គម្ពីរសញ្ញាថ្មី

យ៉ូហាន 20:1-19 Khmer Christian Bible (KCB)

1. នៅ​ព្រលឹម​ស្រាងៗ​ក្នុង​ថ្ងៃ​ទីមួយ​នៃ​សប្តាហ៍​នោះ​ កាល​ងងឹត​នៅ​ឡើយ​ នាង​ម៉ារា​អ្នក​ក្រុង​ម៉ាក់ដាឡា​បាន​ទៅ​ឯ​ផ្នូរ​ នាង​ក៏​ឃើញ​ថ្ម​នៅ​មាត់​ផ្នូរ​ត្រូវ​គេ​យក​ចេញ​ទៅ​ហើយ​

2. ពេល​នោះ​នាង​ក៏​រត់​ទៅ​ឯ​លោក​ស៊ីម៉ូនពេត្រុស​ និង​សិស្ស​ម្នាក់​ទៀត​ដែល​ព្រះយេស៊ូ​ស្រឡាញ់​ ហើយ​ប្រាប់​ពួកគេ​ថា៖​ «មាន​គេ​យក​ព្រះអម្ចាស់​ចេញ​ពី​ផ្នូរ​ហើយ​ យើង​មិន​ដឹង​ថា​ គេ​ដាក់​ព្រះអង្គ​នៅ​កន្លែង​ណា​ទេ»។​

3. ដូច្នេះ​លោក​ពេត្រុស​ និង​សិស្ស​ម្នាក់​នោះ​ក៏​បាន​ចេញ​ទៅ​ឯ​ផ្នូរ​

4. អ្នក​ទាំង​ពីរ​ក៏​រត់​ទៅ​ជាមួយ​គ្នា​ ប៉ុន្ដែ​សិស្ស​ម្នាក់​ទៀត​នោះ​បាន​រត់​លឿន​ជាង​លោក​ពេត្រុស​ ហើយ​បាន​ទៅ​ដល់​ផ្នូរ​មុន។​

5. ពេល​គាត់​ឱន​ចុះ​ នោះ​ក៏​ឃើញ​មាន​តែ​ក្រណាត់​ទេសឯក​ប៉ុណ្ណោះ​ ប៉ុន្ដែ​គាត់​មិន​បាន​ចូល​ទៅ​ទេ។​

6. បន្ទាប់​មក​ លោក​ស៊ីម៉ូនពេត្រុស​ក៏​មក​ដល់​តាម​ក្រោយ​ដែរ​ គាត់​ចូល​ទៅ​ក្នុង​ផ្នូរ​ ហើយ​ឃើញ​ក្រណាត់​នៅ​ទី​នោះ​

7. រីឯ​កន្សែង​ដែល​បាន​រុំ​ព្រះសិរ​របស់​ព្រះអង្គ​មិន​នៅ​ជាមួយ​ក្រណាត់​ទេសឯក​នោះ​ទេ​ គឺ​បាន​ឆ្មូល​ទុក​នៅ​កន្លែង​មួយ​ដោយ​ឡែក។​

8. បន្ទាប់​មក​ សិស្ស​ម្នាក់​ដែល​មក​ដល់​ផ្នូរ​មុន​បាន​ចូល​ទៅ​ដែរ​ រួច​គាត់​ក៏​ឃើញ​ ហើយ​ជឿ​

9. ប៉ុន្ដែ​ទោះ​ជា​យ៉ាង​ណា​ក្ដី​ ពួកគេ​មិន​ទាន់​យល់​នៅ​ឡើយ​អំពី​បទគម្ពីរ​ដែល​ចែង​ថា​ ព្រះអង្គ​ត្រូវ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​

10. ដូច្នេះ​សិស្ស​ទាំង​ពីរ​នោះ​ក៏​ទៅ​ផ្ទះ​របស់​ពួកគេ​វិញ។​

11. រីឯ​នាង​ម៉ារា​វិញ​បាន​ឈរ​យំ​ខាង​ក្រៅ​ផ្នូរ ​ពេល​នាង​កំពុង​យំ​ នាង​ក៏​ឱន​ទៅ​ក្នុង​ផ្នូរ​

