គម្ពីរសញ្ញាថ្មី

យ៉ូហាន 19:26-42 Khmer Christian Bible (KCB)

26. ពេល​ព្រះយេស៊ូ​ឃើញ​ម្ដាយ​ និង​សិស្ស​ម្នាក់​ដែល​ព្រះអង្គ​ស្រឡាញ់​កំពុង​ឈរ​នៅ​ក្បែរ​នោះ​ ក៏​មាន​បន្ទូល​ថា៖​ «អ្នក​ម្ដាយ​អើយ!​ មើល៍​ នេះ​ជា​កូន​របស់​អ្នក​ម្ដាយ​ហើយ!»​

27. ហើយ​ព្រះអង្គ​មាន​បន្ទូល​ទៅ​សិស្ស​ម្នាក់​នោះ​ថា៖​ «មើល៍​ នេះ​ជា​ម្តាយ​របស់​អ្នក​ហើយ!»​ តាំងពី​ពេល​នោះ​មក​ សិស្ស​ម្នាក់​នោះ​បាន​យក​នាង​ម៉ារា​ទៅ​នៅ​ផ្ទះ​របស់​គាត់។​

28. បន្ទាប់​មក​ព្រះយេស៊ូ​បាន​ដឹង​ថា​ ការ​ទាំង​អស់​បាន​សម្រេច​ហើយ​ រួច​ដើម្បី​ឲ្យ​សម្រេច​តាម​បទគម្ពីរ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ស្រេក​ទឹក​ណាស់!»​

29. នោះ​គេ​បាន​យក​ក្រឡ​មួយ​មាន​ទឹកខ្មេះ​ពេញ​មក​ ហើយ​យក​សារាយ​ស្ងួត​រុំ​នឹង​មែក​ហ៊ីសុប​ជ្រលក់​ទឹកខ្មេះ​ជោក​ រួច​ហុច​ដល់​ព្រះឱស្ឋ​របស់​ព្រះអង្គ។​

30. ពេល​ព្រះយេស៊ូ​ទទួល​ទឹកខ្មេះ​រួច​ហើយ​ ក៏​មាន​បន្ទូល​ថា៖​ «កិច្ចការ​បាន​សម្រេច​ហើយ!»​ រួច​ព្រះអង្គ​ក៏​ឱន​ព្រះសិរ​ប្រគល់​វិញ្ញាណ​របស់​ព្រះអង្គ។​

31. ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ​ ដ្បិត​ជា​ថ្ងៃ​ដ៏​វិសេស​សម្រាប់​ថ្ងៃ​សប្ប័ទ​ ហើយ​ដោយ​ព្រោះ​នៅ​ក្នុង​ថ្ងៃ​សប្ប័ទ​មិន​អនុញ្ញាត​ឲ្យ​មាន​សាក​សព​លើ​ឈើឆ្កាង​ ដូច្នេះ​ពួក​ជនជាតិ​យូដា​បាន​សុំ​លោក​ពីឡាត់​ឲ្យ​បំបាក់​ជើង​របស់​អ្នក​ទោស​ ហើយ​ដាក់​សព​ចុះ។​

32. ពួក​ទាហាន​ក៏​មក​បំបាក់​ជើង​អ្នក​ទីមួយ​ ហើយ​ជើង​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​ឆ្កាង​ក្បែរ​ព្រះអង្គ​

33. ប៉ុន្ដែ​ពេល​មក​ដល់​ព្រះយេស៊ូ​ ពួក​ទាហាន​បាន​ឃើញ​ថា​ ព្រះអង្គ​សោយ​ទិវង្គត​ហើយ​ ពួកគេ​មិន​បាន​បំបាក់​បាទា​របស់​ព្រះអង្គ​ទេ​

