គម្ពីរសញ្ញាថ្មី

យ៉ូហាន 17:1-10 Khmer Christian Bible (KCB)

1. កាល​ព្រះយេស៊ូ​មាន​បន្ទូល​អំពី​សេចក្ដី​ទាំងនេះ​រួច​ហើយ​ ក៏​ងើយ​ព្រះនេត្រ​ទៅ​លើ​មេឃ​ ទាំង​មាន​បន្ទូល​ថា៖​ «ឱ ​ព្រះវរបិតា​អើយ!​ ពេល​កំណត់​បាន​មកដល់​ហើយ​ សូម​លើក​តម្កើង​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ឡើង​ ដើម្បី​ឲ្យ​ព្រះរាជ​បុត្រា​បាន​តម្កើង​ព្រះអង្គ​ដែរ​

2. ដ្បិត​ព្រះអង្គ​បាន​ប្រទាន​សិទ្ធិ​អំណាច​ដល់​ព្រះរាជ​បុត្រា​លើ​មនុស្ស​ទាំង​អស់​ ដើម្បី​ឲ្យ​ព្រះរាជ​បុត្រា​ប្រទាន​ជីវិត​អស់​កល្ប​ជានិច្ច​ដល់​អស់​អ្នក​ដែល​ព្រះវរបិតា​បាន​ប្រទាន​ដល់​ព្រះរាជ​បុត្រា​

3. ហើយ​ជីវិត​អស់​កល្ប​ជានិច្ច​នោះ​ គឺ​ឲ្យ​ពួកគេ​ស្គាល់​ព្រះអង្គ​ដែល​ជា​ព្រះ​ដ៏​ពិត​តែ​មួយ​ និង​ព្រះយេស៊ូ​គ្រិស្ដ​ដែល​ព្រះអង្គ​បាន​ចាត់​ឲ្យ​មក​

4. ខ្ញុំ​បាន​តម្កើង​ព្រះអង្គ​នៅ​ផែនដី​នេះ​ ហើយ​ខ្ញុំក៏​បាន​បង្ហើយ​កិច្ចការ​ដែល​ព្រះអង្គ​បាន​ប្រគល់​ឲ្យ​ខ្ញុំ​ធ្វើ​ដែរ​

5. ដូច្នេះ​ឱ​ព្រះវរបិតា​អើយ!​ សូម​តម្កើង​ខ្ញុំ​ជាមួយ​ព្រះអង្គ​ ដោយ​សិរី​រុងរឿង​ដែល​ខ្ញុំ​ធ្លាប់​មាន​ជាមួយ​ព្រះអង្គ​ តាំងពីមុន​កំណើត​ពិភពលោក។​

6. ខ្ញុំ​បាន​បង្ហាញ​ឲ្យ​ពួកអ្នក​ដែល​ព្រះអង្គ​បាន​ជ្រើសរើស​ពី​លោកិយ​ប្រទាន​ឲ្យ​ខ្ញុំ​នោះ​បាន​ស្គាល់​ព្រះនាម​របស់​ព្រះអង្គ​ហើយ។​ ពួកអ្នក​ទាំងនោះ​ជា​របស់​ព្រះអង្គ​ ហើយ​ព្រះអង្គ​បាន​ប្រទាន​ពួកគេ​ឲ្យ​ខ្ញុំ​ រួច​ពួកគេ​បាន​កាន់​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ។​

7. ឥឡូវ​នេះ​ពួកគេ​ដឹង​ហើយ​ថា​ អ្វីៗ​ទាំង​អស់​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ គឺ​មកពី​ព្រះអង្គ​

8. ដ្បិត​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​នោះ​ ខ្ញុំ​បាន​ឲ្យ​ពួកគេ ​ហើយ​ពួកគេ​ក៏​ទទួល​យក ​ទាំង​ដឹង​ច្បាស់​ថា​ ខ្ញុំ​បាន​មកពី​ព្រះអង្គ​ និង​ជឿ​ថា​ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។​

9. ហើយ​ខ្ញុំ​សុំ​សម្រាប់​ពួកគេ​ មិន​មែន​សម្រាប់​លោកិយ​នេះ​ទេ​ គឺ​សម្រាប់​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ ព្រោះ​ពួកគេ​ជា​របស់​ព្រះអង្គ​

10. រីឯ​អ្វីៗ​ទាំង​អស់​ដែល​ជា​របស់​ខ្ញុំ​ គឺ​ជា​របស់​ព្រះអង្គ​ ហើយ​អ្វីៗ​ដែល​ជា​របស់​ព្រះអង្គ​ក៏​ជា​របស់​ខ្ញុំ​ដែរ​ ដូច្នេះ​ខ្ញុំ​ត្រូវ​បាន​តម្កើង​ឡើង​ក្នុង​ចំណោម​ពួកគេ។​

សូមអានជំពូកពេញលេញ យ៉ូហាន 17