គម្ពីរសញ្ញាថ្មី

យ៉ូហាន 4:47-54 Khmer Christian Bible (KCB)

47. ពេល​គាត់​ឮ​ថា​ព្រះយេស៊ូ​កំពុង​យាង​ពី​ស្រុក​យូដា​មក​ស្រុក​កាលីឡេ​ នោះ​គាត់​ក៏​ចេញ​ទៅ​ជួប​ព្រះអង្គ​ ហើយ​អង្វរ​សុំ​ឲ្យ​ព្រះអង្គ​យាង​ទៅ​ប្រោស​កូន​ប្រុស​របស់​គាត់​ ដ្បិត​កូន​នោះ​ជិត​ស្លាប់​ហើយ។​

48. ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «បើ​អ្នក​រាល់គ្នា​មិន​ឃើញ​ទី​សំគាល់​ និង​ការ​អស្ចារ្យ​ទេ​ នោះ​អ្នក​រាល់គ្នា​មុខ​ជា​មិន​ជឿ​ឡើយ»​

49. មន្ត្រី​នោះ​ទូល​ព្រះអង្គ​ថា៖​ «លោក​ម្ចាស់​អើយ!​ សូម​អញ្ជើញ​ទៅ​មុន​ពេល​កូន​របស់​ខ្ញុំ​ស្លាប់»​

50. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ទៅ​ចុះ​ កូន​របស់​អ្នក​នៅស់​ទេ»​ មន្ដ្រី​នោះ​ក៏​ជឿ​សេចក្ដី​ដែល​ព្រះយេស៊ូ​បាន​មាន​បន្ទូល​ ហើយ​គាត់​ក៏​ចេញ​ទៅ។​

51. កាល​គាត់​កំពុង​ធ្វើ​ដំណើរ​ទៅ​នោះ​ពួក​បាវបម្រើ​របស់​គាត់ ​ក៏​មក​ជួប​គាត់​ប្រាប់​ថា​ កូន​របស់​លោក​នៅស់​ទេ​

52. ដូច្នេះ​គាត់​ក៏​សួរ​ពួកគេ​ពី​ពេល​វេលា​ដែល​កូន​របស់​គាត់​បាន​ធូរ​ស្បើយ​ ពួកគេ​ក៏​ប្រាប់​ថា៖​ «ជំងឺ​គ្រុន​បាន​បាត់​នៅ​ម៉ោង​មួយ​រសៀល​ម្សិល​មិញ»​

53. នោះ​ឪពុក​បាន​ដឹង​ថា​ គឺ​នៅ​ពេល​នោះ​ឯង​ដែល​ព្រះយេស៊ូ​មាន​បន្ទូល​មក​គាត់​ថា​ កូន​ប្រុស​របស់​អ្នក​នៅស់​ទេ​ ដូច្នេះ​ហើយ​គាត់​ និង​គ្រួសារ​ទាំង​មូល​របស់​គាត់​ក៏​ជឿ​ព្រះអង្គ។​

54. នេះ​ជាទី​សំគាល់​អស្ចារ្យ​ទី​ពីរ​ ដែល​ព្រះយេស៊ូ​បាន​ធ្វើ​ នៅ​ពេល​ព្រះអង្គ​វិល​ត្រលប់​ពី​ស្រុក​យូដា​មក​ស្រុក​កាលីឡេ​វិញ។​

សូមអានជំពូកពេញលេញ យ៉ូហាន 4