គម្ពីរសញ្ញាថ្មី

យ៉ូហាន 4:14-26 Khmer Christian Bible (KCB)

14. ប៉ុន្ដែ​អស់​អ្នក​ផឹក​ទឹក​ដែល​ខ្ញុំ​ឲ្យ​ គេ​នឹង​មិន​ស្រេក​ទៀត​ឡើយ​ ហើយ​ទឹក​ដែល​ខ្ញុំ​ឲ្យ​នោះ​ នឹង​ត្រលប់​ជា​ប្រភព​ទឹក​នៅ​ក្នុង​អ្នក​នោះ​ ដែល​ផុស​ឡើង​ផ្ដល់​ជីវិត​អស់កល្ប​ជានិច្ច»​

15. ស្រ្ដី​នោះ​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​ម្ចាស់​អើយ!​ សូម​ឲ្យ​ទឹក​នោះ​ដល់​ខ្ញុំ​ផង​ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ស្រេក​ ឬ​មក​ដង​នៅ​ទី​នេះ​ទៀត»។​

16. ព្រះអង្គ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ចូរ​ទៅ​ហៅ​ប្តី​របស់​អ្នក​មក​ទី​នេះ»​

17. ស្ត្រី​នោះ​ទូល​ទៅ​ព្រះអង្គ​វិញ​ថា៖​ «ខ្ញុំ​គ្មាន​ប្តី​ទេ»។​ ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «អ្នក​និយាយ​ថា​ គ្មាន​ប្តី​ នោះ​ត្រូវ​ហើយ​

18. ដ្បិត​អ្នក​មាន​ប្តី​ប្រាំ​នាក់​មក​ហើយ​ រីឯ​បុរស​ដែល​នៅ​ជាមួយ​អ្នក​សព្វ​ថ្ងៃ​នេះ​មិន​មែន​ជា​ប្តី​របស់​អ្នក​ទេ​ ដូច្នេះ​ពាក្យ​ដែល​អ្នក​និយាយ​នេះ​ ពិត​ប្រាកដ​ហើយ»​

19. ស្ត្រី​នោះ​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​ម្ចាស់​អើយ!​ ខ្ញុំ​យល់​ថា​ លោក​ជា​អ្នក​នាំ​ព្រះបន្ទូល​

20. ពួក​ដូនតា​របស់​យើង​បាន​ថ្វាយបង្គំ​នៅ​លើ​ភ្នំ​នេះ​ ប៉ុន្ដែ​ពួក​ជនជាតិ​របស់​លោក​និយាយ​ថា​ ត្រូវ​ថ្វាយបង្គំ​នៅ​ក្រុង​យេរូសាឡិម​វិញ»។​

21. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «នាង​អើយ!​ ចូរ​ជឿ​ខ្ញុំ​ចុះ​ថា​ នឹង​មាន​ពេល​មួយ​មក​ដល់​ ដែល​អ្នក​រាល់គ្នា​នឹង​មិន​ថ្វាយបង្គំ​ព្រះ​វរ​បិតា​នៅ​លើ​ភ្នំ​នេះ​ ឬ​នៅ​ក្រុង​យេរូសាឡិម​ទៀត​ឡើយ​

22. ពួក​ជនជាតិ​របស់​អ្នក​មិន​ស្គាល់​អ្វី​ដែល​ពួកអ្នក​កំពុង​ថ្វាយបង្គំ​ទេ​ ប៉ុន្ដែ​យើង​ស្គាល់​អ្វី​ដែល​យើង​កំពុង​ថ្វាយបង្គំ​ ដ្បិត​សេចក្ដី​សង្គ្រោះ​កើត​ពី​ជនជាតិ​យូដា​មក​

23. ប៉ុន្ដែ​នឹង​មាន​ពេល​មួយ​មក​ដល់​ គឺ​ពេល​នេះ​ហើយ​ ដែល​ពួកអ្នក​ថ្វាយបង្គំ​ពិត​ប្រាកដ​ គេ​នឹង​ថ្វាយបង្គំ​ព្រះ​វរ​បិតា​ដោយ​វិញ្ញាណ ​និង​សេចក្តី​ពិត​ ដ្បិត​ព្រះ​វរ​បិតា​ស្វែងរក​ពួកអ្នក​ដែល​ថ្វាយបង្គំ​ព្រះអង្គ​បែបនេះ។​

24. ព្រះជាម្ចាស់​ជា​វិញ្ញាណ​ ដូច្នេះ​អស់​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះអង្គ​ ត្រូវ​ថ្វាយបង្គំ​ដោយ​វិញ្ញាណ​ និង​សេចក្តី​ពិត»។​

25. ស្ត្រី​នោះ​ទូល​ព្រះអង្គ​ថា៖​ «ខ្ញុំ​បាន​ដឹង​ថា​ ព្រះមែស៊ី​ដែល​ហៅ​ថា​ ព្រះគ្រិស្ត​នឹង​យាង​មក​ ហើយ​នៅ​ពេល​ព្រះអង្គ​យាង​មក​ នោះ​ព្រះអង្គ​នឹង​ប្រាប់​យើង​ឲ្យ​ដឹង​ទាំង​អស់»។​

26. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «គឺ​ខ្ញុំ​ដែល​កំពុង​ប្រាប់​អ្នក​នេះ​ហើយ»។​

សូមអានជំពូកពេញលេញ យ៉ូហាន 4