គម្ពីរសញ្ញាថ្មី

យ៉ូហាន 18:12-25 Khmer Christian Bible (KCB)

12. ពេល​នោះ​ កង​ទាហាន​រ៉ូម​ និង​មេ​ទ័ព​ធំ​ ព្រមទាំង​ពួក​ឆ្មាំ​ព្រះវិហារ​របស់​ជនជាតិ​យូដា​បាន​ចាប់​ចង​ព្រះយេស៊ូ​

13. ហើយ​នាំ​ទៅ​ឲ្យ​លោក​អាណ​ជា​មុន​ ដ្បិត​គាត់​ជា​ឪពុក​ក្មេក​របស់​លោក​កៃផា​ដែល​ជា​សម្តេច​សង្ឃនៅ​ឆ្នាំ​នោះ។​

14. លោក​កៃផា​នេះ​ហើយ​ដែល​បាន​ឲ្យ​យោបល់​ទៅ​ជនជាតិ​យូដា​ថា​ បើ​មាន​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​ប្រជាជន​ នោះ​ជា​ការ​ប្រសើរ​ហើយ។​

15. លោក​ស៊ីម៉ូនពេត្រុស​ និង​សិស្ស​ម្នាក់​ទៀត​បាន​ទៅ​តាម​ព្រះយេស៊ូ ហើយ​សម្តេច​សង្ឃ​ស្គាល់​សិស្ស​ម្នាក់​នោះ​ ដូច្នេះ​សិស្ស​ម្នាក់​នោះ​ក៏​ចូល​ទៅ​ក្នុង​សាលា​របស់​សម្តេច​សង្ឃ​ជាមួយ​ព្រះយេស៊ូ​

16. រីឯ​លោក​ពេត្រុស​វិញ​ គាត់​បាន​ឈរ​នៅ​មាត់​ទ្វារ​ខាង​ក្រៅ​ ដូច្នេះ​សិស្ស​ម្នាក់​ដែល​សម្តេច​សង្ឃ​ស្គាល់​នោះ​បាន​ចេញ​មក​បា្រប់​អ្នក​យាម​ទ្វារ​ រួច​ក៏​នាំ​លោក​ពេត្រុស​ចូល​ទៅ​ខាង​ក្នុង។​

17. ពេល​នោះ​បាវបម្រើ​ស្រី​ដែល​ជា​អ្នក​យាម​ទ្វារ​ ក៏​និយាយ​ទៅ​លោក​ពេត្រុស​ថា៖​ «​តើ​អ្នក​មិន​មែន​ជា​សិស្ស​ម្នាក់​របស់​អ្នក​នោះ​ដែរ​ទេ​ឬ?»​ គាត់​ឆ្លើយ​ថា៖​ «ខ្ញុំ​មិន​មែន​ទេ!»​

18. ដោយ​ព្រោះ​ពេល​នោះ​រងា​ ពួក​បាវបម្រើ​ និង ​ពួក​ឆ្មាំ​ព្រះវិហារ​ក៏​ឈរ​អាំង​ភ្លើង​ដែល​បង្កាត់​ហើយ​ជា​ស្រេច​ រីឯ​លោក​ពេត្រុស​ ក៏​ឈរ​អាំង​ភ្លើង​ជាមួយ​ពួកគេ​ដែរ។​

19. ហើយ​នៅ​ពេល​នោះ​ សម្តេច​សង្ឃ​បាន​សួរ​ព្រះយេស៊ូ​អំពី​ពួក​សិស្ស​របស់​ព្រះអង្គ​ និង​អំពី​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ​

20. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​សម្ដេច​សង្ឃថា៖​ «ខ្ញុំ​បាន​ប្រកាស​ប្រាប់​មនុស្ស​លោក​នៅ​ទី​សាធារណៈ​ ខ្ញុំ​តែងតែ​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ​ និង​នៅ​ក្នុង​ព្រះវិហារ​ជា​កន្លែង​ដែល​ជនជាតិ​យូដា​ទាំង​អស់​ជួប​ជុំ​គ្នា​ ហើយ​ខ្ញុំ​មិន​ដែល​និយាយ​អ្វី​ដោយ​លាក់​កំបាំង​ទេ​

21. ហេតុអ្វី​លោក​សួរ​ខ្ញុំ​ដូច្នេះ?​ ចូរ​លោក​សួរ​អស់​អ្នក​ដែល​បាន​ឮ​សេចក្ដី​ដែល​ខ្ញុំ​ប្រាប់​ពួកគេ​ចុះ​ ពួកគេ​ក៏​ដឹង​អំពី​សេចក្ដី​ដែល​ខ្ញុំ​បាន​និយាយ​ដែរ»។​

22. ប៉ុន្ដែ​ពេល​ព្រះអង្គ​មាន​បន្ទូល​ អំពី​សេចក្ដី​ទាំងនេះ​ ឆ្មាំ​ព្រះវិហារ​ម្នាក់​ដែល​ឈរ​ជិត​នោះ​បាន​ទះ​កំផ្លៀង​ព្រះយេស៊ូ​ ទាំង​និយាយ​ថា៖​ «ឯង​ឆ្លើយ​ជាមួយ​សម្តេច​សង្ឃ​យ៉ាង​ដូច្នេះ​ឬ?»​

23. ព្រះយេស៊ូ​ឆ្លើយ​ទៅ​អ្នក​នោះ​ថា៖​ «បើ​ខ្ញុំ​និយាយ​អាក្រក់​មែន​ ចូរ​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​អាក្រក់​នោះ​ចុះ​ ប៉ុន្ដែ​បើ​ល្អ​វិញ​ តើ​ហេតុអ្វី​បាន​ជា​អ្នក​វាយ​ខ្ញុំ?»​

24. ពេល​នោះ​លោក​ ​អាណ​ ក៏​បញ្ជូន​ព្រះអង្គ​ទាំង​ជាប់​ចំណង​ទៅ​សម្តេច​សង្ឃ​កៃផា។​

25. ពេល​នោះ​ពួកគេ​បាន​សួរ​លោក​ស៊ីម៉ូនពេត្រុស​ ដែល​កំពុង​ឈរ​អាំង​ភ្លើង​ថា៖​ «តើ​អ្នក​មិនមែន​ជា​សិស្ស​ម្នាក់​របស់​អ្នក​នោះ​ដែរ​ទេ​ឬ?»​ គាត់​ក៏​បដិសេធ​ថា៖​ «ខ្ញុំ​មិនមែន​ទេ»។​

សូមអានជំពូកពេញលេញ យ៉ូហាន 18