គម្ពីរសញ្ញាថ្មី

យ៉ូហាន 3:1-11 Khmer Christian Bible (KCB)

1. នៅ​ពេល​នោះ​ មាន​បុរស​ម្នាក់​មកពី​ខាង​គណៈ​ផារិស៊ី​ឈ្មោះ​នីកូដេម​ ដែល​ជា​អ្នក​ដឹកនាំ​របស់​ជនជាតិ​យូដា​

2. គាត់​បាន​មក​ជួប​ព្រះយេស៊ូ​ទាំង​យប់​ទូល​ថា៖​ «លោកគ្រូ​ យើង​ដឹង​ថា​ លោក​ជា​គ្រូ​មកពី​ព្រះជាម្ចាស់​មែន​ ដ្បិត​ទី​សំគាល់​អស្ចារ្យ​ដែល​លោក​កំពុង​ធ្វើ​ទាំង​នេះ​ គ្មាន​អ្នកណា​អាច​ធ្វើ​បាន​ទេ​ លើកលែង​តែ​ព្រះជាម្ចាស់​គង់​ជាមួយ​ប៉ុណ្ណោះ»​

3. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​ថា​ បើ​អ្នកណា​មិន​កើត​ជា​ថ្មី​ អ្នក​នោះ​មិន​អាច​ឃើញ​នគរ​ព្រះជាម្ចាស់​បាន​ទេ»។​

4. លោក​នីកូដេម​ក៏​សួរ​ព្រះអង្គ​ថា៖​ «តើ​មនុស្ស​ដែល​ចាស់​ទៅ​ហើយ​ គេ​អាច​កើត​ម្ដង​ទៀត​យ៉ាង​ដូចម្តេច​បាន?​ គេ​មិន​អាច​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ​ រួច​កើត​មក​ម្តង​ទៀត​បាន​ទេ»។​

5. ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​ថា​ បើ​អ្នកណា​មិន​កើត​ពី​ទឹក​ និង​ព្រះវិញ្ញាណ​ទេ​ អ្នក​នោះ​មិន​អាច​ចូលទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​បាន​ឡើយ​

6. ដ្បិត​អ្វី​ដែល​កើត​ពី​សាច់ឈាម​ នោះ​ជា​សាច់ឈាម​ ប៉ុន្ដែ​អ្វី​ដែល​កើត​ពី​វិញ្ញាណ​ នោះ​ជា​វិញ្ញាណ​

7. ដូច្នេះ កុំ​ឆ្ងល់​ឡើយ​ដែល​ខ្ញុំ​ប្រាប់​អ្នក​ថា​ អ្នក​ត្រូវ​កើត​ជា​ថ្មី​

8. ខ្យល់​បក់​ទៅ​ទី​ណា​តាម​តែ​វា​ចង់​ទៅ​ ហើយ​អ្នក​ឮ​ស្នូរ​របស់​វា​ ប៉ុន្ដែ​អ្នក​មិន​ដឹង​ថា​ វា​មកពី​ណា​ ឬ​ទៅ​ណា​ទេ​ រីឯ​អស់​អ្នក​ដែល​កើត​ពី​ព្រះវិញ្ញាណ​ក៏​ដូច្នេះ​ដែរ»។​

9. លោក​នីកូដេម​សួរ​ព្រះអង្គ​ទៀត​ថា៖​ «តើ​ការ​ទាំង​នេះ​អាច​កើត​ឡើង​យ៉ាង​ដូចម្តេច?»​

10. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «អ្នក​ជា​គ្រូ​របស់​ជនជាតិ​អ៊ីស្រាអែល​ ហើយ​អ្នក​មិន​យល់​ការ​នេះ​ទេ​ឬ?​

11. ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​ថា​ យើង​ប្រាប់​ពី​ការ​ដែល​យើង​បាន​ដឹង​ ហើយ​ធ្វើ​បន្ទាល់​ពី​ការ​ដែល​យើង​បាន​ឃើញ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​មិន​ទទួល​យក​សេចក្ដី​បន្ទាល់​របស់​យើង​ទេ​

សូមអានជំពូកពេញលេញ យ៉ូហាន 3