គម្ពីរសញ្ញាថ្មី

យ៉ូហាន 20:19-31 Khmer Christian Bible (KCB)

19. នៅ​ពេល​ល្ងាច​ក្នុង​ថ្ងៃ​ទីមួយ​នៃ​សប្តាហ៍​នោះ​ ពួក​សិស្ស​បាន​នៅ​កន្លែង​មួយ​ដោយ​បាន​បិទ​ទ្វារ​ ព្រោះតែ​ខ្លាច​ពួក​ជនជាតិ​យូដា។​ ពេល​នោះ​ព្រះយេស៊ូ​ក៏​យាង​មក​ឈរ​នៅ​កណ្តាល​ពួក​សិស្ស​ ហើយ​មាន​បន្ទូល​ថា៖​ «សូម​ឲ្យ​អ្នក​រាល់គ្នា​មាន​សេចក្ដី​សុខសាន្ដ!»​

20. ពេល​ព្រះអង្គ​មាន​បន្ទូល​ដូច្នោះ​ហើយ​ ព្រះអង្គ​ក៏​បង្ហាញ​ព្រះហស្ដ​ និង​ចំហៀង​ខ្លួន​របស់​ព្រះអង្គ​ឲ្យ​ពួកគេ​ឃើញ​ ពេល​នោះ​ពួក​សិស្ស​ក៏​មាន​ចិត្ត​ត្រេកអរ​ដោយ​បាន​ឃើញ​ព្រះអម្ចាស់។​

21. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ម្តង​ទៀត​ថា៖​ «សូម​ឲ្យ​អ្នក​រាល់គ្នា​មាន​សេចក្ដី​សុខសាន្ត!​ ព្រះវរបិតា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ជា​យ៉ាង​ណា​ ខ្ញុំ​ក៏​ចាត់​អ្នក​រាល់គ្នា​ឲ្យ​ទៅ​ជា​យ៉ាង​នោះ​ដែរ»។​

22. ពេល​ព្រះអង្គ​មាន​បន្ទូល​ដូច្នេះ​ហើយ​ ព្រះអង្គ​ក៏​ផ្លុំ​លើ​ពួកគេ​ទាំង​មាន​បន្ទូល​ថា៖​ «ចូរ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ!​

23. បើ​អ្នក​រាល់គ្នា​លើកលែង​ទោស​បាប​ឲ្យ​អ្នកណា​ នោះ​ពួកគេ​នឹង​ទទួល​បាន​ការ​លើកលែង​ទោស​ ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​មិន​លើកលែង​ទោស​បាប​ឲ្យ​ពួកគេ​ទេ​ នោះ​ពួកគេ​នឹង​នៅ​តែ​មាន​បាប»។​

24. លោក​ថូម៉ាស​ជា​ម្នាក់​ក្នុង​ចំណោម​សាវក​ទាំង​ដប់ពីរ​ ហើយ​ជា​ម្នាក់​ដែល​គេ​ហៅ​ថា​ឌីឌីម​ គាត់​មិន​បាន​នៅ​ជាមួយ​ពួកគេ​ទេ​នៅ​ពេល​ព្រះយេស៊ូ​យាង​មក។​

25. ដូច្នេះ​ពួក​សិស្ស​ផ្សេង​ទៀត​បាន​ប្រាប់​គាត់​ថា៖​ «យើង​បាន​ជួប​ព្រះអម្ចាស់​ហើយ!»​ ប៉ុន្ដែ​គាត់​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «បើ​ខ្ញុំ​មិន​បាន​ឃើញ​ស្នាម​ដែកគោល​នៅ​នឹង​ព្រះហស្ដ​របស់​ព្រះអង្គ​ ហើយ​មិន​បាន​លូក​ម្រាម​ដៃ​ខ្ញុំ​ទៅ​ក្នុង​ស្នាម​ដែកគោល​នោះ​ និង​ទៅ​ក្នុង​ចំហៀង​ខ្លួន​របស់​ព្រះអង្គ​ទេ​ នោះ​ខ្ញុំ​មិន​ជឿ​ជា​ដាច់ខាត»។​

26. ប្រាំបី​ថ្ងៃ​ក្រោយ​មក​ ពួក​សិស្ស​របស់​ព្រះអង្គ​បាន​នៅ​ក្នុង​ផ្ទះ​ម្តង​ទៀត​ ហើយ​លោក​ថូម៉ាស​ក៏​នៅ​ជាមួយ​ពួកគេ​ដែរ​ រីឯ​ទ្វារ​បិទ​ជិត​នៅ​ឡើយ​ ព្រះយេស៊ូ​ក៏​យាង​មក​ឈរ​នៅ​កណ្តាល​ចំណោម​ពួកគេ​ ទាំង​មាន​បន្ទូល​ថា៖​ «សូម​ឲ្យ​អ្នក​រាល់គ្នា​មាន​សេចក្ដី​សុខសាន្ដ!» ​

27. រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​លោក​ថូម៉ាស​ថា៖​ «ចូរ​លូក​ម្រាម​ដៃ​របស់​អ្នក​មក​ទី​នេះ​ ហើយ​មើល​ដៃ​ខ្ញុំ​ចុះ!​ ចូរ​លូក​ដៃ​របស់​អ្នក​មក​ក្នុង​ចំហៀង​ខ្លួន​របស់​ខ្ញុំ​ចុះ!​ ចូរ​កុំ​ធ្វើ​ជា​អ្នក​គ្មាន​ជំនឿ​ ប៉ុន្ដែ​ចូរ​ធ្វើ​ជា​អ្នក​មាន​ជំនឿ​វិញ!»​

28. ពេល​នោះ​លោក​ថូម៉ាស​ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖​ «ឱ​ ព្រះអម្ចាស់​របស់​ខ្ញុំ​ និង​ជា​ព្រះ​របស់​ខ្ញុំ​អើយ!»​

29. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «តើ​អ្នក​ជឿ​ដោយ​ព្រោះ​អ្នក​បាន​ឃើញ​ខ្ញុំ​ឬ?​ អស់​អ្នក​ដែល​ជឿ​ដោយ​មិន​បាន​ឃើញ​ អ្នក​នោះ​មាន​ពរ​ហើយ!»​

30. ព្រះយេស៊ូ​បាន​ធ្វើ​ទី​សំគាល់​អស្ចារ្យ​ជាច្រើន​ទៀត​នៅ​មុខ​ពួក​សិស្ស​របស់​ព្រះអង្គ​ដែល​មិន​បាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​នេះ​ទេ​

31. ប៉ុន្ដែ​សេចក្ដី​ទាំង​នេះ​បាន​ចែង​ទុក​មក​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ជឿ​ថា​ ព្រះយេស៊ូ​ជា​ព្រះគ្រិស្ដ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ និង​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មាន​ជីវិត​ក្នុង​ព្រះនាម​របស់​ព្រះអង្គ​ដោយ​សារ​ជំនឿ​នោះ។​

សូមអានជំពូកពេញលេញ យ៉ូហាន 20