1. ដូច្នេះ នៅពេលព្រះយេស៊ូដឹងថា ពួកអ្នកខាងគណៈផារិស៊ីបានឮថាព្រះអង្គបង្កើតសិស្ស ហើយធ្វើពិធីជ្រមុជទឹកច្រើនជាងលោកយ៉ូហាន
2. (ទោះបីព្រះយេស៊ូមិនបានធ្វើពិធីជ្រមុជទឹកដោយផ្ទាល់ ហើយពួកសិស្សរបស់ព្រះអង្គធ្វើក៏ដោយ)
3. នោះព្រះអង្គក៏យាងចេញពីស្រុកយូដា ត្រលប់ទៅស្រុកកាលីឡេវិញ
4. ហើយព្រះអង្គត្រូវយាងកាត់ស្រុកសាម៉ារី។
5. ព្រះអង្គក៏យាងមកដល់ក្រុងមួយក្នុងស្រុកសាម៉ារី ឈ្មោះស៊ូខារនៅជិតដីដែលលោកយ៉ាកុបបានឲ្យទៅលោកយ៉ូសែបជាកូនរបស់គាត់
6. ហើយនៅទីនោះ មានអណ្ដូងទឹកមួយរបស់លោកយ៉ាកុប។ កាលព្រះយេស៊ូអស់កម្លាំងក្នុងការធ្វើដំណើរនោះ ព្រះអង្គក៏អង្គុយនៅក្បែរមាត់អណ្តូង នៅពេលនោះម៉ោងប្រហែលដប់ពីរថ្ងៃត្រង់ហើយ។
7. មានស្ត្រីម្នាក់មកពីស្រុកសាម៉ារីបានមកដងទឹក ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «ខ្ញុំសុំទឹកផឹកផង»។
8. រីឯពួកសិស្សរបស់ព្រះអង្គបានចេញទៅក្នុងក្រុងអស់ហើយ ដើម្បីទិញអាហារ។
9. ស្ត្រីជនជាតិសាម៉ារីនោះបានទូលទៅព្រះអង្គថា៖ «លោកជាជនជាតិយូដា ម្តេចក៏លោកសុំទឹកពីខ្ញុំ ដែលជាស្ត្រីជនជាតិសាម៉ារីដូច្នេះ?» (ដ្បិតជនជាតិយូដា មិនរាប់អានជនជាតិសាម៉ារីទេ)
10. ព្រះយេស៊ូមានបន្ទូលឆ្លើយទៅនាងថា៖ «បើអ្នកបានស្គាល់អំណោយទានរបស់ព្រះជាម្ចាស់ ទាំងដឹងថា អ្នកដែលនិយាយទៅអ្នកថា ខ្ញុំសុំទឹកផឹកផង ជាអ្នកណា អ្នកមុខជាសុំទឹកពីគាត់វិញ ហើយគាត់នឹងឲ្យទឹកដែលផ្ដល់ជីវិតដល់អ្នក»
11. ស្ត្រីនោះ ទូលទៅព្រះអង្គថា៖ «លោកម្ចាស់អើយ! លោកគ្មានអ្វីសម្រាប់ដងទឹកទេ យអណ្តូងក៏ជ្រៅ ដូច្នេះតើលោកបានទឹកដែលផ្ដលជីវិតនោះមកពីណា?