34. ប៉ុន្ដែ​ ទាហាន​ម្នាក់​បាន​យក​លំពែង​ចាក់​ព្រះអង្គ​ត្រង់​ចំហៀង​ខ្លួន​ ភ្លាម​នោះ​ឈាម​ និង​ទឹក​ក៏​ហូរ​ចេញ​មក​

35. រីឯ​អ្នក​ដែល​បាន​ឃើញ​ គាត់​បាន​ធ្វើ​បន្ទាល់​ ហើយ​សេចក្ដី​បន្ទាល់​របស់​គាត់​ពិត​ប្រាកដ​ រួច​គាត់​ដឹង​ថា​គាត់​និយាយ​ពិត​ ដើម្បី​ ឲ្យ​អ្នក​រាល់គ្នា​អាច​ជឿ​បាន​ដែរ។​

36. ដ្បិត​ហេតុការណ៍​ទាំង​នេះ​បាន​កើត​ឡើង​ដើម្បី​ឲ្យ​សម្រេច​បទគម្ពីរ​ដែល​ចែង​ថា​ គ្មាន​ឆ្អឹង​ណា​មួយ​របស់​ព្រះអង្គ​ត្រូវ​បាក់​ឡើយ​

37. និង​បទគម្ពីរ​មួយ​ទៀត​ដែល​ចែង​ថា​ ពួកគេ​នឹង​ពិនិត្យ​មើល​ព្រះអង្គ​ដែល​ពួកគេ​បាន​ចាក់។​

38. ក្រោយ​ហេតុការណ៍​ទាំង​នេះ​ លោក​យ៉ូសែប​ អ្នក​ក្រុង​អើរីម៉ាថេ​បាន​សុំ​លោក​ពីឡាត់​យក​សព​ព្រះយេស៊ូ​ ហើយ​លោក​ពីឡាត់​បាន​យល់​ព្រម​ ដូច្នេះ​លោក​យ៉ូសែប​ក៏​មក​យក​សព​របស់​ព្រះអង្គ។​ លោក​យ៉ូសែប​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូ​ ប៉ុន្ដែ​គាត់​បាន​លាក់​មុខ​ព្រោះ​ខ្លាច​ពួក​ជនជាតិ​យូដា។​

39. រីឯ​លោក​នីកូដេម​ដែល​បាន​ទៅ​ជួប​ព្រះយេស៊ូ​ទាំង​យប់​កាល​ពីមុន​ក៏​បាន​មក​ជាមួយ​ដែរ​ ហើយ​គាត់​បាន​យក​ល្បាយ​ជ័រ​ក្រអូប​ និង​គ្រឿង​ក្រអូប​ប្រហែល​ហាសិប​គីឡូក្រាម​មក​ជាមួយ។​

40. ពេល​នោះ​ពួកគេ​បាន​យក​សព​ព្រះយេស៊ូ​មក​រុំ​ជាមួយ​គ្រឿង​ក្រអូប​ និង​ក្រណាត់​ទេសឯក​ទៅ​តាម​ទំនៀម​ទម្លាប់​បញ្ចុះ​សព​របស់​ជនជាតិ​យូដា។​

41. នៅ​ត្រង់​កន្លែង​ដែល​គេ​បាន​ឆ្កាង​ព្រះអង្គ​នោះ​មាន​សួនច្បារ​មួយ​ ហើយ​ក្នុង​សួនច្បារ​នោះ​មាន​ផ្នូរ​មួយ​ថ្មី​ដែល​មិន​ទាន់​បាន​បញ្ចុះ​សព​ណា​នៅ​ឡើយ​

42. ដូច្នេះ​ពួកគាត់​ក៏​បញ្ចុះ​សព​ព្រះយេស៊ូ​នៅ​ទី​នោះ​ ដ្បិត​ផ្នូរ​នោះ​នៅ​ជិត​ ហើយ​នោះ​ជា​ថ្ងៃ​រៀបចំ​របស់​ជនជាតិ​យូដា​ផង។​

សូមអានជំពូកពេញលេញ យ៉ូហាន 19