9. ដូច្នេះក៏បានសម្រេចតាមពាក្យដែលព្រះអង្គបានមានបន្ទូលថា៖ «ក្នុងចំណោមអស់អ្នកដែលព្រះអង្គបានប្រទានដល់ខ្ញុំ គ្មានអ្នកណាម្នាក់ត្រូវវិនាសឡើយ»។
10. រីឯលោកស៊ីម៉ូនពេត្រុស គាត់មានដាវមួយ គាត់ក៏ហូតដាវនោះកាប់បាវបម្រើរបស់សម្តេចសង្ឃម្នាក់ ហើយកាត់ដាច់ត្រចៀកស្តាំរបស់បាវបម្រើនោះ។ បាវបម្រើនោះមានឈ្មោះថាម៉ាលកុស។
11. ព្រះយេស៊ូមានបន្ទូលទៅលោកពេត្រុសថា៖ «ចូរដាក់ដាវទៅក្នុងស្រោមវិញទៅ តើមិនត្រូវឲ្យខ្ញុំផឹកពីពែងដែលព្រះវរបិតាបានប្រទានឲ្យខ្ញុំទេឬ?»
12. ពេលនោះ កងទាហានរ៉ូម និងមេទ័ពធំ ព្រមទាំងពួកឆ្មាំព្រះវិហាររបស់ជនជាតិយូដាបានចាប់ចងព្រះយេស៊ូ
13. ហើយនាំទៅឲ្យលោកអាណជាមុន ដ្បិតគាត់ជាឪពុកក្មេករបស់លោកកៃផាដែលជាសម្តេចសង្ឃនៅឆ្នាំនោះ។
14. លោកកៃផានេះហើយដែលបានឲ្យយោបល់ទៅជនជាតិយូដាថា បើមានមនុស្សម្នាក់ស្លាប់ជំនួសប្រជាជន នោះជាការប្រសើរហើយ។
15. លោកស៊ីម៉ូនពេត្រុស និងសិស្សម្នាក់ទៀតបានទៅតាមព្រះយេស៊ូ ហើយសម្តេចសង្ឃស្គាល់សិស្សម្នាក់នោះ ដូច្នេះសិស្សម្នាក់នោះក៏ចូលទៅក្នុងសាលារបស់សម្តេចសង្ឃជាមួយព្រះយេស៊ូ
16. រីឯលោកពេត្រុសវិញ គាត់បានឈរនៅមាត់ទ្វារខាងក្រៅ ដូច្នេះសិស្សម្នាក់ដែលសម្តេចសង្ឃស្គាល់នោះបានចេញមកបា្រប់អ្នកយាមទ្វារ រួចក៏នាំលោកពេត្រុសចូលទៅខាងក្នុង។
17. ពេលនោះបាវបម្រើស្រីដែលជាអ្នកយាមទ្វារ ក៏និយាយទៅលោកពេត្រុសថា៖ «តើអ្នកមិនមែនជាសិស្សម្នាក់របស់អ្នកនោះដែរទេឬ?» គាត់ឆ្លើយថា៖ «ខ្ញុំមិនមែនទេ!»
18. ដោយព្រោះពេលនោះរងា ពួកបាវបម្រើ និង ពួកឆ្មាំព្រះវិហារក៏ឈរអាំងភ្លើងដែលបង្កាត់ហើយជាស្រេច រីឯលោកពេត្រុស ក៏ឈរអាំងភ្លើងជាមួយពួកគេដែរ។
19. ហើយនៅពេលនោះ សម្តេចសង្ឃបានសួរព្រះយេស៊ូអំពីពួកសិស្សរបស់ព្រះអង្គ និងអំពីសេចក្ដីបង្រៀនរបស់ព្រះអង្គ
20. ព្រះយេស៊ូមានបន្ទូលឆ្លើយទៅសម្ដេចសង្ឃថា៖ «ខ្ញុំបានប្រកាសប្រាប់មនុស្សលោកនៅទីសាធារណៈ ខ្ញុំតែងតែបង្រៀននៅក្នុងសាលាប្រជុំ និងនៅក្នុងព្រះវិហារជាកន្លែងដែលជនជាតិយូដាទាំងអស់ជួបជុំគ្នា ហើយខ្ញុំមិនដែលនិយាយអ្វីដោយលាក់កំបាំងទេ