គម្ពីរសញ្ញាថ្មី

យ៉ូហាន 5:1-17 Khmer Christian Bible (KCB)

1. បន្ទាប់ពី​ហេតុការណ៍​ទាំង​នេះ​ ព្រះយេស៊ូ​បាន​យាង​ទៅ​ក្រុង​យេរូសាឡិម​ ព្រោះ​មាន​ពិធី​បុណ្យ​មួយ​របស់​ជនជាតិ​យូដា។​

2. នៅ​ក្រុង​យេរូសាឡិម​មាន​ស្រះ​ទឹក​មួយ​នៅ​ជិត​ទ្វារ​ចៀម​ ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេព្រើរ​ថា​ បេថែសដា​ ហើយ​មាន​សាលា​សំណាក់​ប្រាំ​នៅ​ទី​នោះ​

3. មាន​មនុស្ស​ជាច្រើន​បាន​ដេក​នៅ​ក្នុង​សាលា​សំណាក់​ទាំង​នោះ​ មាន​ទាំង​មនុស្ស​ឈឺ​ មនុស្ស​ខ្វាក់​ មនុស្ស​ខ្វិន​ និង​មនុស្ស​ស្វិត​ដៃ​ជើង​(គឺ​ពួកគេ​កំពុង​រង់ចាំ​ទឹក​កម្រើក​

4. ដ្បិត​មាន​ទេវតា​របស់​ព្រះអម្ចាស់​មួយ​រូប​ យូរៗ​ម្ដង​បាន​ចុះ​មក​កូរ​ទឹក​ក្នុង​ស្រះ​នោះ​ ពេល​កូរ​ទឹក​រួច​ហើយ​ អ្នកណា​ចុះ​បាន​មុន​គេ​ អ្នក​នោះ​នឹង​ជា​ស្អាត​ ទោះបី​អ្នក​នោះ​ឈឺ​អ្វី​ក៏​ដោយ)។​

5. នៅ​ទី​នោះ​មាន​បុរស​ម្នាក់​មាន​ជំងឺ​សាម​សិប​ប្រាំ​បី​ឆ្នាំ​មក​ហើយ​

6. ពេល​ព្រះយេស៊ូ​ឃើញ​គាត់​កំពុង​ដេក​នៅ​ទី​នោះ​ ទាំង​ដឹង​ថា​ គាត់​នៅ​បែប​នេះ​យូរ​ហើយ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «តើ​អ្នក​ចង់​ជា​ដែរ​ឬ​ទេ?»​

7. អ្នក​ជំងឺ​នោះ​ទូល​ថា៖​ «លោក​ម្ចាស់​អើយ!​ ពេល​ទឹក​កម្រើក​គ្មាន​អ្នកណា​យក​ខ្ញុំ​ទៅ​ដាក់​ក្នុង​ស្រះ​នោះ​ទេ​ ហើយ​ពេលណា​ខ្ញុំ​កំពុង​ចុះ​ នោះ​មាន​អ្នក​ផ្សេង​បាន​ចុះ​ទៅ​មុន​ខ្ញុំ»​

8. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ក្រោក​ឡើង​យក​កន្ទេល​របស់​អ្នក​ ហើយ​ទៅ​ចុះ»​

9. ភ្លាម​នោះ​ គាត់​ក៏​ជា​សះស្បើយ​ ហើយ​យក​កន្ទេល​របស់​គាត់​ចេញ​ទៅ​។ ថ្ងៃ​នោះ​ជា​ថ្ងៃ​សប្ប័ទ​

10. ដូច្នេះ​ពួក​ជនជាតិ​យូដា​និយាយ​ទៅ​អ្នក​ដែល​បាន​ជា​នោះ​ថា៖​ «ថ្ងៃ​នេះ​ជា​ថ្ងៃ​សប្ប័ទ​ វិន័យ​មិន​អនុញ្ញាត​ឲ្យ​អ្នក​លី​កន្ទេល​របស់​អ្នក​ទេ»​

11. ប៉ុន្ដែ​គាត់​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «អ្នក​ប្រោស​ខ្ញុំ​ឲ្យ​ជា​បាន​បង្គាប់​ខ្ញុំ​ថា​ ចូរ​យក​កន្ទេល​របស់​អ្នក​ ហើយ​ទៅ​ចុះ»។​

12. ពួកគេ​ក៏​សួរ​គាត់​ថា៖​ «តើ​អ្នក​ដែល​ប្រាប់​អ្នក​ថា​ ចូរ​យក​កន្ទេល​ ហើយ​ទៅ​ចុះ​នោះ​ជា​នរណា?»​

13. ប៉ុន្ដែ​បុរស​ដែល​បាន​ជា​នោះ​ក៏​មិន​ដឹង​ថា​នោះ​ជា​នរណា​ដែរ​ ព្រោះ​ព្រះយេស៊ូ​បាន​យាង​ចេញ​ទៅ​បាត់​ក្នុង​ចំណោម​បណ្ដាជន​ដែល​នៅ​កន្លែង​នោះ។​

14. បន្ទាប់ពី​ហេតុការណ៍​ទាំង​នេះ​ ព្រះយេស៊ូ​បាន​ឃើញ​គាត់​ក្នុង​ព្រះវិហារ​ ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «មើល៍​ អ្នក​បាន​ជា​ហើយ​ ចូរ​កុំ​ប្រព្រឹត្ដ​បាប​ទៀត​ បើ​មិន​ដូច្នោះ​ទេ​ អ្នក​មុខ​ជា​កើត​សេចក្តី​វេទនា​ជាង​មុន​ទៅ​ទៀត»​

15. បុរស​នោះ​ក៏​ចេញ​ទៅ​ប្រាប់​ពួក​ជនជាតិ​យូដា​ថា​ អ្នក​ដែល​បាន​ប្រោស​គាត់​ឲ្យ​ជា​ គឺ​ព្រះយេស៊ូ។​

16. ហេតុ​នេះ​ហើយ​ ពួក​ជនជាតិ​យូដា​បាន​បៀតបៀន​ព្រះយេស៊ូ​ ដោយសារ​តែ​ព្រះអង្គ​ធ្វើ​ការ​នោះ​នៅ​ថ្ងៃ​សប្ប័ទ។​

17. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ព្រះ​វរ​បិតា​របស់​ខ្ញុំ​ធ្វើ​ការ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ ដូច្នេះ​ខ្ញុំ​ក៏​ធ្វើ​ការ​ដែរ»។​

សូមអានជំពូកពេញលេញ យ៉ូហាន 5