15. លោកស៊ីម៉ូនពេត្រុស និងសិស្សម្នាក់ទៀតបានទៅតាមព្រះយេស៊ូ ហើយសម្តេចសង្ឃស្គាល់សិស្សម្នាក់នោះ ដូច្នេះសិស្សម្នាក់នោះក៏ចូលទៅក្នុងសាលារបស់សម្តេចសង្ឃជាមួយព្រះយេស៊ូ
16. រីឯលោកពេត្រុសវិញ គាត់បានឈរនៅមាត់ទ្វារខាងក្រៅ ដូច្នេះសិស្សម្នាក់ដែលសម្តេចសង្ឃស្គាល់នោះបានចេញមកបា្រប់អ្នកយាមទ្វារ រួចក៏នាំលោកពេត្រុសចូលទៅខាងក្នុង។
17. ពេលនោះបាវបម្រើស្រីដែលជាអ្នកយាមទ្វារ ក៏និយាយទៅលោកពេត្រុសថា៖ «តើអ្នកមិនមែនជាសិស្សម្នាក់របស់អ្នកនោះដែរទេឬ?» គាត់ឆ្លើយថា៖ «ខ្ញុំមិនមែនទេ!»
18. ដោយព្រោះពេលនោះរងា ពួកបាវបម្រើ និង ពួកឆ្មាំព្រះវិហារក៏ឈរអាំងភ្លើងដែលបង្កាត់ហើយជាស្រេច រីឯលោកពេត្រុស ក៏ឈរអាំងភ្លើងជាមួយពួកគេដែរ។
19. ហើយនៅពេលនោះ សម្តេចសង្ឃបានសួរព្រះយេស៊ូអំពីពួកសិស្សរបស់ព្រះអង្គ និងអំពីសេចក្ដីបង្រៀនរបស់ព្រះអង្គ
20. ព្រះយេស៊ូមានបន្ទូលឆ្លើយទៅសម្ដេចសង្ឃថា៖ «ខ្ញុំបានប្រកាសប្រាប់មនុស្សលោកនៅទីសាធារណៈ ខ្ញុំតែងតែបង្រៀននៅក្នុងសាលាប្រជុំ និងនៅក្នុងព្រះវិហារជាកន្លែងដែលជនជាតិយូដាទាំងអស់ជួបជុំគ្នា ហើយខ្ញុំមិនដែលនិយាយអ្វីដោយលាក់កំបាំងទេ
21. ហេតុអ្វីលោកសួរខ្ញុំដូច្នេះ? ចូរលោកសួរអស់អ្នកដែលបានឮសេចក្ដីដែលខ្ញុំប្រាប់ពួកគេចុះ ពួកគេក៏ដឹងអំពីសេចក្ដីដែលខ្ញុំបាននិយាយដែរ»។
22. ប៉ុន្ដែពេលព្រះអង្គមានបន្ទូល អំពីសេចក្ដីទាំងនេះ ឆ្មាំព្រះវិហារម្នាក់ដែលឈរជិតនោះបានទះកំផ្លៀងព្រះយេស៊ូ ទាំងនិយាយថា៖ «ឯងឆ្លើយជាមួយសម្តេចសង្ឃយ៉ាងដូច្នេះឬ?»
23. ព្រះយេស៊ូឆ្លើយទៅអ្នកនោះថា៖ «បើខ្ញុំនិយាយអាក្រក់មែន ចូរធ្វើបន្ទាល់អំពីសេចក្ដីអាក្រក់នោះចុះ ប៉ុន្ដែបើល្អវិញ តើហេតុអ្វីបានជាអ្នកវាយខ្ញុំ?»
24. ពេលនោះលោក អាណ ក៏បញ្ជូនព្រះអង្គទាំងជាប់ចំណងទៅសម្តេចសង្ឃកៃផា។
25. ពេលនោះពួកគេបានសួរលោកស៊ីម៉ូនពេត្រុស ដែលកំពុងឈរអាំងភ្លើងថា៖ «តើអ្នកមិនមែនជាសិស្សម្នាក់របស់អ្នកនោះដែរទេឬ?» គាត់ក៏បដិសេធថា៖ «ខ្ញុំមិនមែនទេ»។
26. មានបាវបម្រើរបស់សម្តេចសង្ឃម្នាក់ដែលត្រូវជាសាច់ញាតិរបស់បាវបម្រើម្នាក់ដែលលោកពេត្រុសបានកាត់ដាច់ត្រចៀកនោះបាននិយាយថា៖ «តើខ្ញុំមិនបានឃើញអ្នកនៅជាមួយអ្នកនោះក្នុងសួនទេឬ?»