គម្ពីរសញ្ញាថ្មី

យ៉ូហាន 20:9-19 Khmer Christian Bible (KCB)

9. ប៉ុន្ដែ​ទោះ​ជា​យ៉ាង​ណា​ក្ដី​ ពួកគេ​មិន​ទាន់​យល់​នៅ​ឡើយ​អំពី​បទគម្ពីរ​ដែល​ចែង​ថា​ ព្រះអង្គ​ត្រូវ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​

10. ដូច្នេះ​សិស្ស​ទាំង​ពីរ​នោះ​ក៏​ទៅ​ផ្ទះ​របស់​ពួកគេ​វិញ។​

11. រីឯ​នាង​ម៉ារា​វិញ​បាន​ឈរ​យំ​ខាង​ក្រៅ​ផ្នូរ ​ពេល​នាង​កំពុង​យំ​ នាង​ក៏​ឱន​ទៅ​ក្នុង​ផ្នូរ​

12. ហើយ​ឃើញ​ទេវតា​ពីរ​នាក់​ស្លៀកពាក់​ស​កំពុង​អង្គុយ​នៅ​កន្លែង​ដែល​គេ​ផ្តេក​សព​ព្រះយេស៊ូ​ គឺ​ម្នាក់​នៅ​ខាង​ក្បាល​ និង​ម្នាក់​ទៀត​នៅ​ខាង​ចុង​ជើង។​

13. ទេវតា​ទាំង​នោះ​បាន​សួរ​នាង​ថា៖​ «នាង​អើយ​ ហេតុអ្វី​នាង​យំ?»​ នាង​ឆ្លើយ​ប្រាប់​ថា៖​ «ពួកគេ​បាន​យក​ព្រះអម្ចាស់​របស់​ខ្ញុំ​ ខ្ញុំ​មិន​ដឹង​ថា​ពួកគេ​ដាក់​ព្រះអង្គ​នៅ​កន្លែង​ណា​ទេ!»​

14. ពេល​ប្រាប់​អំពី​សេចក្ដី​ទាំង​នេះ​ហើយ​ នាង​ក៏​បែរ​ក្រោយ​ ហើយ​ឃើញ​ព្រះយេស៊ូ​កំពុង​ឈរ​ ប៉ុន្ដែ​នាង​មិន​ស្គាល់​ថា​ នោះ​ជា​ព្រះយេស៊ូ​ទេ។​

15. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «នាង​អើយ!​ ហេតុអ្វី​បាន​ជា​អ្នក​យំ?​ តើ​អ្នក​រក​អ្នកណា?»​ ដោយ​គិត​ថា​ព្រះអង្គ​ជា​អ្នក​ថែ​សួន​ ទើប​នាង​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ឱ​លោក​អើយ!​ បើ​លោក​បាន​យក​សព​ សូម​ប្រាប់​ខ្ញុំ​អំពី​កន្លែង​ដែល​លោក​បាន​ដាក់​សព​ផង​ ខ្ញុំ​នឹង​ទទួល​យក​វិញ»។​

16. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ម៉ារា!»​ នោះ​នាង​ក៏​បែរ​ទៅ​ ហើយ​ទូល​ព្រះអង្គ​ជា​ភាសា​ហេព្រើរ​ថា៖​ «រ៉ាបូនី!»​ (ដែល​ប្រែ​ថា​ លោកគ្រូ)​

17. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «កុំ​ពាល់​ខ្ញុំ​ ព្រោះ​ខ្ញុំ​មិន​ទាន់​ឡើង​ទៅ​ឯ​ព្រះវរបិតា​នៅ​ឡើយ​ ប៉ុន្ដែ​ចូរ​អ្នក​ទៅ​ឯ​ពួក​បងប្អូន​របស់​ខ្ញុំ​ ហើយ​ប្រាប់​ពួកគេ​ថា​ ខ្ញុំ​នឹង​ឡើង​ទៅ​ឯ​ព្រះវរបិតា​របស់​ខ្ញុំ​ ហើយ​ជា​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ គឺ​ជា​ព្រះ​របស់​ខ្ញុំ​ ហើយ​ជា​ព្រះ​របស់​អ្នក​រាល់គ្នា​ដែរ»។​

18. ពេល​នោះ​នាង​ម៉ារា​ អ្នក​ក្រុង​ម៉ាក់ដាឡា​ក៏​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​ពួក​សិស្ស​ថា៖​ «ខ្ញុំ​បាន​ឃើញ​ព្រះអម្ចាស់»​ ព្រមទាំង​សេចក្ដី​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ប្រាប់​នាង​ផង។​

19. នៅ​ពេល​ល្ងាច​ក្នុង​ថ្ងៃ​ទីមួយ​នៃ​សប្តាហ៍​នោះ​ ពួក​សិស្ស​បាន​នៅ​កន្លែង​មួយ​ដោយ​បាន​បិទ​ទ្វារ​ ព្រោះតែ​ខ្លាច​ពួក​ជនជាតិ​យូដា។​ ពេល​នោះ​ព្រះយេស៊ូ​ក៏​យាង​មក​ឈរ​នៅ​កណ្តាល​ពួក​សិស្ស​ ហើយ​មាន​បន្ទូល​ថា៖​ «សូម​ឲ្យ​អ្នក​រាល់គ្នា​មាន​សេចក្ដី​សុខសាន្ដ!»​

សូមអានជំពូកពេញលេញ យ៉ូហាន 20