1. កាលព្រះយេស៊ូមានបន្ទូលអំពីសេចក្ដីទាំងនោះរួចហើយ ព្រះអង្គក៏ចាកចេញជាមួយពួកសិស្សរបស់ព្រះអង្គ ហើយបានឆ្លងជ្រលងកេដ្រុន។ នៅទីនោះមានសួនច្បារមួយ ហើយព្រះអង្គបានយាងជាមួយពួកសិស្សរបស់ព្រះអង្គទៅក្នុងសួនច្បារនោះ
2. យូដាស ជាអ្នកក្បត់ព្រះអង្គបានស្គាល់កន្លែងនោះដែរ ព្រោះព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គជួបជុំគ្នាជាញឹកញាប់នៅ ទីនោះ។
3. ដូច្នេះពេលយូដាសបានទទួលកងទាហានរ៉ូម និងពួកឆ្មាំព្រះវិហារពីពួកសម្តេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ីរួចហើយ ក៏ទៅទីនោះដោយមានកាន់គោម ចន្លុះ និងអាវុធផង។
4. ព្រះយេស៊ូបានជ្រាបអំពីអ្វីៗដែលនឹងកើតឡើងចំពោះព្រះអង្គ នោះព្រះអង្គក៏យាងចេញមក ហើយមានបន្ទូលទៅពួកគេថា៖ «តើអ្នករាលគ្នារកអ្នកណា?»
5. ពួកគេទូលទៅព្រះអង្គថា៖ «រកយេស៊ូជាអ្នកក្រុងណាសារ៉ែត»។ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «គឺខ្ញុំនេះហើយ!» ឯយូដាសដែលជាអ្នកក្បត់ព្រះអង្គក៏ឈរជាមួយពួកគេដែរ។
6. ពេលព្រះអង្គមានបន្ទូលទៅពួកគេថា៖ «គឺខ្ញុំនេះហើយ» នោះពួកគេក៏ថយក្រោយ ហើយដួលទៅលើដី។
7. ដូច្នេះព្រះអង្គមានបន្ទូលទៅពួកគេម្តងទៀតថា៖ «តើអ្នករាល់គ្នារកអ្នកណា?» ពួកគេទូលឆ្លើយថា៖ «រកយេស៊ូជាអ្នកក្រុងណាសារ៉ែត»
8. ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយថា គឺខ្ញុំនេះហើយ ដូច្នេះបើអ្នករាល់គ្នារកខ្ញុំ ចូរឲ្យអ្នកទាំងនេះទៅចុះ!»
9. ដូច្នេះក៏បានសម្រេចតាមពាក្យដែលព្រះអង្គបានមានបន្ទូលថា៖ «ក្នុងចំណោមអស់អ្នកដែលព្រះអង្គបានប្រទានដល់ខ្ញុំ គ្មានអ្នកណាម្នាក់ត្រូវវិនាសឡើយ»។
10. រីឯលោកស៊ីម៉ូនពេត្រុស គាត់មានដាវមួយ គាត់ក៏ហូតដាវនោះកាប់បាវបម្រើរបស់សម្តេចសង្ឃម្នាក់ ហើយកាត់ដាច់ត្រចៀកស្តាំរបស់បាវបម្រើនោះ។ បាវបម្រើនោះមានឈ្មោះថាម៉ាលកុស។
11. ព្រះយេស៊ូមានបន្ទូលទៅលោកពេត្រុសថា៖ «ចូរដាក់ដាវទៅក្នុងស្រោមវិញទៅ តើមិនត្រូវឲ្យខ្ញុំផឹកពីពែងដែលព្រះវរបិតាបានប្រទានឲ្យខ្ញុំទេឬ?»
12. ពេលនោះ កងទាហានរ៉ូម និងមេទ័ពធំ ព្រមទាំងពួកឆ្មាំព្រះវិហាររបស់ជនជាតិយូដាបានចាប់ចងព្រះយេស៊ូ
13. ហើយនាំទៅឲ្យលោកអាណជាមុន ដ្បិតគាត់ជាឪពុកក្មេករបស់លោកកៃផាដែលជាសម្តេចសង្ឃនៅឆ្នាំនោះ។
14. លោកកៃផានេះហើយដែលបានឲ្យយោបល់ទៅជនជាតិយូដាថា បើមានមនុស្សម្នាក់ស្លាប់ជំនួសប្រជាជន នោះជាការប្រសើរហើយ។
15. លោកស៊ីម៉ូនពេត្រុស និងសិស្សម្នាក់ទៀតបានទៅតាមព្រះយេស៊ូ ហើយសម្តេចសង្ឃស្គាល់សិស្សម្នាក់នោះ ដូច្នេះសិស្សម្នាក់នោះក៏ចូលទៅក្នុងសាលារបស់សម្តេចសង្ឃជាមួយព្រះយេស៊ូ