គម្ពីរសញ្ញាថ្មី

យ៉ូហាន 16:21-33 Khmer Christian Bible (KCB)

21. ដ្បិត​ពេល​ស្រ្ដី​សម្រាល​កូន​ នាង​ព្រួយ​ចិត្ដ​ ព្រោះ​​ពេល​កំណត់​របស់​នាង​មក​ដល់​ ប៉ុន្ដែ​ពេល​សម្រាល​កូន​ហើយ​ នាង​ក៏​លែង​នឹក​ចាំ​ពី​សេចក្ដី​វេទនា​ទាំងនោះ​ទៀត​ហើយ​ ព្រោះ​មាន​អំណរ​ដែល​មនុស្ស​ម្នាក់​បាន​កើត​មក​ក្នុង​ពិភពលោក​នេះ។​

22. ឥឡូវ​នេះ​ អ្នក​រាល់គ្នា​ព្រួយ​ចិត្ដ​មែន​ ប៉ុន្ដែ​ខ្ញុំ​នឹង​ជួប​អ្នក​រាល់គ្នា​ម្តង​ទៀត​ ហើយ​ចិត្ត​របស់​អ្នក​រាល់គ្នា​នឹង​អរ​សប្បាយ​វិញ​ រួច​គ្មាន​អ្នកណា​ដក​យក​អំណរ​នេះ​ពី​អ្នក​រាល់គ្នា​បាន​ឡើយ​

23. ហើយ​នៅ​ថ្ងៃ​នោះ​អ្នក​រាល់គ្នា​លែង​សួរ​អ្វី​ខ្ញុំ​ទៀត​ហើយ។​ ដូច្នេះ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្វីៗ​ដែល​អ្នក​រាល់គ្នា​សុំ​ពី​ព្រះវរបិតា​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ​ នោះ​ព្រះអង្គ​នឹង​ប្រទាន​ដល់​អ្នក​រាល់គ្នា។​

24. រហូត​មក​ដល់​ពេល​នេះ​អ្នក​រាល់គ្នា​មិន​ដែល​បាន​សូម​អ្វី​ដោយ​នូវ​ឈ្មោះ​ខ្ញុំ​ទេ!​ ចូរ​សូម​ចុះ​ នោះ​អ្នក​រាល់គ្នា​នឹង​បាន​ ហើយ​អំណរ​របស់​អ្នក​រាល់គ្នា​នឹង​បាន​ពេញ​បរិបូរ។​

25. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​រឿង​ប្រៀប​ប្រដូច​អំពី​សេចក្ដី​ទាំងនេះ​ ប៉ុន្ដែ​កាល​ណា​ពេល​កំណត់​មក​ដល់​ ខ្ញុំ​លែង​និយាយ​នឹង​អ្នក​រាល់គ្នា​ជា​រឿង​ប្រៀប​ប្រដូច​​ទៀត​ហើយ​ ផ្ទុយ​ទៅ​វិញ​ ខ្ញុំ​នឹង​ប្រាប់​អ្នក​រាល់គ្នា​យ៉ាង​ច្បាស់​អំពី​ព្រះវរបិតា​

26. ហើយ​នៅ​ថ្ងៃនោះ​អ្នក​រាល់គ្នា​នឹង​សុំ​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​ប្រាប់​អ្នក​រាល់គ្នា​ថា​ ខ្ញុំ​នឹង​សុំ​ព្រះវរបិតា​ជំនួស​អ្នក​រាល់គ្នា​ទេ​

27. ដ្បិត​ព្រះវរបិតា​ផ្ទាល់​ស្រឡាញ់​អ្នក​រាល់គ្នា​ ព្រោះ​អ្នក​រាល់គ្នា​ស្រឡាញ់​ខ្ញុំ​ ហើយ​ជឿ​ថា​ខ្ញុំ​បាន​មកពី​ព្រះជាម្ចាស់។​

28. ខ្ញុំ​បាន​មកពី​ព្រះវរបិតា​ ហើយ​ចូល​មក​ក្នុង​លោកិយ​នេះ​ ដូច្នេះ​ខ្ញុំ​នឹង​ចេញ​ពី​លោកិយ​នេះ​ ហើយ​ទៅ​ឯ​ព្រះវរបិតា​វិញ»។​

29. ពួក​សិស្ស​របស់​ព្រះអង្គ​ទូល​ថា៖​ «មើល៍ ​ឥឡូវ​នេះ​ ព្រះអង្គ​មាន​បន្ទូល​ដោយ​ច្បាស់​លាស់​ មិន​បាន​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​ទៀត​ទេ​

30. ហើយ​ឥឡូវ​នេះ​ យើង​ដឹង​ថា​ ព្រះអង្គ​ជ្រាប​អំពី​អ្វីៗ​ទាំង​អស់​ដោយ​មិន​ចាំបាច់​មាន​អ្នកណា​ម្នាក់​សួរ​ព្រះអង្គ​ឡើយ​ ដូច្នេះ​ហើយ​យើង​ជឿ​ថា​ ព្រះអង្គ​បាន​មកពី​ព្រះជាម្ចាស់​មែន»។​

31. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ឥឡូវ​នេះ​ តើ​អ្នក​រាល់គ្នា​ជឿ​ហើយ​ឬ?​

32. មើល៍​ ពេល​កំណត់​ដែល​ត្រូវ​មក​ដល់​ នោះ​បាន​មក​ដល់​ហើយ​ គេ​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ខ្ចាត់ខ្ចាយ​ទៅ​រៀងៗ​ខ្លួន​ ហើយ​ទុក​ឲ្យ​ខ្ញុំ​នៅ​តែ​ឯង​ ប៉ុន្ដែ​ខ្ញុំ​មិន​នៅ​តែ​ឯង​ទេ​ ព្រោះ​ព្រះវរបិតា​គង់​នៅ​ជាមួយ​ខ្ញុំ។​

33. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំង​នេះ​ដើម្បី​ឲ្យ​អ្នករាល់គ្នា​មាន​សេចក្ដី​សុខសាន្ត​ដោយសារ​ខ្ញុំ។​ អ្នក​រាល់គ្នា​មាន​សេចក្ដី​វេទនា​នៅ​ក្នុង​លោកិយ​នេះ​មែន​ ប៉ុន្ដែ​ចូរ​អរ​សប្បាយ​ឡើង​ ដ្បិត​ខ្ញុំ​ឈ្នះ​លោកិយ​នេះ​ហើយ»។​

សូមអានជំពូកពេញលេញ យ៉ូហាន 16