គម្ពីរសញ្ញាថ្មី

យ៉ូហាន 19:6-14 Khmer Christian Bible (KCB)

6. ពេល​ពួក​សម្តេច​សង្ឃ​ និង​ពួក​ឆ្មាំ​ព្រះវិហារ​បាន​ឃើញ​ព្រះអង្គ​ ពួកគេ​ក៏​ស្រែក​ឡើង​ថា៖​ «ឆ្កាង​វា​ទៅ!​ ឆ្កាង​វា​ទៅ!»​ លោក​ពីឡាត់​និយាយ​ទៅ​ពួកគេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​យក​គាត់​ទៅ​ឆ្កាង​ចុះ!​ ដ្បិត​ខ្ញុំ​មិន​ឃើញ​ថា​ បុរស​នេះ​មាន​ទោស​សោះ!»​

7. ពួក​ជនជាតិ​យូដា​ឆ្លើយ​ទៅ​លោក​ពីឡាត់​ថា៖​ «យើង​មាន​ក្រឹត្យវិន័យមួយ ហើយ​តាម​ក្រឹត្យវិន័យ​នោះ​ វា​ត្រូវ​ស្លាប់​ ព្រោះ​វា​បាន​តាំង​ខ្លួន​ឡើង​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់»។​

8. ដូច្នេះ​ពេល​លោក​ពីឡាត់​បាន​ឮ​ពាក្យ​នោះ​ គាត់​កាន់​តែ​ភ័យ​ខ្លាច​ថែម​ទៀត​

9. គាត់​ក៏​ចូល​ទៅ​ក្នុង​បន្ទាយ​ទ័ព​ម្ដង​ទៀត​ ហើយ​សួរ​ព្រះយេស៊ូ​ថា៖​ «តើ​អ្នក​មកពី​ណា?»​ ប៉ុន្ដែ​ព្រះយេស៊ូ​មិន​ឆ្លើយ​ប្រាប់​គាត់​ឡើយ។​

10. ដូច្នេះ​លោក​ពីឡាត់​សួរ​ព្រះអង្គ​ទៀត​ថា៖​ «តើ​អ្នក​មិន​ប្រាប់​ខ្ញុំ​ទេ​ឬ?​ តើ​អ្នក​មិន​ដឹង​ទេ​ថា​ ខ្ញុំ​មាន​សិទ្ធិ​អំណាច​ដោះលែង​អ្នក​ក៏​បាន​ ឬ​ឆ្កាង​អ្នក​ក៏​បាន?»​

11. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «លោក​គ្មាន​សិទ្ធិ​អំណាច​លើ​ខ្ញុំ​ឡើយ​ លុះត្រា​តែ​សិទ្ធិ​អំណាច​នោះ​បាន​ប្រទាន​មកពី​ស្ថាន​លើ​ ដូច្នេះ​ហើយ​បាន​ជា​ពួកអ្នក​ដែល​បញ្ជូន​ខ្ញុំ​មក​ឲ្យ​លោក​ ពួកគេ​មាន​បាប​ធ្ងន់​ជាង»។​

12. បន្ទាប់ពី​នោះ​មក​ លោក​ពីឡាត់​ព្យាយាម​ដោះលែង​ព្រះអង្គ​ ប៉ុន្ដែ​ពួក​ជនជាតិ​យូដា​ស្រែក​ឡើង​ថា៖​ «បើ​លោក​ដោះលែង​វា​ លោក​មិនមែន​ជា​មិត្ត​របស់​ព្រះចៅអធិរាជ​ទេ​ ព្រោះ​អ្នកណា​តាំង​ខ្លួន​ធ្វើ​ជា​ស្ដេច​ អ្នក​នោះ​ប្រឆាំង​ព្រះចៅអធិរាជ​ហើយ!»​

13. ពេល​លោក​ពីឡាត់​ឮ​ពាក្យ​ដូច្នេះ​ ក៏​នាំ​ព្រះយេស៊ូ​ចេញ​មក​ ហើយ​គាត់​បាន​អង្គុយ​លើ​ទី​កាត់ក្តី​ ត្រង់​កន្លែង​មួយ​ដែល​ហៅ​ថា​ ទីលាន​ក្រាល​ថ្ម​ ភាសា​ហេព្រើរ​ហៅ​ថា​ កាបាថា។​

14. ពេល​នោះ​ជា​ថ្ងៃ​រៀបចំ​បុណ្យ​រំលង​ ហើយ​ប្រហែល​ជា​ម៉ោង​ដប់ពីរ​ថ្ងៃត្រង់​ លោក​ពីឡាត់​និយាយ​ទៅ​ពួក​ជនជាតិ​យូដា​ថា៖​ «មើល៍​ នេះ​ជា​ស្តេច​របស់​អ្នក​រាល់គ្នា»។​

សូមអានជំពូកពេញលេញ យ៉ូហាន 19