1. ក្រោយពីហេតុការណ៍ទាំងនេះ ព្រះយេស៊ូបានបង្ហាញខ្លួនឲ្យពួកសិស្សរបស់ព្រះអង្គឃើញម្តងទៀតនៅបឹងទីបេរាស គឺព្រះអង្គបានបង្ហាញឲ្យឃើញបែបយ៉ាងនេះ
2. គឺពេលលោកស៊ីម៉ូនពេត្រុស លោកថូម៉ាសដែលហៅថាឌីឌីម លោកណាថាណែលដែលមកពីភូមិកាណា ស្រុកកាលីឡេ កូនប្រុសរបស់លោកសេបេដេ និងពួកសិស្សរបស់ព្រះអង្គពីរនាក់ទៀតបាននៅជាមួយគ្នា
3. ហើយនៅពេលនោះ លោកស៊ីម៉ូនពេត្រុសក៏ប្រាប់ពួកគេថា៖ «ខ្ញុំទៅនេសាទត្រី» ពួកគេក៏ឆ្លើយថា៖ «យើងទៅជាមួយដែរ» ពួកគេក៏ចុះទូកទៅ ប៉ុន្ដែនៅយប់នោះ ពួកគេចាប់មិនបានអ្វីសោះ។
4. ពេលព្រឹកឡើង ព្រះយេស៊ូបានឈរនៅមាត់បឹង ប៉ុន្ដែពួកសិស្សមិនស្គាល់ថា នោះជាព្រះយេស៊ូទេ។
5. ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «កូនអើយ! តើមានបានត្រីដែរឬទេ?» ពួកគេទូលឆ្លើយថា៖ «គ្មានទេ!»
6. ដូច្នេះព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ចូរទម្លាក់អួនទៅខាងស្តាំទូក នោះទើបចាប់ត្រីបាន!» ដូច្នេះពួកគេក៏ធ្វើតាម ប៉ុន្ដែទាញមកវិញមិនរួចទេ ព្រោះជាប់ត្រីច្រើនពេក។
7. ពេលនោះសិស្សម្នាក់ដែលព្រះយេស៊ូស្រឡាញ់ គាត់និយាយទៅលោកពេត្រុសថា៖ «នោះជាព្រះអម្ចាស់ទេតើ!» ពេលលោកស៊ីម៉ូនពេត្រុសបានឮថាជាព្រះអម្ចាស់ គាត់ក៏យកអាវក្រៅដណ្ដប់ខ្លួនលោតចុះទៅក្នុងបឹង ព្រោះគាត់នៅខ្លួនទទេ
8. រីឯពួកសិស្សផ្សេងទៀតបានអុំទូកអូសអួនជាប់ត្រីនោះមកច្រាំង ដ្បិតនៅមិនឆ្ងាយទេ គឺប្រហែលមួយរយម៉ែត្រប៉ុណ្ណោះ។
9. ពេលពួកគេបានឡើងដល់ដីគោក ពួកគេក៏ឃើញនំប៉័ង ព្រមទាំងរងើកភ្លើងដែលមានត្រីអាំងលើនោះ។
10. ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរយកត្រីខ្លះដែលទើបនឹងចាប់បាននោះមក!»
11. លោកស៊ីម៉ូនពេត្រុសក៏ឡើងមកទាញអួនដែលមានត្រីធំៗពេញដាក់លើគោក គឺមានត្រីមួយរយហាសិបបីក្បាល ហើយទោះបីច្រើនយ៉ាងនេះក៏ដោយ ក៏អួនមិនធ្លាយដែរ។
12. ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរមកបរិភោគចុះ» ហើយគ្មានសិស្សណាម្នាក់ហ៊ានសួរព្រះអង្គថា តើលោកជាអ្នកណាទេ? ព្រោះពួកគេដឹងហើយថា នោះជាព្រះអម្ចាស់។
13. ព្រះយេស៊ូក៏យាងទៅយកនំប៉័ង និងត្រីប្រទានឲ្យពួកគេ។
14. នេះជាលើកទីបីហើយដែលព្រះយេស៊ូបានបង្ហាញខ្លួនឲ្យពួកសិស្សឃើញ ក្រោយពីព្រះអង្គរស់ពីការសោយទិវង្គតឡើងវិញ។
15. ពេលនោះ ក្រោយពេលពួកគេបរិភោគរួច ព្រះយេស៊ូមានបន្ទូលទៅលោកស៊ីម៉ូនពេត្រុសថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំជាងពួកអ្នកទាំងនេះដែរឬទេ?» គាត់ទូលឆ្លើយថា៖ «បាទ ព្រះអម្ចាស់! ព្រះអង្គបានដឹងហើយថា ខ្ញុំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានបន្ទូលទៅគាត់វិញថា៖ «ចូរឲ្យចំណីដល់កូនចៀមរបស់ខ្ញុំផង!»