គម្ពីរសញ្ញាថ្មី

យ៉ូហាន 21:9-17 Khmer Christian Bible (KCB)

9. ពេល​ពួកគេ​បាន​ឡើង​ដល់​ដី​គោក​ ពួកគេ​ក៏​ឃើញ​នំប៉័ង​ ព្រមទាំង​រងើក​ភ្លើង​ដែល​មាន​ត្រី​អាំង​លើ​នោះ។​

10. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​យក​ត្រី​ខ្លះ​ដែល​ទើប​នឹង​ចាប់​បាន​នោះ​មក!»​

11. លោក​ស៊ីម៉ូន​ពេត្រុស​ក៏​ឡើង​មក​ទាញ​អួន​ដែល​មាន​ត្រី​ធំៗ​ពេញ​ដាក់​លើ​គោក​ គឺ​មាន​ត្រី​មួយរយ​ហាសិប​បី​ក្បាល​ ហើយ​ទោះបី​ច្រើន​យ៉ាង​នេះ​ក៏​ដោយ​ ក៏​អួន​មិន​ធ្លាយ​ដែរ។​

12. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​មក​បរិភោគ​ចុះ»​ ហើយ​គ្មាន​សិស្ស​ណា​ម្នាក់​ហ៊ាន​សួរ​ព្រះអង្គ​ថា​ តើ​លោក​ជា​អ្នកណា​ទេ?​ ព្រោះ​ពួកគេ​ដឹង​ហើយ​ថា​ នោះ​ជា​ព្រះអម្ចាស់។​

13. ព្រះយេស៊ូ​ក៏​យាង​ទៅ​យក​នំប៉័ង​ និង​ត្រី​ប្រទាន​ឲ្យ​ពួកគេ។​

14. នេះ​ជា​លើក​ទី​បី​ហើយ​ដែល​ព្រះយេស៊ូ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សិស្ស​ឃើញ​ ក្រោយពី​ព្រះអង្គ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ។​

15. ពេល​នោះ​ ក្រោយ​ពេល​ពួកគេ​បរិភោគ​រួច​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ពេត្រុស​ថា៖​ «ស៊ីម៉ូន​ កូន​លោក​យ៉ូហាន​អើយ!​ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជាង​ពួកអ្នក​ទាំង​នេះ​ដែរ​ឬ​ទេ?»​ គាត់​ទូល​ឆ្លើយ​ថា៖​ «បាទ​ ព្រះអម្ចាស់!​ ព្រះអង្គ​បាន​ដឹង​ហើយ​ថា​ ខ្ញុំ​ស្រឡាញ់​ព្រះអង្គ»។​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​វិញ​ថា៖​ «ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​របស់​ខ្ញុំ​ផង!»​

16. ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ជា​លើក​ទី​ពីរ​ទៀត​ថា៖​ «ស៊ីម៉ូន​ កូន​លោក​យ៉ូហាន​អើយ!​ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ដែរ​ឬ​ទេ?»​ គាត់​ទូល​ឆ្លើយ​ថា៖​ «បាទ​ ព្រះអម្ចាស់!​ ព្រះអង្គ​បាន​ដឹង​ហើយ​ថា​ ខ្ញុំ​ស្រឡាញ់​ព្រះអង្គ»។​ ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​វិញ​ថា៖​ «ចូរ​ថែទាំ​ចៀម​របស់​ខ្ញុំ​ផង!»​

17. ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ជា​លើក​ទី​បី​ថា៖​ «ស៊ីម៉ូន​ កូន​លោក​យ៉ូហាន​អើយ!​ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ដែរ​ឬ​ទេ?»​ លោក​ពេត្រុស​បាន​ព្រួយ​ចិត្ត​ ព្រោះ​ព្រះអង្គ​មាន​បន្ទូល​សួរ​គាត់​ដល់​ទៅ​បី​ដង​ថា​ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ដែរ​ឬ​ទេ?​ ដូច្នេះ​គាត់​ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ ព្រះអង្គ​ដឹង​គ្រប់​ការ​ទាំង​អស់​ គឺ​ព្រះអង្គ​បាន​ដឹង​ហើយ​ថា​ ខ្ញុំ​ស្រឡាញ់​ព្រះអង្គ»។​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ឲ្យ​ចំណី​ដល់​ចៀម​របស់​ខ្ញុំ​ផង!​

សូមអានជំពូកពេញលេញ យ៉ូហាន 21