11. រីឯនាងម៉ារាវិញបានឈរយំខាងក្រៅផ្នូរ ពេលនាងកំពុងយំ នាងក៏ឱនទៅក្នុងផ្នូរ
12. ហើយឃើញទេវតាពីរនាក់ស្លៀកពាក់សកំពុងអង្គុយនៅកន្លែងដែលគេផ្តេកសពព្រះយេស៊ូ គឺម្នាក់នៅខាងក្បាល និងម្នាក់ទៀតនៅខាងចុងជើង។
13. ទេវតាទាំងនោះបានសួរនាងថា៖ «នាងអើយ ហេតុអ្វីនាងយំ?» នាងឆ្លើយប្រាប់ថា៖ «ពួកគេបានយកព្រះអម្ចាស់របស់ខ្ញុំ ខ្ញុំមិនដឹងថាពួកគេដាក់ព្រះអង្គនៅកន្លែងណាទេ!»
14. ពេលប្រាប់អំពីសេចក្ដីទាំងនេះហើយ នាងក៏បែរក្រោយ ហើយឃើញព្រះយេស៊ូកំពុងឈរ ប៉ុន្ដែនាងមិនស្គាល់ថា នោះជាព្រះយេស៊ូទេ។
15. ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «នាងអើយ! ហេតុអ្វីបានជាអ្នកយំ? តើអ្នករកអ្នកណា?» ដោយគិតថាព្រះអង្គជាអ្នកថែសួន ទើបនាងទូលទៅព្រះអង្គថា៖ «ឱលោកអើយ! បើលោកបានយកសព សូមប្រាប់ខ្ញុំអំពីកន្លែងដែលលោកបានដាក់សពផង ខ្ញុំនឹងទទួលយកវិញ»។
16. ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «ម៉ារា!» នោះនាងក៏បែរទៅ ហើយទូលព្រះអង្គជាភាសាហេព្រើរថា៖ «រ៉ាបូនី!» (ដែលប្រែថា លោកគ្រូ)
17. ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «កុំពាល់ខ្ញុំ ព្រោះខ្ញុំមិនទាន់ឡើងទៅឯព្រះវរបិតានៅឡើយ ប៉ុន្ដែចូរអ្នកទៅឯពួកបងប្អូនរបស់ខ្ញុំ ហើយប្រាប់ពួកគេថា ខ្ញុំនឹងឡើងទៅឯព្រះវរបិតារបស់ខ្ញុំ ហើយជាព្រះវរបិតារបស់អ្នករាល់គ្នា គឺជាព្រះរបស់ខ្ញុំ ហើយជាព្រះរបស់អ្នករាល់គ្នាដែរ»។
18. ពេលនោះនាងម៉ារា អ្នកក្រុងម៉ាក់ដាឡាក៏នាំដំណឹងនេះទៅប្រាប់ពួកសិស្សថា៖ «ខ្ញុំបានឃើញព្រះអម្ចាស់» ព្រមទាំងសេចក្ដីដែលព្រះអង្គបានមានបន្ទូលប្រាប់នាងផង។
19. នៅពេលល្ងាចក្នុងថ្ងៃទីមួយនៃសប្តាហ៍នោះ ពួកសិស្សបាននៅកន្លែងមួយដោយបានបិទទ្វារ ព្រោះតែខ្លាចពួកជនជាតិយូដា។ ពេលនោះព្រះយេស៊ូក៏យាងមកឈរនៅកណ្តាលពួកសិស្ស ហើយមានបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្ដ!»
20. ពេលព្រះអង្គមានបន្ទូលដូច្នោះហើយ ព្រះអង្គក៏បង្ហាញព្រះហស្ដ និងចំហៀងខ្លួនរបស់ព្រះអង្គឲ្យពួកគេឃើញ ពេលនោះពួកសិស្សក៏មានចិត្តត្រេកអរដោយបានឃើញព្រះអម្ចាស់។
21. ព្រះយេស៊ូមានបន្ទូលទៅពួកគេម្តងទៀតថា៖ «សូមឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្ត! ព្រះវរបិតាបានចាត់ខ្ញុំឲ្យមកជាយ៉ាងណា ខ្ញុំក៏ចាត់អ្នករាល់គ្នាឲ្យទៅជាយ៉ាងនោះដែរ»។
22. ពេលព្រះអង្គមានបន្ទូលដូច្នេះហើយ ព្រះអង្គក៏ផ្លុំលើពួកគេទាំងមានបន្ទូលថា៖ «ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ!
23. បើអ្នករាល់គ្នាលើកលែងទោសបាបឲ្យអ្នកណា នោះពួកគេនឹងទទួលបានការលើកលែងទោស ប៉ុន្ដែបើអ្នករាល់គ្នាមិនលើកលែងទោសបាបឲ្យពួកគេទេ នោះពួកគេនឹងនៅតែមានបាប»។
24. លោកថូម៉ាសជាម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរ ហើយជាម្នាក់ដែលគេហៅថាឌីឌីម គាត់មិនបាននៅជាមួយពួកគេទេនៅពេលព្រះយេស៊ូយាងមក។
25. ដូច្នេះពួកសិស្សផ្សេងទៀតបានប្រាប់គាត់ថា៖ «យើងបានជួបព្រះអម្ចាស់ហើយ!» ប៉ុន្ដែគាត់ឆ្លើយទៅពួកគេថា៖ «បើខ្ញុំមិនបានឃើញស្នាមដែកគោលនៅនឹងព្រះហស្ដរបស់ព្រះអង្គ ហើយមិនបានលូកម្រាមដៃខ្ញុំទៅក្នុងស្នាមដែកគោលនោះ និងទៅក្នុងចំហៀងខ្លួនរបស់ព្រះអង្គទេ នោះខ្ញុំមិនជឿជាដាច់ខាត»។
26. ប្រាំបីថ្ងៃក្រោយមក ពួកសិស្សរបស់ព្រះអង្គបាននៅក្នុងផ្ទះម្តងទៀត ហើយលោកថូម៉ាសក៏នៅជាមួយពួកគេដែរ រីឯទ្វារបិទជិតនៅឡើយ ព្រះយេស៊ូក៏យាងមកឈរនៅកណ្តាលចំណោមពួកគេ ទាំងមានបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្ដ!»
27. រួចព្រះអង្គមានបន្ទូលទៅលោកថូម៉ាសថា៖ «ចូរលូកម្រាមដៃរបស់អ្នកមកទីនេះ ហើយមើលដៃខ្ញុំចុះ! ចូរលូកដៃរបស់អ្នកមកក្នុងចំហៀងខ្លួនរបស់ខ្ញុំចុះ! ចូរកុំធ្វើជាអ្នកគ្មានជំនឿ ប៉ុន្ដែចូរធ្វើជាអ្នកមានជំនឿវិញ!»