គម្ពីរសញ្ញាថ្មី

យ៉ូហាន 17:16-26 Khmer Christian Bible (KCB)

16. ដូច្នេះ​ពួកគេ​មិន​មែន​ជា​របស់​លោកិយ​នេះ​ ដូច​ដែល​ខ្ញុំ​មិន​មែន​ជា​របស់​លោកិយ​នេះ​ដែរ​

17. សូម​ញែក​ពួកគេ​ជា​បរិសុទ្ធ​ដោយ​សេចក្ដី​ពិត​ ដ្បិត​ព្រះបន្ទូល​របស់​ព្រះអង្គ​ជា​សេចក្ដី​ពិត។​

18. ខ្ញុំ​ចាត់​ពួកគេ​ឲ្យ​ទៅ​ក្នុង​លោកិយ​នេះ​ ដូច​ដែល​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ក្នុង​លោកិយ​នេះ​ដែរ។​

19. រីឯ​ខ្ញុំ​វិញ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ​សម្រាប់​ពួកគេ​ ដើម្បី​ឲ្យ​ពួកគេ​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ដោយ​សេចក្ដី​ពិត​ដែរ។​

20. ខ្ញុំ​មិន​សុំ​សម្រាប់​តែ​អ្នក​ទាំងនេះ​ប៉ុណ្ណោះ​ទេ​ គឺ​សម្រាប់​អស់​អ្នក​ដែល​បាន​ជឿ​ខ្ញុំ​ដោយសារ​ពាក្យ​របស់​ពួកគេ​ដែរ​

21. ដើម្បី​ឲ្យ​ទាំង​អស់​គ្នា​ត្រលប់​ជា​តែ​មួយ​ ឱ​ព្រះវរបិតា​អើយ!​ ព្រះអង្គ​នៅ​ក្នុង​ខ្ញុំ​ ហើយ​ខ្ញុំ​នៅ​ក្នុង​ព្រះអង្គ​ជា​យ៉ាង​ណា​ សូម​ឲ្យ​ពួកគេ​នៅ​ក្នុង​យើង​យ៉ាងនោះ​ដែរ​ ដើម្បី​ឲ្យ​លោកិយ​នេះ​ជឿ​ថា​ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។​

22. សិរី​រុងរឿង​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ ខ្ញុំ​បាន​ឲ្យ​ពួកគេ​ ដើម្បី​ឲ្យ​ពួកគេ​បាន​ត្រលប់​ជា​តែ​មួយ​ដូច​យើង​ជា​តែ​មួយ​ដែរ​

23. គឺ​ខ្ញុំ​នៅ​ក្នុង​ពួកគេ​ ហើយ​ព្រះអង្គ​នៅ​ក្នុង​ខ្ញុំ​ ដើម្បី​ឲ្យ​ពួកគេ​បាន​គ្រប់លក្ខណ៍​រហូត​ត្រលប់​ជា​តែ​មួយ​ ដូច្នេះ​លោកិយ​នេះ​អាច​ដឹង​ថា​ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ ហើយ​ព្រះអង្គ​ស្រឡាញ់​ពួកគេ​ដូច​ដែល​ព្រះអង្គ​ស្រឡាញ់​ខ្ញុំ​ដែរ។​

24. ឱ​ព្រះវរបិតា​អើយ!​ ខ្ញុំ​ច ង់ឲ្យ​អស់​អ្នក​ដែល​ព្រះអ ង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ ​នៅ​ជាមួយ​ខ្ញុំ​ក្នុង​កន្លែង​ដែល​ខ្ញុំ​នៅ​ដើម្បី​ឲ្យ​ពួកគេ​ឃើញ​សិរី​រុងរឿង​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ ដ្បិត​ព្រះអង្គ​បាន​ស្រឡាញ់​ខ្ញុំ​តាំងពីមុន​កំណើត​លោកិយ។​

25. ឱ​ព្រះវរបិតា​ដ៏​សុចរិត​អើយ!​ លោកិយ​មិន​ស្គាល់​ព្រះអង្គ​ទេ​ ប៉ុន្ដែ​ខ្ញុំ​ស្គាល់​ព្រះអង្គ​ រីឯ​អ្នក​ទាំងនេះ​ក៏​ដឹង​ថា​ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ ឲ្យ​មក​ដែរ​

26. ដ្បិត​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ពួកគេ​ស្គាល់​ព្រះនាម​របស់​ព្រះអង្គ​ ហើយ​ធ្វើ​ឲ្យ​ពួកគេ​ដឹង​ថា​ សេចក្ដី​ស្រឡាញ់​ដែល​ព្រះអង្គ​បាន​ស្រឡាញ់​ខ្ញុំ​មាន​នៅ​ក្នុង​ពួកគេ​ ហើយ​ខ្ញុំ​ក៏​នៅ​ក្នុង​ពួកគេ​ដែរ»។​

សូមអានជំពូកពេញលេញ យ៉ូហាន 17