ​ធ្វើ​ការ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ ដូច្នេះ​ខ្ញុំ​ក៏​ធ្វើ​ការ​ដែរ»។​

18. ហេតុ​នេះ​ហើយ​ ពួក​ជនជាតិ​យូដា​ចង់​សម្លាប់​ព្រះអង្គ​កាន់​តែ​ខ្លាំង​ឡើង​ ព្រោះ​ព្រះអង្គ​មិន​គ្រាន់​តែ​ល្មើស​វិន័យ​ថ្ងៃ​សប្ប័ទ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ហៅ​ព្រះជាម្ចាស់​ថា​ជា​ព្រះ​វរ​បិតា​របស់​ព្រះអង្គ​ទៀត​ គឺ​ព្រះអង្គ​លើក​ខ្លួន​ឯង​ស្មើ​នឹង​ព្រះជាម្ចាស់។​

19. ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ ព្រះរាជ​បុត្រា​មិន​អាច​ធ្វើ​ការ​អ្វី​មួយ​ដោយ​ខ្លួន​ឯង​បាន​ទេ​ លុះត្រា​តែ​ព្រះអង្គ​ឃើញ​ព្រះ​វរ​បិតា​ធ្វើ​ការ​នោះ​ ដ្បិត​ការ​អ្វី​ដែល​ព្រះ​វរ​បិតា​ធ្វើ​ នោះ​ព្រះរាជ​បុត្រា​ក៏​ធ្វើ​ការ​ដូច្នោះ​ដែរ​

20. ព្រោះ​ព្រះ​វរ​បិតា​ស្រឡាញ់​ព្រះរាជ​បុត្រា​ ហើយ​បាន​បង្ហាញ​ព្រះរាជ​បុត្រា​ពី​កិច្ចការ​ទាំង​អស់​ដែល​ព្រះអង្គ​ធ្វើ​ រួច​ព្រះអង្គ​នឹង​បង្ហាញ​ព្រះរាជ​បុត្រា​ពី​កិច្ចការ​ដែល​ធំ​ជាង​នេះ​ទៅ​ទៀត​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ស្ងើច​សរសើរ​

21. ដ្បិត​ព្រះ​វរ​បិតា​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ ហើយ​ប្រទាន​ជីវិត​ដល់​គេ​ជា​យ៉ាង​ណា​ នោះ​ព្រះរាជ​បុត្រា​ក៏​ប្រទាន​ជីវិត​ដល់​អស់​អ្នក​ដែល​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​ជា​យ៉ាង​នោះ​ដែរ​

22. ហើយ​ព្រះ​វរ​បិតា​មិន​ជំនុំជម្រះ​អ្នកណា​ទេ​ ប៉ុន្ដែ​ព្រះអង្គ​ប្រគល់​ឲ្យ​ព្រះរាជ​បុត្រា​ជំនុំជម្រះ​ទាំង​អស់​

23. ដើម្បី​ឲ្យ​មនុស្ស​គ្រប់​គ្នា​គោរព​ព្រះរាជ​បុត្រា​ ដូចជា​គោរព​ព្រះ​វរ​បិតា​ដែរ។​ អ្នកណា​ដែល​មិន​គោរព​ព្រះរាជ​បុត្រា​ នោះ​ក៏​មិន​គោរព​ព្រះ​វរ​បិតា​ដែល​ចាត់​ព្រះរាជ​បុត្រា​ឲ្យ​មក​ដែរ។​

24. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នកណា​ស្តាប់​ពាក្យ​របស់​ខ្ញុំ​ ហើយ​ជឿ​ព្រះ​មួយ​អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ អ្នក​នោះ​មាន​ជីវិត​អស់កល្ប​ជានិច្ច​ មិន​ជាប់​សេចក្ដី​ជំនុំជម្រះ​ទេ​ គឺ​ត្រូវ​បាន​ចម្លង​ឲ្យ​ផុត​ពី​សេចក្តី​ស្លាប់​ទៅ​ឯ​ជីវិត​វិញ។​

សូមអានជំពូកពេញលេញ យ៉ូហាន 5