1. បន្ទាប់ពីហេតុការណ៍ទាំងនេះ ព្រះយេស៊ូបានយាងទៅក្រុងយេរូសាឡិម ព្រោះមានពិធីបុណ្យមួយរបស់ជនជាតិយូដា។
2. នៅក្រុងយេរូសាឡិមមានស្រះទឹកមួយនៅជិតទ្វារចៀម ដែលមានឈ្មោះជាភាសាហេព្រើរថា បេថែសដា ហើយមានសាលាសំណាក់ប្រាំនៅទីនោះ
3. មានមនុស្សជាច្រើនបានដេកនៅក្នុងសាលាសំណាក់ទាំងនោះ មានទាំងមនុស្សឈឺ មនុស្សខ្វាក់ មនុស្សខ្វិន និងមនុស្សស្វិតដៃជើង(គឺពួកគេកំពុងរង់ចាំទឹកកម្រើក
4. ដ្បិតមានទេវតារបស់ព្រះអម្ចាស់មួយរូប យូរៗម្ដងបានចុះមកកូរទឹកក្នុងស្រះនោះ ពេលកូរទឹករួចហើយ អ្នកណាចុះបានមុនគេ អ្នកនោះនឹងជាស្អាត ទោះបីអ្នកនោះឈឺអ្វីក៏ដោយ)។
5. នៅទីនោះមានបុរសម្នាក់មានជំងឺសាមសិបប្រាំបីឆ្នាំមកហើយ
6. ពេលព្រះយេស៊ូឃើញគាត់កំពុងដេកនៅទីនោះ ទាំងដឹងថា គាត់នៅបែបនេះយូរហើយ ព្រះអង្គក៏មានបន្ទូលទៅគាត់ថា៖ «តើអ្នកចង់ជាដែរឬទេ?»
7. អ្នកជំងឺនោះទូលថា៖ «លោកម្ចាស់អើយ! ពេលទឹកកម្រើកគ្មានអ្នកណាយកខ្ញុំទៅដាក់ក្នុងស្រះនោះទេ ហើយពេលណាខ្ញុំកំពុងចុះ នោះមានអ្នកផ្សេងបានចុះទៅមុនខ្ញុំ»
8. ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ចូរក្រោកឡើងយកកន្ទេលរបស់អ្នក ហើយទៅចុះ»
9. ភ្លាមនោះ គាត់ក៏ជាសះស្បើយ ហើយយកកន្ទេលរបស់គាត់ចេញទៅ។ ថ្ងៃនោះជាថ្ងៃសប្ប័ទ
10. ដូច្នេះពួកជនជាតិយូដានិយាយទៅអ្នកដែលបានជានោះថា៖ «ថ្ងៃនេះជាថ្ងៃសប្ប័ទ វិន័យមិនអនុញ្ញាតឲ្យអ្នកលីកន្ទេលរបស់អ្នកទេ»
11. ប៉ុន្ដែគាត់ឆ្លើយទៅពួកគេថា៖ «អ្នកប្រោសខ្ញុំឲ្យជាបានបង្គាប់ខ្ញុំថា ចូរយកកន្ទេលរបស់អ្នក ហើយទៅចុះ»។
12. ពួកគេក៏សួរគាត់ថា៖ «តើអ្នកដែលប្រាប់អ្នកថា ចូរយកកន្ទេល ហើយទៅចុះនោះជានរណា?»
13. ប៉ុន្ដែបុរសដែលបានជានោះក៏មិនដឹងថានោះជានរណាដែរ ព្រោះព្រះយេស៊ូបានយាងចេញទៅបាត់ក្នុងចំណោមបណ្ដាជនដែលនៅកន្លែងនោះ។