គម្ពីរសញ្ញាថ្មី

យ៉ូហាន 18:24-37 Khmer Christian Bible (KCB)

24. ពេល​នោះ​លោក​ ​អាណ​ ក៏​បញ្ជូន​ព្រះអង្គ​ទាំង​ជាប់​ចំណង​ទៅ​សម្តេច​សង្ឃ​កៃផា។​

25. ពេល​នោះ​ពួកគេ​បាន​សួរ​លោក​ស៊ីម៉ូនពេត្រុស​ ដែល​កំពុង​ឈរ​អាំង​ភ្លើង​ថា៖​ «តើ​អ្នក​មិនមែន​ជា​សិស្ស​ម្នាក់​របស់​អ្នក​នោះ​ដែរ​ទេ​ឬ?»​ គាត់​ក៏​បដិសេធ​ថា៖​ «ខ្ញុំ​មិនមែន​ទេ»។​

26. មាន​បាវបម្រើ​របស់​សម្តេច​សង្ឃ​ម្នាក់​ដែល​ត្រូវ​ជា​សាច់ញាតិ​របស់​បាវបម្រើ​ម្នាក់​ដែល​លោក​ពេត្រុស​បាន​កាត់​ដាច់​ត្រចៀក​នោះ​បាន​និយាយ​ថា៖​ «តើ​ខ្ញុំ​មិន​បាន​ឃើញ​អ្នក​នៅ​ជាមួយ​អ្នក​នោះ​ក្នុង​សួន​ទេ​ឬ?»​

27. លោក​ពេត្រុស​បាន​បដិសេធ​ម្ដង​ទៀត ​ហើយ​មាន់​ក៏​រងាវ​ឡើង​ភ្លាម។​

28. បន្ទាប់​មក​ នៅ​ព្រលឹម​ស្រាងៗ​ ពួកគេ​ក៏​នាំ​ព្រះយេស៊ូ​ចេញ​ពី​ផ្ទះ​លោក​កៃផា​ទៅ​បន្ទាយ​ទ័ព​ ប៉ុន្ដែ​ពួកគេ​មិន​បាន​ចូល​ទៅ​ក្នុង​បន្ទាយ​ទ័ព​ទេ​ ក្រែង​លោ​ធ្វើ​ឲ្យ​ពួកគេ​មិន​បរិសុទ្ធ​ ហើយ​មិន​អាច​បរិភោគ​នៅ​ថ្ងៃ​បុណ្យ​រំលង​បាន។​

29. ដូច្នេះ​លោក​ពីឡាត់​ក៏​ចេញ​មក​ខាង​ក្រៅ​សួរ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​ចោទ​ប្រកាន់​បុរស​នេះ​ពី​រឿង​អ្វី?»​

30. ពួកគេ​ឆ្លើយ​ទៅ​គាត់​ថា៖​ «​បើ​បុរស​ម្នាក់​នេះ​មិន​បាន​ធ្វើ​អ្វី​អាក្រក់​ទេ​ នោះ​យើង​មិន​បញ្ជូន​គាត់​មក​ឲ្យ​លោក​ទេ!»​

31. ដូច្នេះ​លោក​ពីឡាត់​ក៏​និយាយ​ទៅ​ពួកគេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​យក​គាត់​ទៅ​កាត់​ទោស​តាម​ច្បាប់​របស់​អ្នក​រាល់គ្នា​ចុះ!»​ ប៉ុន្ដែ​ពួក​ជនជាតិ​យូដា​បា្រប់​គាត់​ថា៖​ «យើង​គ្មាន​ច្បាប់​សម្លាប់​មនុស្ស​ណា​ម្នាក់​ទេ»។​

32. នោះ​ក៏​សម្រេច​តាម​ពាក្យ​របស់​ព្រះយេស៊ូ​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​បង្ហាញ​អំពី​របៀប​ដែល​ព្រះអង្គ​ត្រូវ​សោយ​ទិវង្គត។​

33. លោក​ពីឡាត់​ក៏​ចូល​ទៅ​ក្នុង​បន្ទាយ​ទ័ព​វិញ​ ហើយ​ហៅ​ព្រះយេស៊ូ​មក​សួរ​ថា៖​ «តើ​អ្នក​ជា​ស្តេច​ជនជាតិ​យូដា​ឬ?»​

34. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «តើ​លោក​និយាយ​ដូច្នេះ​ដោយ​ខ្លួន​ឯង​ ឬ​ក៏​មាន​អ្នកណា​ម្នាក់​ទៀត​ប្រាប់​លោក​អំពី​ខ្ញុំ​ឬ?»​

35. លោក​ពីឡាត់​ឆ្លើយ​ថា៖​ «តើ​ខ្ញុំ​ជា​ជនជាតិ​យូដា​ឬ​អី?​ ពួក​ជន​រួមជាតិ​របស់​អ្នក​ និង​ពួក​សម្តេច​សង្ឃ​បាន​បញ្ជូន​អ្នក​ឲ្យ​ខ្ញុំ​ តើ​អ្នក​បាន​ធ្វើ​អ្វី​ឬ?»​

36. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «នគរ​របស់​ខ្ញុំ​មិនមែន​នៅ​ក្នុង​លោកិយ​នេះ​ទេ​ បើ​នគរ​របស់​ខ្ញុំ​នៅ​ក្នុង​លោកិយ​នេះ​មែន​ នោះ​ពួកអ្នក​បម្រើ​របស់​ខ្ញុំ​មុខ​ជា​វាយ​តយុទ្ធ​វិញ​មិន​ខាន​ ដើម្បី​កុំ​ឲ្យ​គេ​បញ្ជូន​ខ្ញុំ​ទៅ​ជនជាតិ​យូដា​ ប៉ុន្ដែ​ឥឡូវ​នេះ​ នគរ​របស់​ខ្ញុំ​មិនមែន​នៅ​ទីនេះ​ទេ»។​

37. លោក​ពីឡាត់​ក៏​សួរ​ព្រះអង្គ​ថា៖​ «​ដូច្នេះ​អ្នក​ជា​ស្តេច​ឬ?»​ ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «លោក​ទេ​តើ​និយាយ​ថា​ ខ្ញុំ​ជា​ស្តេច​ ខ្ញុំ​បាន​កើត​មក​ក្នុង​លោកិយ​នេះ​ សម្រាប់​ការ​នេះ​ គឺ​ឲ្យ​ខ្ញុំ​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ពិត​ ហើយ​អស់​អ្នក​ដែល​កើត​ពី​សេចក្ដី​ពិត ​អ្នក​នោះ​ឮ​សំឡេង​របស់​ខ្ញុំ​»។​

សូមអានជំពូកពេញលេញ យ៉ូហាន 18