គម្ពីរសញ្ញាថ្មី

យ៉ូហាន 4:39-54 Khmer Christian Bible (KCB)

39. មាន​ជនជាតិ​សាម៉ារី​ជាច្រើន​នៅ​ក្រុង​នោះ​ បាន​​ជឿ​ព្រះយេស៊ូ​ ដោយសារ​តែ​សំដី​ដែល​ស្រ្ដី​នោះ​ធ្វើ​បន្ទាល់​ថា ​លោក​បាន​ប្រាប់​ខ្ញុំ​ពី​ការ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ដ​

40. ដូច្នេះ​ហើយ​ ពេល​ពួក​ជនជាតិ​សាម៉ារី​មក​ជួប​ព្រះអង្គ​ នោះ​ពួកគេ​ទូល​សុំ​ឲ្យ​ព្រះអង្គ​ស្នាក់​នៅ​ជាមួយ​ពួកគេ​ ហើយ​ព្រះអង្គ​ក៏​ស្នាក់​នៅ​ទី​នោះ​ពីរ​ថ្ងៃ។​

41. មាន​មនុស្ស​ជាច្រើន​ទៀត​បាន​ជឿ​ ដោយសារ​ព្រះ​បន្ទូល​របស់​ព្រះអង្គ​

42. ហើយ​ពួកគេ​និយាយ​ទៅ​ស្រ្តី​នោះ​ថា៖​ «ឥឡូវ​នេះ​ យើង​ជឿ​ មិន​មែន​ដោយសារ​តែ​សំដី​របស់​នាង​ទៀត​ទេ​ គឺ​ដោយ​សារ​យើង​បាន​ឮ​ផ្ទាល់​ ហើយ​ដឹង​ថា​ ព្រះអង្គ​ជា​ព្រះអង្គ​សង្គ្រោះ​មនុស្ស​លោក​ពិត​មែន»។​

43. ពីរ​ថ្ងៃ​ក្រោយ​មក​ ព្រះអង្គ​បាន​យាង​ចេញ​ពី​ទី​នោះ ទៅ​ស្រុក​កាលីឡេ​

44. ដ្បិត​ព្រះយេស៊ូ​ផ្ទាល់​បាន​ធ្វើ​បន្ទាល់​ថា៖​ «អ្នក​នាំ​ព្រះបន្ទូល​មិន​បាន​ទទួល​ការ​គោរព​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​ទេ»។​

45. ពេល​ព្រះអង្គ​យាងមក​ដល់​ស្រុក​កាលីឡេ​ នោះ​ពួកអ្នក​ស្រុក​កាលីឡេ​បាន​ទទួល​ព្រះអង្គ​ ព្រោះ​ពួកគេ​បាន​ឃើញ​ការ​ទាំង​អស់​ដែល​ព្រះអង្គ​បាន​ធ្វើ​នៅ​ក្រុង​យេរូសាឡិម​ក្នុង​ពិធី​បុណ្យ​ ដ្បិត​ពួកគេ​បាន​ទៅ​ក្នុង​ពិធី​បុណ្យ​នោះ​ដែរ។​

46. ក្រោយ​មក​ ព្រះយេស៊ូ​បាន​យាង​មក​ដល់​ភូមិ​កាណា​ ក្នុង​ស្រុក​កាលីឡេ​ម្តង​ទៀត​ ជា​ភូមិ​ដែល​ព្រះអង្គ​បាន​ធ្វើ​ទឹក​ឲ្យ​ត្រលប់​ជា​ស្រាទំពាំងបាយជូរ​ ហើយ​នៅ​ទី​នោះ​មាន​មន្ត្រី​ម្នាក់​ មាន​កូន​ប្រុស​ឈឺ​នៅ​ឯ​ក្រុង​កាពើណិម​

47. ពេល​គាត់​ឮ​ថា​ព្រះយេស៊ូ​កំពុង​យាង​ពី​ស្រុក​យូដា​មក​ស្រុក​កាលីឡេ​ នោះ​គាត់​ក៏​ចេញ​ទៅ​ជួប​ព្រះអង្គ​ ហើយ​អង្វរ​សុំ​ឲ្យ​ព្រះអង្គ​យាង​ទៅ​ប្រោស​កូន​ប្រុស​របស់​គាត់​ ដ្បិត​កូន​នោះ​ជិត​ស្លាប់​ហើយ។​

48. ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «បើ​អ្នក​រាល់គ្នា​មិន​ឃើញ​ទី​សំគាល់​ និង​ការ​អស្ចារ្យ​ទេ​ នោះ​អ្នក​រាល់គ្នា​មុខ​ជា​មិន​ជឿ​ឡើយ»​

49. មន្ត្រី​នោះ​ទូល​ព្រះអង្គ​ថា៖​ «លោក​ម្ចាស់​អើយ!​ សូម​អញ្ជើញ​ទៅ​មុន​ពេល​កូន​របស់​ខ្ញុំ​ស្លាប់»​

50. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ទៅ​ចុះ​ កូន​របស់​អ្នក​នៅស់​ទេ»​ មន្ដ្រី​នោះ​ក៏​ជឿ​សេចក្ដី​ដែល​ព្រះយេស៊ូ​បាន​មាន​បន្ទូល​ ហើយ​គាត់​ក៏​ចេញ​ទៅ។​

51. កាល​គាត់​កំពុង​ធ្វើ​ដំណើរ​ទៅ​នោះ​ពួក​បាវបម្រើ​របស់​គាត់ ​ក៏​មក​ជួប​គាត់​ប្រាប់​ថា​ កូន​របស់​លោក​នៅស់​ទេ​

52. ដូច្នេះ​គាត់​ក៏​សួរ​ពួកគេ​ពី​ពេល​វេលា​ដែល​កូន​របស់​គាត់​បាន​ធូរ​ស្បើយ​ ពួកគេ​ក៏​ប្រាប់​ថា៖​ «ជំងឺ​គ្រុន​បាន​បាត់​នៅ​ម៉ោង​មួយ​រសៀល​ម្សិល​មិញ»​

53. នោះ​ឪពុក​បាន​ដឹង​ថា​ គឺ​នៅ​ពេល​នោះ​ឯង​ដែល​ព្រះយេស៊ូ​មាន​បន្ទូល​មក​គាត់​ថា​ កូន​ប្រុស​របស់​អ្នក​នៅស់​ទេ​ ដូច្នេះ​ហើយ​គាត់​ និង​គ្រួសារ​ទាំង​មូល​របស់​គាត់​ក៏​ជឿ​ព្រះអង្គ។​

54. នេះ​ជាទី​សំគាល់​អស្ចារ្យ​ទី​ពីរ​ ដែល​ព្រះយេស៊ូ​បាន​ធ្វើ​ នៅ​ពេល​ព្រះអង្គ​វិល​ត្រលប់​ពី​ស្រុក​យូដា​មក​ស្រុក​កាលីឡេ​វិញ។​

សូមអានជំពូកពេញលេញ យ៉ូហាន 4