12. ហើយ​ឃើញ​ទេវតា​ពីរ​នាក់​ស្លៀកពាក់​ស​កំពុង​អង្គុយ​នៅ​កន្លែង​ដែល​គេ​ផ្តេក​សព​ព្រះយេស៊ូ​ គឺ​ម្នាក់​នៅ​ខាង​ក្បាល​ និង​ម្នាក់​ទៀត​នៅ​ខាង​ចុង​ជើង។​

13. ទេវតា​ទាំង​នោះ​បាន​សួរ​នាង​ថា៖​ «នាង​អើយ​ ហេតុអ្វី​នាង​យំ?»​ នាង​ឆ្លើយ​ប្រាប់​ថា៖​ «ពួកគេ​បាន​យក​ព្រះអម្ចាស់​របស់​ខ្ញុំ​ ខ្ញុំ​មិន​ដឹង​ថា​ពួកគេ​ដាក់​ព្រះអង្គ​នៅ​កន្លែង​ណា​ទេ!»​

14. ពេល​ប្រាប់​អំពី​សេចក្ដី​ទាំង​នេះ​ហើយ​ នាង​ក៏​បែរ​ក្រោយ​ ហើយ​ឃើញ​ព្រះយេស៊ូ​កំពុង​ឈរ​ ប៉ុន្ដែ​នាង​មិន​ស្គាល់​ថា​ នោះ​ជា​ព្រះយេស៊ូ​ទេ។​

15. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «នាង​អើយ!​ ហេតុអ្វី​បាន​ជា​អ្នក​យំ?​ តើ​អ្នក​រក​អ្នកណា?»​ ដោយ​គិត​ថា​ព្រះអង្គ​ជា​អ្នក​ថែ​សួន​ ទើប​នាង​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ឱ​លោក​អើយ!​ បើ​លោក​បាន​យក​សព​ សូម​ប្រាប់​ខ្ញុំ​អំពី​កន្លែង​ដែល​លោក​បាន​ដាក់​សព​ផង​ ខ្ញុំ​នឹង​ទទួល​យក​វិញ»។​

16. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ម៉ារា!»​ នោះ​នាង​ក៏​បែរ​ទៅ​ ហើយ​ទូល​ព្រះអង្គ​ជា​ភាសា​ហេព្រើរ​ថា៖​ «រ៉ាបូនី!»​ (ដែល​ប្រែ​ថា​ លោកគ្រូ)​

17. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «កុំ​ពាល់​ខ្ញុំ​ ព្រោះ​ខ្ញុំ​មិន​ទាន់​ឡើង​ទៅ​ឯ​ព្រះវរបិតា​នៅ​ឡើយ​ ប៉ុន្ដែ​ចូរ​អ្នក​ទៅ​ឯ​ពួក​បងប្អូន​របស់​ខ្ញុំ​ ហើយ​ប្រាប់​ពួកគេ​ថា​ ខ្ញុំ​នឹង​ឡើង​ទៅ​ឯ​ព្រះវរបិតា​របស់​ខ្ញុំ​ ហើយ​ជា​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ គឺ​ជា​ព្រះ​របស់​ខ្ញុំ​ ហើយ​ជា​ព្រះ​របស់​អ្នក​រាល់គ្នា​ដែរ»។​

18. ពេល​នោះ​នាង​ម៉ារា​ អ្នក​ក្រុង​ម៉ាក់ដាឡា​ក៏​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​ពួក​សិស្ស​ថា៖​ «ខ្ញុំ​បាន​ឃើញ​ព្រះអម្ចាស់»​ ព្រមទាំង​សេចក្ដី​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ប្រាប់​នាង​ផង។​

19. នៅ​ពេល​ល្ងាច​ក្នុង​ថ្ងៃ​ទីមួយ​នៃ​សប្តាហ៍​នោះ​ ពួក​សិស្ស​បាន​នៅ​កន្លែង​មួយ​ដោយ​បាន​បិទ​ទ្វារ​ ព្រោះតែ​ខ្លាច​ពួក​ជនជាតិ​យូដា។​ ពេល​នោះ​ព្រះយេស៊ូ​ក៏​យាង​មក​ឈរ​នៅ​កណ្តាល​ពួក​សិស្ស​ ហើយ​មាន​បន្ទូល​ថា៖​ «សូម​ឲ្យ​អ្នក​រាល់គ្នា​មាន​សេចក្ដី​សុខសាន្ដ!»​

សូមអានជំពូកពេញលេញ យ៉ូហាន 20