19. នៅពេលល្ងាចក្នុងថ្ងៃទីមួយនៃសប្តាហ៍នោះ ពួកសិស្សបាននៅកន្លែងមួយដោយបានបិទទ្វារ ព្រោះតែខ្លាចពួកជនជាតិយូដា។ ពេលនោះព្រះយេស៊ូក៏យាងមកឈរនៅកណ្តាលពួកសិស្ស ហើយមានបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្ដ!»
20. ពេលព្រះអង្គមានបន្ទូលដូច្នោះហើយ ព្រះអង្គក៏បង្ហាញព្រះហស្ដ និងចំហៀងខ្លួនរបស់ព្រះអង្គឲ្យពួកគេឃើញ ពេលនោះពួកសិស្សក៏មានចិត្តត្រេកអរដោយបានឃើញព្រះអម្ចាស់។
21. ព្រះយេស៊ូមានបន្ទូលទៅពួកគេម្តងទៀតថា៖ «សូមឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្ត! ព្រះវរបិតាបានចាត់ខ្ញុំឲ្យមកជាយ៉ាងណា ខ្ញុំក៏ចាត់អ្នករាល់គ្នាឲ្យទៅជាយ៉ាងនោះដែរ»។
22. ពេលព្រះអង្គមានបន្ទូលដូច្នេះហើយ ព្រះអង្គក៏ផ្លុំលើពួកគេទាំងមានបន្ទូលថា៖ «ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ!
23. បើអ្នករាល់គ្នាលើកលែងទោសបាបឲ្យអ្នកណា នោះពួកគេនឹងទទួលបានការលើកលែងទោស ប៉ុន្ដែបើអ្នករាល់គ្នាមិនលើកលែងទោសបាបឲ្យពួកគេទេ នោះពួកគេនឹងនៅតែមានបាប»។
24. លោកថូម៉ាសជាម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរ ហើយជាម្នាក់ដែលគេហៅថាឌីឌីម គាត់មិនបាននៅជាមួយពួកគេទេនៅពេលព្រះយេស៊ូយាងមក។
25. ដូច្នេះពួកសិស្សផ្សេងទៀតបានប្រាប់គាត់ថា៖ «យើងបានជួបព្រះអម្ចាស់ហើយ!» ប៉ុន្ដែគាត់ឆ្លើយទៅពួកគេថា៖ «បើខ្ញុំមិនបានឃើញស្នាមដែកគោលនៅនឹងព្រះហស្ដរបស់ព្រះអង្គ ហើយមិនបានលូកម្រាមដៃខ្ញុំទៅក្នុងស្នាមដែកគោលនោះ និងទៅក្នុងចំហៀងខ្លួនរបស់ព្រះអង្គទេ នោះខ្ញុំមិនជឿជាដាច់ខាត»។
26. ប្រាំបីថ្ងៃក្រោយមក ពួកសិស្សរបស់ព្រះអង្គបាននៅក្នុងផ្ទះម្តងទៀត ហើយលោកថូម៉ាសក៏នៅជាមួយពួកគេដែរ រីឯទ្វារបិទជិតនៅឡើយ ព្រះយេស៊ូក៏យាងមកឈរនៅកណ្តាលចំណោមពួកគេ ទាំងមានបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្ដ!»
27. រួចព្រះអង្គមានបន្ទូលទៅលោកថូម៉ាសថា៖ «ចូរលូកម្រាមដៃរបស់អ្នកមកទីនេះ ហើយមើលដៃខ្ញុំចុះ! ចូរលូកដៃរបស់អ្នកមកក្នុងចំហៀងខ្លួនរបស់ខ្ញុំចុះ! ចូរកុំធ្វើជាអ្នកគ្មានជំនឿ ប៉ុន្ដែចូរធ្វើជាអ្នកមានជំនឿវិញ!»
28. ពេលនោះលោកថូម៉ាសទូលឆ្លើយទៅព្រះអង្គថា៖ «ឱ ព្រះអម្ចាស់របស់ខ្ញុំ និងជាព្រះរបស់ខ្ញុំអើយ!»